ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​ក្រសួង​នឹង​ចាត់វិធានការ​ណ៍​យ៉ាងណា​រឿង​ជុំវិញ​ព័ត៌មាន​នៃ​ការ​ចោទប្រកាន់​អា​មេ​រិ​ក ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​ពិភពលោក រ៉​យ​ទ័​រ (Reuters) កាលពី​ថ្មី​ៗ​នេះ​បាន​ស្រង់​សម្តី លោក Arend Zwartjes ដែល​ជា​មន្ត្រី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ចោទប្រកាន់​ថា…

រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​ពិភពលោក រ៉​យ​ទ័​រ (Reuters) កាលពី​ថ្មី​ៗ​នេះ​បាន​ស្រង់​សម្តី លោក Arend Zwartjes ដែល​ជា​មន្ត្រី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ចោទប្រកាន់​ថា ក្រសួង​សន្តិសុខ​ជាតិ​អា​មេ​រិ​កបាន​ត្រួតពិនិត្យ​រក​ឃើញ និង​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​បាន​បំពាន​បំរាម​គយ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់ ត្រាំ ក្រោយ​ពី​រក​ឃើញ​ថា សហគ្រាស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ផ្ទេ​ទំនិញ​នាំ​ពី​ប្រទេស​ចិន​ចូល​ព្រះរាជាណាចក្រ​កម្ពុជា រួច​នាំ​ចេញ​ដោយ​ខុសច្បាប់​ទៅ​កាន់​សហ​ដ្ឋ​អា​មេ​រិ​ក​នោះ ។

យ៉ាងណាមិញ លោក​ស៊ា​ង ថៃ អ្នកនាំពាក្យ​បាន​និយាយ​ថា ក្រសួង​បានឃើញ​ព័ត៌មាន​នេះ​ដែរ ហើយ​ក្រសួង​ក៏​បាន​ចាត់​អោយ​មន្ត្រី​ប្រចាំការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ស្រាវ​ជ្រាយ​រក​ការ​ពិត​អោយ​ឃើញ​ថា តើ​មាន​ក្រុមហ៊ុន​ធ្វើ​បែប​នោះ​ដែរ ឬទេ ឬ​មួយ​គ្រាន់តែ​ជា​ការ​បំ​ភ្លើ​ស​ពី​សំណាក់​អ្នកមួយ​ចំនួន​ប៉ុណ្ណោះ​នោះ​ទេ ។ លោក​ស៊ា​ង ថៃ មាន​ប្រសាសន៍​បញ្ជាក់​ថា «​បើសិនជា​ករណី​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​ធ្វើ​បែប​នោះ​ដោយ​មូលដ្ឋាន​កម្ពុជា​ធ្វើ​ជាទី​តាំង​នាំ​ចូល និង​ស្ដុក​រួច​នាំ​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​មែន​នោះ​ក្រសួង​នឹង​មិន​ព្រងើយកន្តើយ​លើ​រឿង​នេះ​ឡើយ​ក្រសួង​នឹង​ចាត់ការ​ភ្លាម​ៗ ដោយ​ណែនាំ​បញ្ឈប់​ជា​បន្ទាន់​នូវ​ករណី​នេះ ឬ​អាច​នឹង​ផ្អាក​ដំណើរការ​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​នោះ​តែ​ម្ដង » ។

លោក​បន្ត​ថា ករណី​មាន​ក្រុម​ហ៊ុ​នៅ​ខាងក្រៅ​ប្រទេស​ជា​អ្នក​ធ្វើ​វិញ វា​ពិតជា​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​នេះ​ណាស់ ព្រោះ​យើង​មិនដឹង​មូលដ្ឋាន​របស់​គេ​ច្បាស់លាស់ ដូច្នេះ​ហើយ​ទើប​យើង​ខំធ្វើការ​ងារ​នៅ​ខាងក្នុង​អោយ​ស្អាត និង​ប្រាកដ​ថា ពិតជា​គ្មាន ឬ​មាន​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ថា គ្មាន​ក្រុមហ៊ុន​ណាមួយ​បំពាន​ច្បាប់​នាំ​ចេញ​របស់​កម្ពុជា​ជាមួយ​គ្នា​នោះ​ផង​ដែរ បន្ទាប់​ពី​មាន​ព័ត៌មាន​បរទេស​ជា​ច្រើន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​ចិន​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​ឆ្លងកាត់​ប្រទេស​កម្ពុជា ក្នុង​នោះ​យកឈ្មោះ​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ជា​មូលដ្ឋាន ។

ពេល​នេះ​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​បាន​ចេញ​មុខ​បដិសេធ​នូវ​រាល់​ព័ត៌មាន​ទាំងនោះ ដោយសារ​គ្មាន​ក្រុមហ៊ុន​ណាមួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បំពាន​ច្បាប់​នាំ​ចេញ​របស់​កម្ពុជា​ឡើយ ។

បើ​តាម​លោក​កៅ ជៀន​ជៀន អគ្គនាយក​តំបន់​ស​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ស្រាយ​បំភ្លឺ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​ព័ត៌មាន​ចុះ​ផ្សាយ​តាម​ប្រសាសន៍​របស់​មន្ត្រី ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ឡើយ ដោយ​មន្ត្រី​ស្ថានទូត​បាន​ចោទ​ថា មានការ​នាំ​ចូល​ទំនិញ​ប្រទេស​ចិន ហើយ​មក​ស្តុក​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ និង​នាំ​បន្ត​ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​ដាក់​ថា​ផលិត​នៅ​កម្ពុជា ដើម្បី​គេច​ចេញពី​ទណ្ឌកម្ម​សហរដ្ឋអាមេរិក ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ ។ លោក​បន្ត​ថា​នៅ​ក្នុង​សេចក្តី​បកស្រាយ​របស់​ខ្លួន​ថា បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​សហគ្រាស​ចំនួន​២៩ មាន​សិទ្ធិ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​ថ្មី​ៗ​នេះ​ដែរ ក៏​មិន​មានការ​រារាំង​ឬ​ដាក់​ទណ្ឌកម្ម​ពី​គយ​សហរដ្ឋអាមេរិក​ឡើយ ។

ដូច្នេះ រាល់​ព័ត៌មាន​ដែល​និយាយ​ថា មាន​ទំនិញ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន​បាន​នាំ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​ដាក់​ថា ផលិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ លោក​សូម​បដិសេធ​និង​មិន​អាច​ទទួល​បាន​នោះ​ទេ ។ លោក​បន្ថែម​ថា ក្នុង​នាម​ជា​គម្រោង​ដ៏​ធំ​មួយ​នៃ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការណ៍​អន្តរជាតិ​ក្នុង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​» រវាង​កម្ពុជា​-​ចិន តំបន់​សេដ្ឋកិច្ច​ពិ សេស​ក្រុងព្រះសីហនុ​ដែល​បង្កើត​រួម​គ្នា​ដោយ​សហគ្រិន​កម្ពុជា​-​ចិន ប្តេជ្ញា​នឹង​សាងសង់ និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញតិ នៅ​កម្ពុជា ព្រមទាំង​ប្រឆាំង​ជា​ដាច់ខាត​នូវ​រាល់​សកម្មភាព​ល្មើសច្បាប់​ទាំងអស់ ។

គួរ​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ស្ថិត​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ទំហំ ១.១១៣​ហិ​កតា​។ បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​រោងចក្រ សហគ្រាស​ជិត ២០០​ហើយ កំពុង​វិនិយោគ ដោយ​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២​ម៉ឺន​៣​ពាន់​កន្លែង ។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មាន​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន អាម៉េរិក ជប៉ុន បារាំង កូរ៉េ ខាងត្បូង អៀរ​ឡង់ វៀតណាម និង​ថៃ​ជាដើម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ