រាជធានីភ្នំពេញ ៖ តាមចក្ខុវិស័យរបស់ក្រសួងទេសចរឆ្នាំ២០២០ខាងមុខកម្ពុជាត្រូវសម្រេចឲ្យបាននូវគោលដៅកំណើនភ្ញៀវទេសចររហូតដល់៧លាននាក់ ។ ផ្តើមពីនោះក្រសួងទេសចរក៏បានដាក់ចេញនូវគោលការណ៍ជម្រុញការផ្សព្វផ្សាយនូវតំបន់ទេសចរសំខាន់ៗ ដើម្បីបង្ហាញអំពីសក្កានុពល និងទាក់ទាញភ្ញៀវទេសចរសម្រាប់ឆ្នាំ២០១៩នេះ ។
លោក ជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរបានថ្លែង ប្រាប់កោះសន្តិភាពនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ កាលពីពេលថ្មីៗនេះ ដោយលោកបាន បញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនៃកំណើនភ្ញៀវទេសចរឲ្យបាន៧លាននាក់ នៅឆ្នាំ ២០២០ខាងមុខក្រសួងបានដាក់ចេញនូវគោលការណ៍ជម្រុញការផ្សព្វផ្សាយតំបន់ទេសចរសំខាន់ៗសម្រាប់ឆ្នាំ២០១៩នេះ ។
តាមលោក សុខ ជំនោរ បានបញ្ជាក់ថា តំបន់គោលដៅទេសចរសំខាន់ៗដែលត្រូវផ្សព្វ ផ្សាយក្នុងឆ្នាំ២០១៩នេះរួមមានតំបន់ទេសចរវប្បធម៌ធម្មជាតិ និងតំបន់អេកូទេសចររួមទាំងតំបន់ទេសចរផ្សងព្រេង ។ ប៉ុន្តែលោកថា តំបន់គោលដៅទេសចរដែលសំខាន់ត្រូវជម្រុញការផ្សព្វផ្សាយជាអទិភាពនោះ គឺតំបន់អង្គរវត្តតែម្តង ។ លោក ជុក ជំនោរ បានបញ្ជាក់បន្ថែមថា ក្រៅពីតំបន់អង្គរវត្តយើងក៏មានតំបន់ជាអទិភាពជាច្រើនទៀតដូចជា តំបន់បឹងទន្លេសាបសហគមន៍កំពង់ភ្លុក សហគមន៍បន្ទាយស្រីជាដើម ដែលសុទ្ធសឹងជាតំបន់ទេសចរដែលទាក់ទាញបំផុត ។
ទន្ទឹមនោះក៏នៅមានតំបន់អេកូទេសចរ ជីផាត តំបន់អារ៉ែង ខណៈដែលតំបន់អារ៉ែងកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់ទេសចរអន្តរជាតិ ។ លោកក៏បានឲ្យដឹងដែរថា តាមគោលដៅផ្សព្វផ្សាយយើងក៏នឹងផ្សព្វផ្សាយជាអទិភាពផងដែរនូវតំបន់ទេសចរបែបផ្សងព្រេងដូចជា តំបន់ភ្នំឱរ៉ាល់ តំបន់ទឹកធ្លាក់ជ្រាវ ដែលយើងកំពុងតែសិក្សាស្រាវជ្រាវ និងរៀបចំហេដ្ឋារចនាសម្ពន្ធ័បម្រើឲ្យសកម្មភាពទេសចរនៅតំបន់នោះព្រោះ ថាតំបន់ទាំង២នេះ គឺបង្ហាញនូវសក្តានុពលខ្លាំងសម្រាប់ទេសចរផ្សងព្រេង ។ ចំណែកនៅខេត្តបាត់ដំបងក៏មានសហគមន៍អូរជាំ ស្ថិតនៅស្រុកសំឡូតក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងការផ្សព្វផ្សាយផងដែរ ខណៈដែលខេត្តមួយនេះមានតំបន់ទេសចរដ៏ទាក់ទាញ ច្រើនដូចជា អគារសំណង់បែបបុរាណ ឡូរី ភ្នំសំពៅ ភ្នំបាណន់ រួមទាំងសហគមន៍មួយចំនួនទៀតដែលមានសក្កានុពលធំធេងសម្រាប់ទាក់ទាញភ្ញៀវទេសចរ ។
លោក ជុក ជំនោរ ក៏បានឲ្យដឹងដែរថា គោលដៅទេសចរមួយទៀតដែលយើងកំពុងរៀបចំដាក់បញ្ចូលសម្រាប់ផ្សព្វផ្សាយនាឆ្នាំ២០១៩នោះ គឺតំបន់អេកូទេសចរអូរសោម ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ជាប់នឹងខេត្តកោះកុង ខណៈដែលក្រុមជំនាញនឹងចុះទៅតំបន់នោះផ្ទាល់ ដើម្បីជួយរៀបចំតំបន់នោះឲ្យក្លាយជាតំបន់ទេសចរដ៏ទាក់ទាញផងដែរ ។ លោកបញ្ជាក់ថា ក្រៅពីតំបន់អង្គរវត្ត គឺតំបន់មួយចំនួនដែលលោកបានលើកឡើងខាងលើនេះ ភាគច្រើនអ្នក ទេសចរយើងពុំសូវស្គាល់នោះទេ ។
ដូច្នេះសំខាន់ណាស់ដែលយើងត្រូវដាក់បញ្ចូលក្នុងគោលដៅផ្សព្វផ្សាយសម្រាប់ឆ្នាំ២០១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកាន់តំបន់នោះ ។ ប៉ុន្តែលោកថា ចំពោះតំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេងនោះចាំបាច់ យើងត្រូវរៀបចំឲ្យមានជាសហគមន៍ទេសចរណ៍ជាមុនសិន ដើម្បីទ្រទ្រង់ដល់ដំណើរកម្សាន្តសម្រាករបស់ភ្ញៀវទេសចរណ៍ទៅកាន់តំបន់នោះ ។ ដូចជា ការរៀបចំឲ្យបងប្អូនសហគមន៍មានជំនាញក្នុងការទទួលភ្ញៀវការធ្វើម្ហូបអាហារបែបចុងភៅ ព្រៃជាដើម ក្នុងពេលដែលរាជរដ្ឋាភិបាល និងអាជ្ញាធរនឹងរៀបចំហេដ្ឋារចនាសម្ពន្ធ័រួមទាំងសន្តិសុខ សណ្តាប់ធ្នាប់ ។
តាមលោក ជុក ជំនោរ នៅតែមានជំនឿថា នៅពេលខាងមុខតំបន់សហគមន៍អារ៉ែងនឹងក្លាយជាតំបន់ទេសចរទាក់ទាញ និងមានភ្ញៀវទេសចរទៅកាន់ទីនោះច្រើនជាងគេព្រោះ ថា តំបន់នោះមិនគ្រាន់តែមានសក្កានុពលទេសចរធំធេងនោះទេ ប៉ុន្តែតំបន់អារ៉ែងត្រូវបានគេ ស្គាល់ច្រើនជាងគេ ហើយការរៀបចំរបស់យើងក៏បានល្អថែមទៀត ។ ដូច្នេះក្នុងឆ្នាំ២០១៩ និង ឆ្នាំខាងមុខភ្ញៀវទេសចរទៅកាន់តំបន់អារ៉ែងច្រើនមិនខាន ។
សូមជម្រាបថា ឆ្នាំ២០១៨កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,២លាននាក់ ក្នុងកំណើនជាង១១% ហើយរំពឹងថា ឆ្នាំ២០២០ខាងមុខនេះកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរប្រមាណ៧លាននាក់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ