បុរស​ម្នាក់​ប្រញាប់​ទៅ​ទិញ​ទឹកដោះគោ​ឱ្យ​កូន​ ជួប​គ្រោះ​ថ្នាក់លើ​ផ្លូវជាតិ​លេខ​៣


ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ទើប​ចេញពី​កន្លែង​ផឹកស៊ី ប្រញាប់​ទៅ​រក​ទិញ​ទឹកដោះគោ​ឲ្យ​កូន ហើយ​បើក​ម៉ូតូ​បោះពួយ​វ៉ា​ជែង​រថយន្ត​កុងតឺន័រ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​នៅ​គន្លង​ផ្លូវ​ម្ខាង កាលពី​វេលា​ម៉ោង​៧​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​បៃតង ពាក់​ស្លាក​លេខ ជ ៧២៦០ ព​ភ​១ បើកបរ​ដោយ​ឈ្មោះ កាន់ បូ​រ៉េ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​គោក​មាស សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល បាន​រង​របួសធ្ងន់ និង​មាន​ប្រពន្ធ​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ស៊ូ​រ៉ុ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ៣G-៣៥៨១ បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​យុវជន​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ តែ​ត្រូវបានគេ​ដឹង​ថា យុវជន​ទាំង​២​នាក់​ជា​អ្នក​ប្រកប​របរ​ធ្វើ​សាច់ក្រក មាន​ទីលំនៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ បាន​រង​របួសស្រាល​ទាំង​២​នាក់ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​បៃតង ត្រូវ​បាន​សាច់ញាតិ​អះអាង​ថា ទើបតែ​ចេញពី​កន្លែង​ផឹកស៊ី​នៅ​ឯ​ភូមិ​គោក​មាស បើកបរ​ម៉ូតូ​ប្រញាប់​ទៅ​រក​ទិញ​ទឹកដោះគោ​ឲ្យ​កូន ដោយ​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក ស៊ូ​រ៉ុ​ស ពណ៌​ខ្មៅ កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​រង​របួសធ្ងន់ ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ស៊ូ​រ៉ុ​ស បាន​រង​របួសស្រាល​ទាំង​២​នាក់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​សាច់ញាតិ​ភាគី​ទាំង​សងខាង​មក​ជុំ​គ្នា ទើប​ដឹង​ថា សុទ្ធតែ​ជា​អ្នក​ភូមិ​ក្បែរ​ខាង និង​ស្គាល់គ្នា ទីបំផុត​សម្រេច​យក​ម៉ូតូ​ទៅ​ជួសជុល និង​ព្យាបាល​របួស​រៀង​ៗ​ខ្លួន គ្មាន​ខាង​ណា​សងខាង​ណា​ឡើយ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ