ខេត្តបាត់ដំបង ៖ បើតាមមន្ត្រីចរាចរណ៍បានឲ្យដឹងថា បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ ខណ:ដែលគាត់កំពុងជិះម៉ូតូ ហើយត្រូវរថយន្តបុកពីក្រោយពេលធ្វើដំណើរស្របទិសគ្នា កាលពីម៉ោង១១យប់ ថ្ងៃទី០១ កក្កដា នៅត្រង់ចំណុចផ្លូវប្រសព្វ ក្បែរសាលាបឋមសិក្សានំក្រៀប ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
ជនរងគ្រោះខាងលើឈ្មោះ សន្តិ រដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃរកា ឃុំអូរដំបង១ ស្រុកសង្កែ។

មន្ត្រីចរាចរណ៍បាននិយាយថា រថយន្តបង្កម៉ាកឡិចស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-4926 តែមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរទេ ព្រោះក្រោយពីបើកបុកមនុស្សស្លាប់ហើយ អ្នកបើកបរបានរត់ចោលរថយន្តបាត់ស្រមោល។
បើតាមមន្ត្រីដដែលប្រាប់បន្តថា អ្នកបើកបររថយន្តនេះ ទំនងជាស្រវឹងហើយបើកបុកជនរងគ្រោះដែលកំពុងជិះម៉ូតូក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង តែគេមិនទាន់ដឹងថា ពេលនោះជនរងគ្រោះអាចស្រវឹងដែរឬយ៉ាងណានោះទេ?

ទោះយ៉ាងណា ក្រោយពីបានចុះអន្តរាគមន៍ និងវាស់វែងកន្លែងកើតហេតុ មន្ត្រីជំនាញបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តដើម្បីដោះស្រាយតាមនីតិវិធីហើយ ខណ:សាកសពជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារមកទទូលយកទាំងយប់ផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ