ខេត្តបាត់ដំបង ៖ លោកតា សួង ជាព្រះនាមដែលប្រជាជនបានដាក់ឲ្យថា លោកឪ ជាទេវតាដើរដីរបស់ខ្មែរ បានជួយព្យាបាលដល់មនុស្សលោកទូទៅតាមតំបន់ជនបទព្រៃភ្នំគ្រប់ទីកន្លែង នៅតំបន់ជួរភ្នំដងរែក ។ ដែលលោកឪ សួង ឬលោកតា សួង គឺជាកូនរបស់លោកតា ឈួន និងលោកយាយ ស៊ន ដែលជាអ្នកស្រុកគូលេនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ហើយលោកតា ឈួន ដែលជាឪពុកបានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ៨០ឆ្នាំ ។

លោកតា សួង ប្រសូត្រនៅភូមិគូលេន ស្រុកគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ ដែលមានបងប្អូនបង្កើតចំនួន៥នាក់ ។ កាលពីអាយុ១០ឆ្នាំ កុមារ សួង តែងតែសុំឪពុកម្តាយទៅបួស តែដោយឃើញកុមារសួង នៅតូចពេកឪពុកម្តាយមិនទាន់អនុញ្ញាតអោយទៅបួសទេ ។ លុះកុមារសួង អាយុ១៥ឆ្នាំ ឪពុកម្តាយក៏បានអនុញ្ញាតអោយទៅបួសបានបួសជាសាមណរ និងជាភិក្ខុ នៅវត្តគូលេនព្រហ្មទេព ។

ក្រោយមកភិក្ខុសួង បានចាកចេញពីវត្តទៅធ្វើធុង្គរុក្ខមូលនៅលើកំពូលភ្នំត្បែងមានជ័យ ដោយពេលវេលាបានអូសបន្លាយមកប្រមាណ២០ឆ្នាំក្រោយមក នៅឆ្នាំ១៩៧០ លោកតា សួង (បានក្លាយជាសេនាដៃឆ្វេង) រួមជាមួយគ្រូក្មេង ឬសេនាដៃស្តាំ (ជំនាញខាងយោធា) បានចុះមកបង្ហាញខ្លួនជាលើកដំបូងនៅក្នុងភូមិកំណើតរបស់លោក ដើម្បីទៅថ្វាយបង្គំឪពុកម្តាយ និងសួរសុខទុក្ខញាតិញោម ។ ជារឿយៗលោកតា តែងនិមន្តទៅប្រោសសត្វគ្រប់ទីកន្លែង ក្នុងទឹកដីខ្មែរបច្ចុប្បន្ន និងទឹកដីខ្មែរកាលពីអតីត (ជាពិសេសនៅខេត្តស៊ីសាកេតប្រទេសថៃ) ។ នៅពេលស្លៀកស ពាក់ស លោកតា គឺជាតាបស នៅពេកស្លៀកស្បង់ចីវរ លោកតា គឺជាលោកធុតង្គ ។

ជនជាតិសៀម និងខ្មែរខាងលើគោរពលោកតាណាស់ ដែលគេតែងតែហៅលោកតាថា «ទេវតាដើរដី ឬទេវតាលេងដី (เทวดาเดินดิน หรือ เทวดาเล่นดิน )»។ សូម្បីតែស្តេចសៀមក៏គោរពលោកដែរ ពីព្រោះលោកតា សួង បានមើលជំងឺ បុត្រីស្តេចសៀមឲ្យបានជា ដែលវេជ្ជបណ្ឌិតអាល្លឺម៉ង់មិនអាចមើលជា ។ លោកតាចេះយ៉ាងច្បាស់លាស់នូវវិជ្ជាព្យាបាលជម្ងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអ៊ែរក្នុងរុក្ខជាតិដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ ។ លោកតាតែងប្រើវិជ្ជានេះ ដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅមានជនជាតិសៀមជាច្រើនចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះមានញាណ បេះដូង ជាពូជពង្សខ្មែរទើបអាចមាននិស្ស័យរៀនបាន ។

លោកតាបានចូលសមាបត្តិនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៩ សព្វថ្ងៃព្រះរូបរបស់លោកតាត្រូវបានតម្កល់ទុកនៅវត្តផ្រៃផាត់តាណា (ไพรพัฒนา) ស្រុកភូស៊ិង (อำเภอภูสิงห์) ខេត្តស៊ីសាកេត (จังหวัดศรีสะเกษ) ប្រទេសថៃ ។ សព្វថ្ងៃ ព្រះរូបរបស់លោកតាពូកែស័ក្ដិសិទ្ធិខ្លាំងណាស់រហូតដល់ជនជាតិថៃគ្រប់គ្នាគោរពបូជាយ៉ាងក្រៃលែង ដូចជា ព្រះអាទិទេព ដោយបានសរសេរពាក្យស្លោកថា (ទេវតាដើរដី) (រុក្ខជាតិល្អ និងដីល្អ) ។ លោកតា សួង មានសិស្សប្អូនមួយអង្គកំពុងនៅមានព្រះជន្មនៅឡើយ ព្រះនាមលោកតា សាន ដែលសព្វថ្ងៃនេះ គង់នៅវត្តទឹកជុំ នៃប្រទេសកម្ពុជា ។

ចំពោះអ្នកនៅកម្ពុជាមិនសូវបានស្គាល់លោកតា សួង ទេ ចំណែកអ្នកស្រុកភ្នំគូលេង ភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ តែងតែនែនាំកូនចៅចូលនាំគ្នាគោរពនឹកគុណដល់លោកតា សួង អ្នកសច្ចំភ្នំត្បែងមានជ័យ ស្រុកគូលែន ខេត្តព្រះវិហារ និងសូមឲ្យលោកតាជួយតាមថែរក្សាជនជាតិខ្មែរ និងប្រទេសកម្ពុជា ឱ្យជួបតែសេចក្ដីសុខសេចក្តីចម្រើនជារៀងដរាបតរៀងទៅ! ចូរចៅៗនាំគ្នាគោរពដឹងគុណមាតាបិតា គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ដើម្បីឲ្យជីវិតចៅៗកាន់តែរុងរឿងបន្តទៀត ៕ កែសម្រួលដោយ៖ សុឃាក់


ចែករំលែកព័តមាននេះ