ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីទទួលស្វាគមន៍ និងដង្ហែយ៉ាងឱឡារិក ដើម្បីអបអរសាទរ ការវិលត្រឡប់មកមាតុប្រទេសវិញ របស់វីរកងទ័ពខ្មែរចំនួន ៤រូប ក្នុងចំណោម នៃយោធិនសរុប១៨រូប ទើបត្រូវបានដោះលែងពីការឃុំឃាំងនៅប្រទេសថៃ អស់រយៈពេល ១៥៥ថ្ងៃ ។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត
និងមេបញ្ជាការមេបញ្ជាការរងយោធភូមិភាគទី១ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់សែននាក់ ដែលបានមកសម្តែងការគាំទ្រ និងមោទនភាពជាតិយ៉ាងកក់ក្តៅ ។
ការដង្ហែស្វាគមន៍ត្រូវបានរៀបចំតាមដងផ្លូវសំខាន់ៗក្នុងក្រុងស្ទឹងត្រែង ក្នុងបរិយាកាសពោរពេញដោយទង់ជាតិខ្មែរ អមដោយភ្លេងជាតិ និងការសាទរយ៉ាងអធិកអធម ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តបានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាច ក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់របស់វីរកងទ័ពទាំង ៤រូប។ ការវិលត្រឡប់មកមាតុភូមិវិញរបស់ពួកគេ មិនត្រឹមតែជាក្តីរីករាយសម្រាប់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរួមរបស់ប្រជាជនខេត្តស្ទឹងត្រែង និងប្រជាជនកម្ពុជាទាំងមូលផងដែរ ។
ពិធីទទួលស្វាគមន៍នេះ ត្រូវបានចាត់ទុកថា ជានិមិត្តរូប នៃសាមគ្គីភាព សន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកងទ័ព ដែលជាកម្លាំងស្នូលក្នុងការការពារជាតិ ស្របតាមការធានាដ៏មុតមាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានមានប្រសាសន៍ថា ៖ «យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ» ។
គួររំឭកថា ការដោះលែងយោធិនខ្មែរទាំង ១៨រូបនេះ គឺស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិ
ភាពរវាងកម្ពុជា–ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងល្អ និងសន្តិភាពអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ ៕









ចែករំលែកព័តមាននេះ