រាជធានីភ្នំពេញ ៖ បើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់កម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅ ក្នុងការរៀបចំនូវសណ្តាប់ធ្នាប់ និងរបៀបរយខ្លាំងយ៉ាងណាក៏ដោយ ក៏នាពេលបច្ចុប្បន្ននេះ ការឈប់ចតរថយន្ត និងរត់ដេញចាប់ម៉ូយពីសំណាក់បងប្អូនជាអ្នករត់តាក់ស៊ី នៅតាមដងផ្លូវជាតិលេខ១ នៅតែជាដុំដំបៅដ៏សែនផ្សា ក្នុងចិន្តាអាជ្ញាធរសង្កាត់ខណ្ឌដដែល ខណៈដែលបងប្អូនអ្នកប្រកបរបរមួយនេះ នៅតែមិនគោរពតាមគោលការណ៍ណែនាំទាល់តែសោះ ។

ថ្លែងក្នុងអង្គប្រជុំក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ព្រឹកថ្ងៃទី២៧ មិថុនា នេះ អភិបាលខណ្ឌច្បារអំពៅ លោក
ចេង មុនីរ៉ា បានលើកឡើងនូវបញ្ហាប្រឈមជាច្រើន សម្រាប់អង្គប្រជុំយកមកធ្វើការដោះស្រាយ ប៉ុន្តែបញ្ហាចម្បងនោះ គឺការចតរថយន្ត និងរត់ចាប់ម៉ូយពីសំណាក់បងប្អូនអ្នករត់តាក់ស៊ីតែម្តង ដែលជាដំបៅរបស់អាជ្ញាធរ ហើយព្យាបាលមិនទាន់ជាសះល្អសោះនោះឡើយ ។ 

លោកឱ្យដឹងថា កន្លងទៅ អាជ្ញាធរខណ្ឌធ្លាប់ធ្វើការចាប់ឃាត់នូវរាល់ក្រុមអ្នករត់អ្នកស៊ីទាំងឡាយ ដែលបានឈប់រថយន្តចាំដឹកភ្ញៀវ និងរត់ចាប់ម៉ូយយ៉ាងប្រសាច ពាសពេញលើដងផ្លូវជាតិលេខ១ ដោយបានចាប់ឃាត់មកអប់រំជាច្រើនលើកច្រើនសារ រហូតមានវិធានការណ៍ឃាត់ទាំងមនុស្ស និងរថយន្តរក្សាទុកជាច្រើនម៉ោង និងជាច្រើនថ្ងៃផងដែរ ប៉ុន្តែបងប្អូនក្រុមអ្នកដែលប្រកបរបររត់តាក់ស៊ីមួយចំនួនធំ ហាក់មិនខ្លាចរអាចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចបន្តិចណាសោះឡើយ ។ 

ពោលគឺពួកគាត់បញ្ឈប់សកម្មភាពរបស់ខ្លួនតែមួយរយៈពេលខ្លី បន្ទាប់ពីទទួលរងវិធានការរបស់អាជ្ញាធរប៉ុណ្ណោះក្រោយៗមក សកម្មភាពបំពានដដែលនោះ ក៏កកើតឡើងមកជាបន្តបន្ទាប់ដដែលវិញ ។ លោកអភិបាលខណ្ឌបញ្ជាក់ថា លោកមិនដែលគិតចង់មានវិធានការណ៍ផ្នែកផ្លូវច្បាប់ ជាមួយបងប្អូនក្រុមអ្នករត់តាក់ស៊ីឡើយ ព្រោះបងប្អូនជាពលរដ្ឋធម្មតាដែលប្រកបរបររកស៊ីរត់តាក់ស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះ ប៉ុន្តែទន្ទឹមនឹងនោះ លោកអភិបាលស្នើរអោយបងប្អូនត្រូវគិតអំពីផលប៉ះពាល់ទៅលើសណ្តាប់ធ្នាប់សាធារណៈផង ពិសេស សូមស្តាប់តាមការណែនាំដែលអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានពន្យល់កាលពីពេលកន្លងទៅផង ដើម្បីធានាបានរបៀបរៀបរយល្អតាមដងផ្លូវសាធារណៈ ។ 

លោកបញ្ជាក់ថា ក្នុងករណីដែលការខំប្រឹងប្រែងរបស់អាជ្ញាធរ នៅតែមិនមានផ្លែផ្កាល្អនោះ អាជ្ញាធរធ្វើការពិភាក្សាជាមួយអធិការនគរបាលខណ្ឌ ដើម្បីឈានទៅដល់ការមានវិធានការណ៍ផ្នែកផ្លូវច្បាប់ ចំពោះក្រុមអ្នករត់តាក់ស៊ីទាំងឡាយណា ដែលបន្តល្មើសនឹងការណែនាំជាបន្តបន្ទាប់ ធ្វើអោយសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ ត្រូវបានបាត់បង់របៀបរៀបរយនោះ។ 

សូមបញ្ជាក់ទៀតថា ក្នុងអង្គប្រជុំនៅព្រឹកថ្ងៃខែដដែល អភិបាលខណ្ឌក៏បានស្នើរដល់គណៈបញ្ជការឯកភាពសង្កាត់ទាំង៨ក្នុងមូលដ្ឋាន ធ្វើយ៉ាងណាត្រូវបន្តយកចិត្តទុកដាក់ខ្លាំងបន្ថែមលើបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ពិសេសនោះគឺសណ្តាប់ធ្នាប់ នៅតាមបណ្តាផ្សាតូច-ធំ ក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដែលបញ្ហានេះ ជាកត្តាធ្ងន់ធ្ងរខ្លាំង ប៉ះពាល់ដល់របៀបរៀបរយតាមដងផ្លូវក្នុងសង្គម  ។






                        
			         
				
ចែករំលែកព័តមាននេះ