រាជធានីភ្នំពេញ ៖ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុត នៃចំណងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ វាគឺជាថ្ងៃ នៃការបរាជ័យរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបញ្ចប់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត មកលើមនុស្សជាតិ នាសតវត្សរ៍ទី២០ ហើយបានជួយសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាពីការបំផ្លិចបំផ្លាញ និងសម្លាប់ នាំមកនូវសម័យកាល នៃការរស់ឡើងវិញ។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គឺជាលទ្ធផល នៃការប្រកៀកស្មាគ្នាប្រយុទ្ធយ៉ាងអង់អាចក្លាហាន របស់កងកម្លាំងបដិវត្តន៍ និងជនស្នេហាជាតិកម្ពុជា ជាមួយនឹងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជំនួយដ៏ធំធេង ទាន់ពេលវេលា ដោយភាពស្មោះត្រង់ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់កងទ័ព និងប្រជាជនវៀតណាម។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះមួយសម្រាប់ការកសាង និងអភិវឌ្ឍទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យក្លាយទៅជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដើម្បីផលប្រយោជន៍ និងអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗរហូតមកដល់បច្ចុប្បន្ន ។
ការលះបង់ និងការបាត់បង់ដែលមិនអាចបំភ្លេចបាន
ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩) ប្រជាជនកម្ពុជាបានរងការបាត់បង់យ៉ាងធំធេង ដោយមនុស្សជាង ៣លាននាក់ ស្មើនឹងមួយភាគបួននៃចំនួនប្រជាជនកម្ពុជា ត្រូវបានសម្លាប់ សង្គមត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ វប្បធម៌ ជំនឿ សាសនា និងសិទ្ធិមនុស្សជាមូលដ្ឋាល ត្រូវបានជាន់ឈ្លី ។
ប៉ុល ពត បានបង្កើតរដ្ឋ «ប្រជាធិបតេយ្យកម្ពុជា» មួយ ដោយអនុវត្តគោលនយោបាយ អសកម្មនៅទូទាំងប្រទេស ដោយដាក់ចេញនូវគោលនយោបាយផ្តាច់ការដ៏ឃោរឃៅបំផុត លុបបំបាត់សេរីភាព ប្រជាធិបតេយ្យទាំងអស់របស់ប្រជាជន និងប្រែក្លាយពួកគេទៅជាទាសករ។ ដោយប្រើពាក្យស្លោកថា «លុបបំបាត់វណ្ណៈ» រដ្ឋប្រជាធិបតេយ្យកម្ពុជា បានលុបបំបាត់ទីក្រុង បណ្តេញប្រជាជនចេញពីទីក្រុងទៅតំបន់ជនបទ បង្ខំប្រជាជនឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរ ។
ទាក់ទងនឹងវិស័យសង្គម-វប្បធម៌៖ ប៉ុល ពត បានអនុវត្តគោលនយោបាយលុបបំបាត់សាលារៀន សម្លាប់បញ្ញវន្ត បំផ្លាញប្រព័ន្ធអប់រំគ្រប់កម្រិត បំផ្លាញបេតិកភណ្ឌវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អ របស់ប្រជាជនខ្មែរ និងបង្ក្រាបសេរីភាពសាសនាយ៉ាងឃោរឃៅ។ ពួកគេបានបំផ្លាញវត្តអារាម និងសម្លាប់ព្រះសង្ឃ ហើយប្រជាជនកម្ពុជាដែលមានការអប់រំ និងវណ្ណៈកណ្តាលរាប់ពាន់នាក់ត្រូវបានធ្វើទារុណកម្ម និងប្រហារជីវិតនៅក្នុងពន្ធនាគារពិសេសនៅក្នុងទីក្រុង ដែលល្បីឈ្មោះបំផុតគឺពន្ធនាគារទួលស្លែងនៅភ្នំពេញ ឬមន្ទីរ ស-២១ ជាកន្លែងដែលអ្នកទោសប្រហែល ១៧ ០០០ នាក់ មានទាំងបុរស ស្ត្រី មនុស្សពេញវ័យ និងកុមារ ត្រូវបានចាប់ដាក់គុក និងសម្លាប់យ៉ាងឃោរឃៅក្នុងអំឡុងពេលគ្រប់គ្រងរបស់ ប៉ុល ពត។
ដោយឆ្លើយតបទៅតាមការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយវៀតណាមបានផ្តល់អាទិភាពដល់អាយុជីវិត និងសន្តិភាពរបស់ប្រជាជនកម្ពុជាជាអាទិភាព បានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសម្រេចបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងពេលបញ្ជូនកងទ័ពស្ម័គ្រចិត្តមកជួយសង្គ្រោះ ប្រជាជនកម្ពុជាហើយទទួលបានជ័យជម្នះនេះ ប្រទេសវៀតណាមត្រូវបានរងសម្ពាធខាងនយោបាយយ៉ាងខ្លាំង និងការទិតៀនបំភ្លៃការពិតពីសំណាក់ក្រុមអមិត្តមួយចំនួន និងទទួលរងការហ៊ុមព័ទសេដ្ឋកិច្ចយ៉ាងយូរអង្វែង និងកងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់ត្រូវបានពលីសាច់ស្រស់ឈាមស្រស់នៅលើទឹកដីកម្ពុជា។
ទំនាក់ទំនងត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ឈានទៅសម្រេចបានវឌ្ឍភាពប្រកបដោយចីរភាព
ចាប់តាំងពីក្រោយពេលផ្តួលរំលំរបប ប៉ុល ពត ទាំងស្រុងមក ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ និងបានក្លាយជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ហើយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានអនុវត្តគោលនយោបាយការបរទេស ឯករាជ្យ ម្ចាស់ការ ដោយគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី របស់គ្នាទៅវិញទៅមក មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ទាំងនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រទេសទាំងពីររក្សាបានកម្រិតខ្ពស់នៃភាពជឿទុកចិត្តគ្នា តាមរយៈដំណើរបំបេញទស្សនកិច្ចជាញឹកញាប់ និងទៀងទាត់ រវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងការរក្សាស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រទេសជាតិ ហើយបានជួយលើកកម្ពស់តួនាទីរបស់ប្រទេសរៀងៗខ្លួននៅលើឆាកអន្តរជាតិ។ ក្នុងវិស័យការពារជាតិ និងសន្តិសុខវិញ ប្រទេសទាំងពីរបានសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការធានាសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាព សង្គម។ កម្ពុជានិងវៀតណាមកំពុងធ្វើការរួមគ្នាដើម្បីកសាងព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ភាគីកម្ពុជាក៏សហការយ៉ាងសកម្មជាមួយភាគីវៀតណាម ក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ដែលជាភារកិច្ចដ៏សំខាន់ខាងនយោបាយ និងមនុស្សធម៌ ហើយត្រូវបានរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិកោតសរសើរក្រៃលែង។
កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស និងប្រកបដោយស្ថិរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពី មានត្រឹមតែ ១១៧លានដុល្លារអាម៉េរិក។ ឆ្នាំ២០១០ បានឈានដល់ ១,៨ ពាន់លានដុល្លារអាម៉េរិក។ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់១០ពាន់លានដុល្លារអាម៉េរិក។ និងគិតត្រឹមរយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៥ មានទំហំ ១០,៤ ពាន់លានដុល្លារអាម៉េរិក។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងអាស៊ាន ដោយនាំចេញទំនិញសំខាន់ៗដូចជា៖ ផលិតផលប្រេងកាត ជី សម្ភារៈសំណង់ ទំនិញប្រើប្រាស់ គ្រឿងចក្រ និងឧបករណ៍ ហើយកម្ពុជានាំចេញផលិតផលកសិកម្មមួយចំនួនធំទៅប្រទេសវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាបានស្ថិរភាពទីផ្សារ និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេស យើងទាំងពីរ។
កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល៖ គឺជាចំណាប់អារម្មណ៍ពិសេសរបស់វៀតណាម ដែលជាទម្រង់នៃការគាំទ្ររយៈពេលវែង និងប្រកបដោយចីរភាពសម្រាប់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានផ្តល់អាហារូបករណ៍រាប់ពាន់កន្លែងជារៀងរាល់ឆ្នាំដល់និស្សិត និងមន្ត្រីកម្ពុជា សម្រាប់ទៅសិក្សានៅសាកលវិទ្យាល័យ សាលា និងស្ថាប័នបណ្តុះបណ្តាលរបស់វៀតណាម ហើយកម្ពុជាបានក៏បានផ្តល់អាហារូបករណ៍ជូនដល់និស្សិត និងមន្ត្រីវៀតណាមវិញផងដែរ។ ការផ្លាស់ប្តូរប្រជាជន វប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរយ៉ាងច្រើនបានទៅទស្សនាប្រទេសទាំងពីរទៅវិញទៅមក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម និងបានជួយពង្រឹងចំណងមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ។
ទាំងនេះអាចបញ្ជាក់បានថា ៤៧ឆ្នាំបន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ពិតជាសម្រេចបានសមិទ្ធផលជាផ្លែផ្កាជាក់ស្តែង យ៉ាងធំធេង។ ទាំងនេះកើតចេញពីជំនួយដ៏ស្មោះត្រង់និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចំពោះកម្ពុជា និងជំនួយរបស់កម្ពុជាក្នុងការរួមចំណែកដល់ការបង្រួបបង្រួមទឹកដីរបស់វៀតណាម ក្នុងសង្គ្រាមដើម្បីរំដោះវៀតណាមខាងត្បូងនៃឆ្នាំ១៩៧៥។ ចាប់តាំងពីការរំដោះជាតិនិងការកសាងប្រទេសឡើងវិញ រហូតបានឈានដល់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដូចបច្ចុប្បន្ន គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន ហើយក៏ជាសក្ខីភាពនៃស្មារតីសាមគ្គីភាពជាអន្តរជាតិដ៏ថ្លៃថ្នូរ និងដ៏បរិសុទ្ធ ដែលមិនអាចរង្គោះរង្គើបាន រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ដូច្នេះ ការបន្តថែរក្សា ពូនជ្រំ និងអភិវឌ្ឍចំណងមិត្តភាពជាប្រពៃណីដ៏ល្អកម្ពុជា-វៀតណាមនេះ វាគឺជាកត្តាដ៏សំខាន់មួយដែលបានរួមចំណែកដល់ការធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសជាតិនីមួយៗ និងតំបន់ទាំងមូលផងដែរ ៕




ចែករំលែកព័តមាននេះ