ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា អនុប្រធានស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ការបញ្ជូនចេញជនជាតិចិនចំនួន៦៣នាក់នៅថ្ងៃទី២៦ មិថុនា គឺជាលើកទី២ហើយ ព្រោះកាលពីថ្ងៃទី២៥ មិថុនា គឺមុននេះ១ថ្ងៃ នគរបាលអន្តោប្រវេសន៍ក៏បានបណ្តេញចេញជនជាតិចិន ដែលមានពិរុទ្ធភាពដូចគ្នាចំនួន៥នាក់ ក្នុងនោះប្រុស៤នាក់ស្រី១នាក់ ទៅប្រទេសចិនវិញដែរ ។ ដូច្នេះ សរុបរយៈពេល២ថ្ងៃនេះ មានជនជាតិចិនចំនួន៦៨នាក់ ដែលបានបណ្តេញចេញពីប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍ សហការជាមួយនគរបាលមកពីប្រទេសចិន បានចាប់បញ្ជូនជនជាតិចិនចំនួន៦៣នាក់ចេញពីខេត្តព្រះសីហនុជាបន្តបន្ទាប់ ទៅកាន់ប្រទេសចិនវិញ នាវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមិថុនា តាមយន្តហោះពិសេសរបស់នគរបាលចិន ដោយចេញតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

នេះជាលើកទី២ហើយ ដែលក្រុមជនជាតិចិន ដែលប្រព្រឹត្តបទល្មើសផ្សេងៗ ត្រូវបានបណ្តេញចេញតាមច្រកទ្វារអាកាសយានដ្ឋាននៃខេត្តនេះ បន្ទាប់ពីនគរបាលអន្តោប្រវេសន៍បានរៀបចំ ស្នាក់ការត្រៀមបណ្តេញចេញ សម្រាប់ឃុំគ្រងជនបរទេសដែលត្រូវបណ្តេញចេញ ពិសេសនៅខេត្តព្រះសីហនុតែម្តង
ដែលមានកំណើនជនជាតិចិនរាប់សែននាក់រួចទៅហើយនោះ ។

លោកបានឱ្យដឹងថា ជនជាតិចិនចំនួន៦៣នាក់ ក្នុងនោះប្រុស៥០នាក់ស្រី១៣នាក់ មានពិរុទ្ធពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ឬនិយាយបានថាជាការឆបោកតាមអុីនធើរណេត។ (សម្រួលដោយ៖ ស្រីណា)






ចែករំលែកព័តមាននេះ