ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​អាប់ឱន​ក៏​ព្រោះ​អ្នកបួស​ខិលខូច​មួយ​ចំនួន​តូច

4 ឆ្នាំ មុន

ពុទ្ធបរិស័ទ​បួន​ពួក​គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា​ហ្នឹងហើយ​ជា​អ្នក​ជ្រោង ជា​គ្រឹះ​ដ៏​រឹង​មាំ​ទល់​ទ្រ​ព្រះពុទ្ធ​សាសនា​ឱ្យ​ខ្ពស់ត្រដែត​ដោយ​ការ​គោរព​ធម៌​វិន័យ សង្រួម​ឥន្ទ្រិយ ប្រតិបត្តិ​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ប្រយោជន៍​សាសនា​រឹង​មាំ ។ ព្រះសង្ឃ​ជា​ភេទ​ខ្ពង់ខ្ពស់…

ពុទ្ធបរិស័ទ​បួន​ពួក​គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា​ហ្នឹងហើយ​ជា​អ្នក​ជ្រោង ជា​គ្រឹះ​ដ៏​រឹង​មាំ​ទល់​ទ្រ​ព្រះពុទ្ធ​សាសនា​ឱ្យ​ខ្ពស់ត្រដែត​ដោយ​ការ​គោរព​ធម៌​វិន័យ សង្រួម​ឥន្ទ្រិយ ប្រតិបត្តិ​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ប្រយោជន៍​សាសនា​រឹង​មាំ ។

ព្រះសង្ឃ​ជា​ភេទ​ខ្ពង់ខ្ពស់ និង​ជា​ស្រែបុណ្យ​របស់​ពុទ្ធបរិស័ទ​អ្នក​ផ្ញើ​ទាន តែបើ​បែរជា​អ្នកបួស​ខ្លះ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ​ដ៏​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​តម្លៃ​ឧត្តមភេទ​ធ្លាក់​ចុះ​ពិបាក​នឹង​ស្តារ​ឡើង​វិញ ចំណែក​ព្រះពុទ្ធ​សាសនា​ក៏​នឹង​ត្រូវ​អាប់ឱន​ទៅ​ព្រោះ​អ្នក​ប្រព្រឹត្ត​ខុស​ទាំងនោះ ។

ជាក់ស្តែង​ព័ត៌មាន​ដែល​ទើប​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ករណី​លេច​ធ្លាយ​រូបថត​ព្រះ​គ្រូ​ចៅអធិការ​វត្ត​១​អង្គ​នៅ​លើ​គ្រែ​ជាមួយនឹង​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ហើយ​ត្រូវ​បាន​បណ្តាញ​សង្គម​បង្ហោះ​ព្រោងព្រាត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

ចំណែក​មន្ត្រី​សង្ឃ​ដែល​ចូល​ទៅ​ជំនុំជម្រះ​ករណី​នេះ​ហាក់ដូចជា​មិន​ទាន់​ឃើញ​បាន​សម្រេច​អ្វី​ជា​ដុំ​កំភួន​សោះ​ថា​តើ​រូបថត​ដែល​លេច​ធ្លាយ​នោះ​ជា​រូប​ពិត ឬ​ជា​រូប​កាត់ត​ឱ្យ​ប្រាកដ​មួយ​ណា​នៅឡើយ​ទេ ក៏​ស្ងាត់ឈឹង​ទៅ​វិញ​មហាជន​កំពុង​តែ​ងឿងឆ្ងល់ ។

ឯ​ជន​ពួក​ខ្លះ​ទៀត ខ្លួន​មិនមែន​ជា​អ្នកបួស​ទេ តែ​ក្លែង​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត រៃ​លុយ​ពី​អ្នកស្រុក​យ៉ាង​គឃ្លើន​ជា​ហេតុ​នាំ​ឱ្យ​រង្កៀស​ចិត្ត​ដល់​អ្នកមាន​សទ្ធា ។

នេះ​ជា​រឿង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​នៃ​ព្រះពុទ្ធ​សាសនា ដែល​កើត​ចេញពី​អ្នកបួស​ខិលខូច​មួយ​ចំនួន​តូច​ប្រព្រឹត្ត​ប្រាសចាក​ធម៌​វិន័យ ដែល​ករណី​ទាំង​អស់នេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​គួរ​នៅ​ស្ងៀម​នោះ​ទេ គប្បី​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ