រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០២៥នេះ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រមាណ ៥០០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាម ក្នុងប្រធានបទ ‹ផ្ដល់ឈាមដើម្បីជួយសង្គ្រោះប្រជាជន និងដឹងគុណដល់វីរកងទ័ព›។ ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រព្រឹត្តទៅដោយមានការសហការ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រាសាសន៍ចាប់អារម្មណ៍ក្នុងពិធីបើកថា ‹ការផ្ដល់ឈាមគឺជាការធ្វើអំណោយទានជីវិត› របស់សប្បុរសជន ពោលគឺការផ្ដល់ឈាមដោយមិនគិតថ្លៃ និងរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស ។
ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងពិធីបរិច្ចាគឈាមដែរថា កម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះ គឺជាកម្មវិធីលើកទី១ ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសហការរៀបចំឡើង ដោយមានអ្នកចូលរួមបរិច្ចាគឈាមចំនួនប្រមាណ ៥០០ នាក់ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវចំពោះសង្គម។ ការចូលរួមដ៏ច្រើននេះ បានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្តសប្បុរស និងការយល់ដឹងខ្ពស់របស់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ និយាយដោយឡែកបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះការរួមចំណែកសង្គ្រោះជីវិតមនុស្ស ។
មានប្រាសាន៍បើកពិធីបរិច្ចាគឈាមនេះដែរ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍រំឭកប្រវត្តិនៃការបរិច្ចាគថា ការបរិច្ចាគឈាមបានចាប់ផ្តើមអភិវឌ្ឍឡើងជាលក្ខណៈវិទ្យាសាស្ត្រនៅដើមសតវត្សទី២០ បន្ទាប់ពីការរកឃើញប្រភេទឈាម និងការអភិវឌ្ឍបច្ចេកទេសក្នុងការរក្សាទុក និងផ្ទេរឈាមដោយសុវត្ថិភាព។ ចាប់តាំងពីពេលនោះមកការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវបានទទួលស្គាល់ជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ និងត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយដោយអង្គការសុខភាពពិភពលោកក្នុងការរួមចំណែកសង្គ្រោះជីវិតមនុស្ស និងគាំទ្រដល់សុវត្ថិភាពឈាមក្នុងប្រព័ន្ធសុខាភិបាល ។
ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា ការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ រួមជាមួយសប្បុរសជននានា មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមទាំងមូលផងដែរ ‹ឈាមមួយដបដែលយើងបរិច្ចាគនៅថ្ងៃនេះ អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ ឬច្រើននាក់›។ ឯកឧត្ដមប្រធានក៏បានដាក់ប្រធានបទពិធីនៅថ្ងៃនេះថា ‹ផ្ដល់ឈាមដើម្បីជួយសង្គ្រោះប្រជាជន និងដឹងគុណដល់វីរកងទ័ព› ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ពីអត្ថប្រយោជន៍នៃការផ្ដល់ឈាមផងដែរថា ការផ្ដល់ឈាមមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ ៣ សំខាន់ ៖
១. អត្ថប្រយោជន៍ផ្ទាល់ខ្លួន៖ (i)ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង ឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ល។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងរក្សាសម្ងាត់ជូន។ (ii)ជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា។ (iii) កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។ (iv)ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ (v) អ្នកនឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់ សម្រាប់វេជ្ជបណ្ឌិត ក្នុងការសង្គ្រោះជីវិតអ្នកជំងឺ។
២. អត្ថប្រយោជន៍សម្រាប់សង្គមជាតិ៖ ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ល្អប្រពៃសម្រាប់សង្គមជាតិ ការបរិច្ចាគឈាម គឺជាការប្រគល់ជូនត្រឡប់មកវិញនូវមាតា បិតា ស្វាមី ភរិយា បុត្រា បុត្រី ជាទីស្រឡាញ់ជូនក្រុមគ្រួសារវិញ នៅពេលពួកគាត់ជួបគ្រោះថ្នាក់ដល់ជីវិត ប្រកបដោយសមធម៌ ធ្វើឱ្យសង្គមជាតិមួយមានសុជីវធម៌ គុណធម៌ និងវប្បធម៌ល្អ នេះគឺជា ការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក ‹យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ› ‹យើងទាំងអស់គ្នាអាចធ្វើបាន› ដែលជាភាសាបេះដូងមួយសម្រាប់យុវជនយើងទាំងអស់គ្នា។ ការបរិច្ចាគឈាមមិនត្រឹមតែអាចជួយក្រុមគ្រួសារយើងប៉ុណ្ណោះទេ ថែមទាំងសង្គ្រោះជីវិតមនុស្សទូទៅក្នុងសង្គមជាតិឱ្យផុតពីជ្រោះមរណៈ។
៣. អត្ថប្រយោជន៍សម្រាប់បរមជាតិខាងមុខ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៩០% នៃប្រជាពលរដ្ឋរបស់យើងជាអ្នកកាន់ព្រះពុទ្ធសាសនា។ ពុទ្ធសាសនិកទាំងអស់តែងតែធ្វើបុណ្យ ដាក់ទាន ជាប់ជាប្រចាំនៅគ្រប់កម្មវិធីសាសនាទាំងអស់ ការបរិច្ចាគឈាមជាការធ្វើទានដែលបានផលានិសង្ឃច្រើន នេះបើយោងតាមគម្ពីរព្រះត្រៃបិដក និងធម្មទេសនា របស់សម្តេចព្រះឧត្តមវង្សា គូ សុភាព។ ការបរិច្ចាគឈាមគឺស្ថិតនៅក្នុងទានកម្រិតទី២ ‹ទានឧបបារមី› (១.ទាន បារមី ២.ទានឧបបារមី ៣.
ទានបរមត្ថបារមី) ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មានលុយកាក់ក៏ដោយ ព្រោះការបរិច្ចាគឈាមគឺជាការធ្វើទានដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ជួយសង្គ្រោះជីវិតអ្នកជំងឺ។
តាមកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងចប់នៅវេលាម៉ោង ៥ ល្ងាច ៕









ចែករំលែកព័តមាននេះ