មោទនភាពរបស់មាន សូនីតា ទោះបីមិនបានគ្រងមកុដ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ មាន សូនីតា បានលើកឡើងថា មកុដក្នុងតំណែង 4th runner Up ក្នុងកម្មវិធី UNIVERSAL WOMAN 2026 គឺសមិទ្ធផលមួយ ប៉ុន្តែជាផ្នែកមួយឲ្យដំណើរការផ្លាស់ប្តូរខ្លួនឯងឱ្យកាន់តែរីកចម្រើន ។ នាងក៏ចាត់ទុកដំណើរក្នុងវិស័យបវរកញ្ញារបស់នាងនាពេលនេះ គឺជាបទពិសោធន៏ដ៏មានអត្ថន័យបំផុតក្នុងជីវិតរបស់នាង ដែលបានបានឈរលើឆាកអន្តរជាតិ និងជាអ្នកមតំណាងឱ្យប្រទេសកម្ពុជា ។
កាលពីពេល ថ្មីៗកន្លងមក មាន សូនីតា អះអាងថា «ខ្ញុំបានចេញដំណើរជាមួយក្តីសុបិន ដោយនាំយកមោទនភាពជាតិខ្មែរទៅកាន់ពិភពលោក ហើយបានត្រឡប់មកវិញជាមួយអនុស្សាវរីយ៍ដ៏មានតម្លៃ មិត្តភាពដ៏ស្រស់ស្អាត និងមេរៀនជីវិតដែលខ្ញុំនឹងចងចាំជារៀងរហូត ។
ដំណើរមួយនេះបានបង្រៀនខ្ញុំថា ការក្លាយជាស្ត្រី Universal Woman មិនមែនមានន័យត្រឹមតែការទទួលបានមកុដ ឬចំណាត់ថ្នាក់នោះទេ។ វាគឺជាការឱបក្រសោបនូវមិត្តភាពរវាងស្ត្រី ការគោរពភាពខុសគ្នា ការប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បីបង្កើតអត្ថន័យ និងការលើកទឹកចិត្តឱ្យស្ត្រីគ្រប់រូបជឿជាក់លើសមត្ថភាពរបស់ខ្លួន ។
ថ្ងៃនេះខ្ញុំត្រឡប់មកវិញជាមួយតំណែង ជ័យលាភីលេខ៤ នៃកម្មវិធី Universal Woman 2026 ប៉ុន្តែអ្វីដែលខ្ញុំទទួលបាន គឺច្រើនជាងចំណាត់ថ្នាក់មួយទៅទៀត ។ ខ្ញុំត្រឡប់មកជាមួយបេះដូងពោរពេញដោយការដឹងគុណ គោលបំណងកាន់តែច្បាស់លាស់ និងក្តីសុបិន្តកាន់តែធំសម្រាប់ថ្ងៃអនាគត ។
មកុដគឺជាពេលវេលាមួយ ប៉ុន្តែស្នាដៃល្អដែលយើងបន្សល់ទុក គឺជាមរតកដ៏មានតម្លៃ ។
ដំណើរមួយនេះពិតជាអស្ចារ្យ និងពោរពេញដោយអនុស្សាវរីយ៍ដ៏មានតម្លៃ!» ។
មាន សូនីតា បន្តថា «ខ្ញុំពិតជាមានមោទនភាពដែលបានចែករំលែកភាពស្រស់ស្អាតរបស់កម្ពុជា មិនត្រឹមតែតាមរយៈតំបន់ទេសចរណ៍ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈភាពកក់ក្តៅរបស់ប្រជាជនខ្មែរ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏ល្អរបស់យើង ។
អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺការបង្ហាញឈុតស្បៃខ្មែរ ជាមួយបេក្ខភាពមកពីបណ្តាប្រទេសនានានៅលើទឹកដីសៀមរាបនៃប្រទេសកម្ពុជា ។
ការស្លៀកពាក់ស្បៃខ្មែរ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កាន់តែជិតស្និទ្ធជាមួយឫសគល់ ប្រពៃណី និងភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ រាល់ក្បាច់រចនា និងភាពល្អប្រណីត សុទ្ធតែមានរឿងរ៉ាវនៃវប្បធម៌ដ៏សម្បូរបែបរបស់យើង ដែលយើងបន្តថែរក្សា និងបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ។
មានមោទនភាពដែលបានតំណាងឱ្យប្រទេសកម្ពុជា និងចែករំលែកមរតកវប្បធម៌ដ៏មានតម្លៃរបស់យើងទៅកាន់ពិភពលោក» ៕





ចែករំលែកព័តមាននេះ