ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ ព្រះ​រាជទាន​ពរ​ល្អ​ហួស ឱ្យ​ជោគ​ជ័យ​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជូ​រី ល្អ​ហួស មាន​មោទនភាព​ខ្លាំង ដ្បិត​បាន​ព្រះ​រាជទាន​ពរ​ដោយ​ផ្ទាល់​ពី​ព្រះមហាក្សត្រ​ឱ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​បវរកញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

ល្អ​ហួស បាន​ចាត់​ទុក​ព្រះ​រាជទាន​ពរ​ពី​ព្រះមហាក្សត្រ​នា​ពេល​នេះ គឺជា​កម្លាំងចិត្ត​យ៉ាង​ធំធេង​សម្រាប់​នាង​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ចំពោះ​ការ​ប្រកួតប្រជែង​លើ​វិ​ថី​បវរកញ្ញា​មួយ​នេះ ។

ជាមួយ​រូបភាព​វី​ដេ​អូ​ក្រាប​សំពះ​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​មួយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ជូ​រី ល្អ​ហួស បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ២០២៦ ថា «​នាង​ខ្ញុំ​ជូ​រី ល្អ​ហួស ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ និង​កិត្តិយស​យ៉ាង​ក្រៃ​លែង ដែល​បាន​ចូល​ក្រាបថ្វាយបង្គំ និង​ទទួល​ព្រះរាជ​ពរ​ជ័យ​ពី ព្រះករុណា ព្រះបាទ​នរោត្តម សីហ​មុនី ។

អ្វី​ដែល​ជា​កិត្តិយស​ដ៏​វិសេសវិសាល និង​មាន​តម្លៃ​បំផុត គឺ​ព្រះករុណា​ទ្រង់​បាន​ព្រះ​រាជទាន​ព្រះ​ពរ និង​លើក​ទឹក​ព្រះ​ទ័យ ប្រាថ្នា​ឱ្យ​រូប​នាង​ខ្ញុំ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​នាំ​មក​នូវ​កិត្តិយស និង​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ។

ព្រះរាជ​ពរ​ជ័យ​ដ៏​ថ្លៃថ្លា​នេះ​នឹង​ក្លាយជា​កម្លាំងចិត្ត​ដ៏​ធំធេង និង​ជា​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​ដែល​ខ្ញុំ​នឹង​ចង​ចាំ​ជា​និច្ច ។
ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​មិន​ឱ្យ​ក្តី​សង្ឃឹម និង​ព្រះរាជ​ពរ​ជ័យ​ដ៏​មាន​តម្លៃ​នេះ​កន្លង​ផុត​ទៅ​ដោយ​ឥត​ន័យ ។

សូម​ក្រាប​ថ្វាយព្រះពរ ព្រះ​អង្គ​សូម​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ និង​ព្រះ​ជន្មាយុ​យឺនយូរ​» ។
ល្អ​ហួស បាន​បញ្ចេញ​ឈុត​តំណាង​ជាតិ ដែល​មានឈ្មោះ​ថា​«​នារី​កសិករ​»​ជាមួយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ការ​ប្រកួត​បវរកញ្ញា​នៅ​ឥណ្ឌូ​ណេ​ស៊ី ។

ល្អ​ហួស នឹង​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss Teen international ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ៕