សោកស្តាយណាស់…ល្បិចទម្លាក់​យោង នៅតែ​អាចធ្វើស៊ីបាន​យ៉ាង​ស្រួល


រាជធានី​ភ្នំពេញ ៖ ល្បិច​បោក​របស់​ក្រុម​ទម្លាក់យោង​យក​កាឡៃ​ដូរ​មាស ​កើត​មាន​ជា​យូរមក​ហើយ និង​មាន​​អ្នក​រង​គ្រោះ ​ដោយ​ការ​ចាញ់បោក​ក្រុម​នេះ​មិន​តិច​នាក់​ឡើយ ចំណែក​សារព័ត៌មាន​នានា​ក៏​តែងតែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ល្បិច​កលបោក​នោះ​ជា​បន្តបន្ទាប់​ដែរ ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី ល្បិច​នេះ​នៅ​តែ​មាន​ប្រសិទ្ធ​​ភាព​ក្នុង​ការ​បោក​យក​គ្រឿងអលង្ការ លុយ ឬ​ទូរស័ព្ទ​ពី​អ្នក​ដែល​ធ្លាក់ខ្លួន​ចូល​ក្នុង​អន្ទាក់​ល្បិច​របស់​ក្រុម​ជនខិលខូច​ទាំងនោះ ឲ្យ​អន្ទង​បោក​បាន​សម្រេច​ព្រោះតែ​មានចិត្ត​លោភលន់​របស់​ខ្លួន ។

ជាក់ស្ដែង កម្មការិនី​ម្នាក់​បាន​ត្រូវ​ក្រុម​ទម្លាក់យោង​ប្រើ​ល្បិច​ដោះ​យក​គ្រឿងអលង្ការ​លុយកាក់ និង​ទូរស័ព្ទ​អស់ពី​ខ្លួន បន្ទាប់​មក​ក្រុម​ជន​នេះ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ចំណែក​នាង​កម្មការិនី បាន​មក​វិញ​ត្រឹមតែ​គ្រឿងអលង្ការ​កាឡៃ​កាន់​យក​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​តែ​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ដែល​ដំបូង​នារី​រង​គ្រោះ​បាន​ជួប​ក្រុម​ចោរ​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​ពី​ប្រើ​ល្បិច​រហូត​នាង​ជឿ​ជាក់​ទាំងស្រុង​ហើយ ក្រុម​ចោរ​បា​នាំ​នាង​ទៅ​ដោះ​យកទ្រព្យ​គ្រឿងអលង្ការ​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​ក្នុ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

កម្មការិនី​រង​គ្រោះ​ខាងលើ​ឈ្មោះ ហួ​ន មួយ អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍ហើយ​ចំពោះ​ការ​បាត់បង់​មាន ខ្សែ​ក​មាស​២​ជី ក្រវិល​៣​ហ៊ុន លុយ​១០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​ម៉ាក​OPPO មួយ​គ្រឿង ។កម្មការិនី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នាង​បាន​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​រក​ទិញ​ម្ហូប​នៅផ្សារ​​ត្រពាំង​​ពោធិ៍ ។ ពេល​ទៅ​ដល់​ពាក់កណ្តាលផ្លូវ​បាន​ជួបនឹង​បុរស​ម្នាក់​ដើរមក​ជិត​នាង​រួច​សួរ​នាង​ថា «​មាន​គេ​ជ្រុះ​បាត់​ថង់​មាស​ពណ៌​ក្រហម​១​តើ​មានបាន​ឃើញ​ទេ ? ពេល​នោះ​នាង​ឆ្លើយ​ថា មិន​បានឃើញ មិន​បានដឹង​
ទេ​»​។

បន្ទាប់​មក ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់​ដើរមក​ដល់​ប្រាប់​ថា​កុំ​មាត់ មាន​ស្ត្រី​ម្នាក់​ផ្សេង​ទៀតរើស​បាន​ប្រគល់​ឲ្យ​ខ្លួន​ទុក រួច​ហើយ​ស្ត្រី​នេះលាត​មាត់​ថង់​ឲ្យ​នាង​មើលឃើញ​សុទ្ធតែ​គ្រឿង អលង្ការ​ក្រហមច្រាល​ពេញ​កូន​ថង់ ។ មិន​តែប៉ុណ្ណោះ ស្ត្រី​រូប​នេះ​ថែម​ទាំង​និយាយ​ប្រាប់​នាងថា «​តែ​មិន​ថ្វី​ទេ​ចាំ​ចែក​គ្នា​យើង អ្នក​ដែល​ដឹង
រឿង​» និង​បាន​និយាយ​បញ្ចុះបញ្ចូល​ទៅ​រក​កន្លែងចែក​គ្នា ហើយ​នាង​ក៏​ព្រមទៅ​ជាមួយ​ជន​ទាំងនោះ​។

កម្មការិនី​រង​គ្រោះ​រៀបរាប់​ទៀត​ថា បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ ជនសង្ស័យ​បាន​នាំ​នាងជិះ​ម៉ូតូ​ទៅ​រក​កន្លែង​ចែក​គ្នា ។ ពេល​ទៅ​ដល់​មុខ​ផ្សារ​ជម្ពូ​វ័ន ពួក​គេ​ប្រាប់​នាង​ថា មនុស្ស​ច្រើន​ណាស់​មិន​អាច​ចែក​គ្នា​ទី​នេះ​បាន​ទេ ខ្លាច​គេ​ដឹង រួច​ក៏​ឌុ​ប​បន្ត​រហូត​ចូល​ដល់​ក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ទើប​ឈប់ ។

ខណៈនោះ ស្ត្រី​រូប​នេះ​បាន​បើក​មាត់​ថង់​ឲ្យ​មើល​ម្តងទៀត ហើយ​បន្តិច​ក្រោយមក​បាន​ហុច​ថង់​ក្រហម​នោះ​ឲ្យ​នាង​កាន់​ទុក រួច​ប្រាប់​ថា​ឲ្យ​នាង​យក​មាស​នៅ​ក្នុង​ថង់​ទាំងអស់​ទៅ មិនបាច់​ចែក​គ្នា​ទេ​នាំ​ម្ចាស់​គេ​មក​ទាន់ ដោយ​សុំ​ដោះ​យក​តែ​គ្រឿងអលង្ការ​នៅ​ជាប់​ខ្លួន​នាង​និង​លុយកាក់ ព្រមទាំង​ទូរស័ព្ទ​របស់​នាង​ប៉ុណ្ណោះ ។
ដោយសារ​តែ​មិន​បាន​គិត​វែង​ឆ្ងាយ ហើយ​ឃើញ​មាស​នៅ​ក្នុង​ថង់​ច្រើន​ជាង​របស់​ជាប់​ខ្លួន​ទើប​នាង​យល់​ព្រម ។ បន្ទាប់​មក ជនសង្ស័យ​បាន​ដោះ​យក​ខ្សែ​ក លុយ​និង​ទូរស័ព្ទ​ពី​ខ្លួន​នាងអស់ រួច​ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ទៅ ។

ក្រោយ​ពី​ក្រុម​ជន​នេះ​ចេញ​ទៅ​អស់ នាង​ស្រាយ​មាត់​ថង់​មើលឃើញ​ខ្សែ​កមួយ​ខ្សែ​ក្រហមច្រាល ក៏​កាន់​ទៅ​ឱ្យ​អ្នក​ជិតខាង​ជួយ​មើល​ទើប​ដឹង​ថា​ជា​ខ្សែ​ក​កាឡៃ ហើយ​ដឹង​ថា​ចាញ់ល្បិច ជនសង្ស័យ ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ៕​ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ