ធនាគារអភិវឌ្ឍន៍អាស៊ី​បន្ត​ជម្រុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដែល​នៅ​មាន​កម្រិត​ទាប


រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ក៏​ដោយ ប៉ុន្តែ​ការ​ផ្តល់​អាទិភាព​លើ​វិស័យ​កសិកម្ម ដែល​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ហាក់ដូចជា​នៅ​មាន​កម្រិត បើ​ធៀប​ទៅ​នឹង​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់ដេរ​។

យោង​តាម​របាយការណ៍​វាយតម្លៃ​ឯករាជ្យ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា​ម្សិលមិញ បានឱ្យ​ដឹង​ថា ADB នឹង​ត្រូវ​ធ្វើការ​វិវឌ្ឍន៍ និង​ពង្រីក​កិច្ច​គាំទ្រ​របស់​ខ្លួន ចំពោះ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង ទាក់ទាញ​ឱ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ពី​វិស័យ​ឯកជន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​ដែល​កំពុង​មាន​ចំនួន​កើនឡើង​នៅ​តំបន់​ទីក្រុង ។

លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា «​នៅ​ក្នុង​កិច្ច​ខិតខំ​ក្នុង​ការ​ជម្រុញ​ការ​ចូលរួម​របស់​យើង​នៅ​ក្នុង​វិស័យ​កសិកម្ម គេ​ចាំបាច់​ត្រូវ​ស្វែងរក​មេរៀន​នានា និង រៀនសូត្រ​ពី​បទ​ពិសោធន៍​របស់​គម្រោង​ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក​។ មេរៀន​មួយ ដែល​បាន​ធ្វើ​ឱ្យ​សមិទ្ធិ​កម្ម​មាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ គឺជា​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ការ​ដោះស្រាយ​បរិបទ​ពិបាក​ៗ​នៅ​ក្នុង វិស័យ​កម្ម ព្រមទាំង​ភាព​ស្មុគស្មាញ​ក្នុង​ការ​រចនា​គម្រោង​»​។

តាម​របាយការណ៍​វាយតម្លៃ​ឯករាជ្យ ការ​ខិតខំ​របស់ ADB ក្នុង​ការ​ពង្រឹង​ខ្សែ​សង្វា​ក់​តម្លៃ​កសិកម្ម​របស់​កម្ពុជា តាម​រយៈ​កំណែទម្រង់​គោលនយោបាយ គឺជា​សកម្មភាព​មួយ​ដែល​មាន​សក្តានុពល​។ ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជ​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​ដែល​ធន់​នឹង​អាកាសធាតុ ដែល​កំពុង​បន្ត​អនុវត្ត ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ខេត្តបាត់ដំបង កំពង់ធំ និង​ព្រៃវែង ក្នុង​ការ​បង្កើន​ផលិតកម្ម និង ប្រសិទ្ធ​ផល ព្រមទាំង​ខ្សែ​សង្វា​ក់​តម្លៃ​ស្រូវ​-​អង្ករ និង​ដោះស្រាយ ឧបសគ្គ​រាំងស្ទះ​ផ្នែក​គោលនយោបាយ​សម្រាប់​ខ្សែ​សង្វា​ក់​តម្លៃ​ទាំងនេះ​ឱ្យ​បំពេញ​មុខងារ​ដោយ​រលូន ។ នេះ​គឺជា ចំណែក​មួយ​នៃ​ក្រុម​គម្រោង​ខ្សែ​សង្វា​ក់​តម្លៃ​ដែល​គាំទ្រ​ដោយ ADB នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ជិតខាង ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​កសិកម្ម នៅ​តាម​តំបន់​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បណ្តោយ​របៀង​ដឹក​ជញ្ជូន​នៃ​មហា​អនុ​តំបន់​មេគង្គ ។

លោកស្រី Véronique Salze-Lozac’h អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់ ADB មាន​ប្រសាសន៍​ថា «​ការ​បន្ត​ផ្តោត​កិច្ច​គាំទ្រ​លើ​ផលិតកម្ម​កសិកម្ម និង​សន្តិសុខ​ស្បៀង ព្រមទាំង​ការ​កសាង និង​កែ​លម្អ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ គឺ​មិន​គ្រប់គ្រាន់​ឡើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មានការ​វិវឌ្ឍន៍​ឥត​ឈប់​ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី​»​។ លោកស្រី​បាន​បន្ត​ថា​«​ប្រព័ន្ធ​កសិកម្ម​នៅ​ក្នុង​តំបន់ ផ្តោត​កាន់តែ​ខ្លាំង​ទៅ​លើ​ខ្សែ​សង្វា​ក់​តម្លៃ ហើយ​វិស័យ​ឯកជន​ក៏​កំពុង​តែ​មាន​ឥទ្ធិពល និង​ការ​ទទួលខុសត្រូវ​កាន់តែ​ខ្លាំង​ផង​ដែរ ចំពោះ​ផលិតកម្ម និង​សន្តិសុខ​ស្បៀង ។ កិច្ច​គាំទ្រ​ចំពោះ​វិស័យ​កសិកម្ម​ពី​សំណាក់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ត្រូវ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ជាង​នេះ ព្រមទាំង​ត្រូវ​ពិចារណា​លើ​បញ្ហា​ដទៃ​ទៀត បន្ថែម​ពីលើ បញ្ហា​ផលិតកម្ម​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ