ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សិទ្ធិ​មនុស្ស​កម្ពុជា ​៖ ភាគរយ​តិច​ណាស់ ​ដែល​អាច​នឹង​ផ្ទុះអាវុធ​ជា​លើក​ទី​៣ ​រវាង​កម្ពុជា-​ថៃ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​លើក​ឡើង​ថា ​ភាគរយ​តិច​ណាស់ ​ដែល​អាច​នឹង​ផ្ទុះអាវុធ​ជា​លើក​ទី​៣ ​រវាង​កម្ពុជា​-​ថៃ ហើយ​បើមាន​ពិត ​ថៃ​នឹង​ខាតបង់​កាន់តែ​ខ្លាំង​ ។…

រាជធានី​ភ្នំពេញ ៖​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​លើក​ឡើង​ថា ​ភាគរយ​តិច​ណាស់ ​ដែល​អាច​នឹង​ផ្ទុះអាវុធ​ជា​លើក​ទី​៣ ​រវាង​កម្ពុជា​-​ថៃ ហើយ​បើមាន​ពិត ​ថៃ​នឹង​ខាតបង់​កាន់តែ​ខ្លាំង​ ។

ឯកឧត្តម កែវ រ៉េ មី ប្រធាន​គណៈ​ក​ម្មា​ធិការ​សិទ្ធិមនុស្ស​កម្ពុជា​ បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​៥ ខែមក​រា ឆ្នាំ​២០២៦​ថា ​មានការ​ជជែក​គ្នា​ថា សង្គ្រាម​លើក​ទី​៣ ​រវាង​ថៃ និង​កម្ពុជា ​អាច​នឹង​កើត​មាន​ឡើងជា​ថ្មី​ម្តងទៀត​ទេ ?

ឯកឧត្តម​បាន​លើក​ឡើង​ថា ​៖ សម្រាប់​ការ​វិភាគ​របស់ខ្ញុំ គឺ​ភាគរយ​តិច​ណាស់ ​ដែល​អាច​នឹង​ផ្ទុះអាវុធ​ជា​លើក​ទី​៣។ ពី​ព្រោះថា​សង្គ្រាម​ធ្វើ​ឲ្យ​ថៃ​ ខាតបង់​ច្រើន​ណាស់ ​ទាំង​ការ​ចំណាយ​ថវិកា​ធ្វើសង្គ្រាម សេដ្ឋកិច្ច​ធ្លាក់​ខ្លាំង ​បើ​ប្រៀបធៀប​ទៅ​នឹង​កំណើត​សេដ្ឋកិច្ច ​មុន​ពេល​ធ្វើសង្គ្រាម​ជាមួយ​កម្ពុជា​។ ប្រជាជន​ថៃ​ភាគច្រើន​ មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ទេ​។​ បើ​ថៃ​ នៅ​តែ​បន្ត​សង្គ្រាមនោះ​ថៃ​នឹង​ជួប​ការ​ទទួល​ទណ្ឌកម្ម​ការទូត រង​សម្ពាធ​អន្តរជាតិ រង​នូវ​បណ្តឹង​ជា​ច្រើន ​នៃ​ការ​បំពាន​លើ​ច្បាប់​អន្តរជាតិ ច្បាប់​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​ ។

ឯកឧត្តម​ បន្ថែម​ថា​ ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់ បញ្ហា​ផ្ទៃក្នុង​ នៅ​ក្នុង​នយោបាយ​ថៃ​ មាន​ភាព​ចម្រូងចម្រាស​ ដែល​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​យក​ប្រៀប​លើ​ការ​បោះ​ឆ្នោត ​ក្នុង​ខែ០២​នេះ ។

ពាក់ព័ន្ធ​សមាជិក​អាស៊ាន​វិញ​ ឯកឧត្តម​បាន​លើក​ឡើង​ថា ​នៅ​ក្នុង​សហគមន៍​អាស៊ាន ​មិន​គាំទ្រ ​ឲ្យ​មាន​ជម្លោះ​នៅ​ក្នុង​សមាជិក​អាស៊ាន​ខ្លួនឯង ​។

ជាមួយ​គ្នា​នោះ​ដែរ​ មេ​សិទ្ធិ​មនុស្ស​កម្ពុជា ​ក៏​បាន​លើក​ឡើង​ថា​ ទោះបីជា​ថៃ​ កាន់កាប់​ដី​ដោយ​ខុសច្បាប់​ បាន​មក​ពី​ការ​ធ្វើសង្គ្រាម​ជាមួយ​កម្ពុជា​ ក៏​ដោយ​ ក៏​ថៃ​មិន​អាច​គ្រប់គ្រង​ដែនដី​បាន​យូរ​នោះ​ទេ ​។

ឯកឧត្តម​ បានបញ្ជាក់​ថា​ ជា​សរុបសេចក្តី​មក សង្គ្រាម​លើក​ទី​៣ ​អាច​នឹង​មិនកើត​មាន​ក្នុង​រយៈ​ពេល​នេះ​បាន​ទេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ