កម្ពុជា-កូរ៉េ​ពិភាក្សា​គ្នា​​លើគំរោង​​ជំនួយ​​វិស័យ​​ធនធាន​ទឹក


រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ពុធ ៩​រោច ខែ​ជេ​ស្ន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Oh Nak-Young ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​គម្រោង​ជំនួយ​លើ​វិស័យ​ធនធាន​ទឹក។

នៅ​ក្នុង​មតិ​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ក្រសួង​ធនធានទឹក និង​ឧតុ​និយម បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​រួមចំណែក​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​អភិវឌ្ឍ​កម្ពុជា ឲ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​​​ជា​ពិសេស​លើ​វិស័យ​ធនធានទឹក​ដែល​បច្ចុប្បន្ន​នៅ​តែ​ជា​អាទិភាព​មួយ​សំខាន់ ​ដើម្បី​ដើរតួ​នាទី​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​ជម្រុញ​កំណើន​លូតលាស់​សេដ្ឋកិច្ច​ទាំង​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​សមិទ្ធផល និង​ការងារ​ជា​អាទិភាព​នា​ពេល​បច្ចុប្បន្ន និង​ចំពោះ​មុខ​ក្នុង​ក្រប​​ខណ្ឌ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​បរិបទ​នៃ​បម្រែ​បម្រួល​អាកាសធាតុ សំដៅ​ធានា​នូវ​សន្តិសុខ​ទឹក​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កូរ៉េ បាន​បង្ហាញ​នូវ​សេចក្តី​រីករាយ​ដោយ​បាន​ជួប​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជា​មួយ​ឯកឧត្តម​រដ្ឋមន្ត្រី​នា​ពេល​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​លើ​វិស័យ​ធនធានទឹក ដែល​​ក្រសួង​សម្រេច​បាន ក៏​ដូច​ជា​កិច្ចការ​បន្ត​ដែល​ត្រូវ​អនុវត្ត​ក្នុង​បេសកកម្ម​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ និង​​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី នូវ​ការ​ប្តេជ្ញា​ចិត្ត​បន្ត​រួមចំណែក​ជួយ​របស់​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​វិស័យ​ធនធានទឹក មានការ​វិវត្តន៍​រីក​ចម្រើន​តទៅ​មុខ​ទៀត​។

ក្នុង​កិច្ច​ពិភាក្សា ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កូរ៉េ បាន​ផ្តោត​លើ​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​​លើ​វិស័យ​ធនធានទឹក ដែល​បាន​អនុវត្ត​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋ​កូរ៉េ និង​តម្រូវការ​លើ​គម្រោង​បន្ត​ចំពោះ​មុខ ដោយ​ក្នុង​នោះ សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​រួមចំណែក​ជួយ​លើ​គម្រោងការ​គ្រប់​គ្រង​ធនធានទឹក​នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​តាមដាន​ស្វ័យប្រវត្តិ​ផ្នែក​ឧតុនិយម និង​ការ​គ្រប់គ្រង​ទិន្នន័យ​ធនធានទឹក ជា​បន្ថែម​ទៀត​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​គាំទ្រ​និង​ជួយ​ពី​សាធារណរដ្ឋ​កូរ៉េ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា និង​ដោយឡែក​លើ​ការ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានទឹក នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​។ ទិស​ដៅ​បន្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(KOICA) នឹង​ពិភាក្សា​គ្នា​លម្អិត​បន្ថែម​ទៀត អំពី​គម្រោង​ជាក់លាក់ ក្រោម​ជំនួយ​​គាំទ្រ​ពី​សាធារណរដ្ឋ​កូរ៉េ សម្រាប់​វិស័យ​ធនធានទឹក​នៅ​កម្ពុជា​។

សូម​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​វិស័យ​ធនធានទឹក រហូត​មក​ដល់​ពេល​នេះ សាធារណរដ្ឋ​កូរ៉េ បាន​នឹង​កំពុង​ជួយ​ដល់​កម្ពុជា​លើ​គម្រោង​៖ ទី​១) គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ស្ទឹង​សង្កែ ខេត្តបាត់ដំបង ទី​២) គម្រោង​ទំនប់​ពហុ​បំណង​ដូន​ទ្រី ស្ទឹង​មោង​ឬ​ស្សី ខេត្តបាត់ដំបង និង​ទី​៣) គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់ ខេត្តបន្ទាយមានជ័យ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ