ខេត្តពោធិ៍សាត់ប្រែក្លាយមុខមាត់ថ្មី ! គោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមិនអាចរំលងបាន
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់ឥឡូវនេះបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញអ្នកទេសចរ ដោយមានទាំងព្រៃភ្នំ ទឹកធ្លាក់ និងទិដ្ឋភាពតាមដងទន្លេសាប ដែលធានាថា ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាឡើងវិញពេលទៅកម្សាន្ត ។ ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានទម្លាយឱ្យដឹងពីទីតាំងទេសចរណ៍ធម្មជាតិថ្មីៗ ជាច្រើនកន្លែងសម្រាប់អ្នកត្រៀមខ្លួនទៅលម្ហែកាយ ដោយចំណាយពេលពី ២ ទៅ ៣យប់នៅលើទឹកដីខេត្តពោធិ៍សាត់ ។

លោក លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦ មកនេះ បានប្រាប់ឱ្យដឹងថា លោកត្រូវធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ មានភាពស្រស់ស្អាត ដើម្បីទាក់ទាញ ដោយសារតែខេត្តនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន មានដូចជា ៖ ទឹកធ្លាក់ច្រកល្អៀង ល្បាក់កំរោញ ស្ពានខ្ពស់ជាងគេនៅអូរសោម និងភ្នំ ១៥០០ ជាដើម ។

លោកអភិបាលខេត្តឱ្យដឹងទៀតថា យើងកំពុងរៀបចំជាច្រើនកន្លែងទៀតដែលជាតំបន់ទេចចរណ៍ធម្មជាតិ មានន័យថា កន្លែងដែលយើងទៅមើល គឺធ្វើឱ្យយើងភ្លឺថ្លាក្នុងអារម្មណ៍របស់យើងដូចជាតំបន់ត្រជាក់នៅអូរសោម នៅវាលវែង នៅថ្មដា ជាដើម ជាពិសេសមាននៅក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ។

លោកបន្ថែមថា អ្នកទេសចរអាចចំណាយពេលពី ២ ទៅ ៣យប់ ដើម្បីមកកម្សាន្តនៅខេត្តពោធិ៍សាត់ ដោយប៉ែកខាងលើនៃខេត្តនេះមានព្រៃភ្នំធម្មជាតិ ទឹកធ្លាក់ ហើយប៉ែកខាងក្រោមមានបឹងទន្លេសាប ដែលអ្នកទេសចរអាចមកជិះទូកកម្សាន្តមើលប្រជាពលរដ្ឋប្រកបអាជីវកម្ម នេសាទ ។ ចំពោះការស្នាក់នៅវិញ លោកបានអះអាងថា គឺមានស្ទើរតែគ្រប់កន្លែងនៅតាមបណ្តាក្រុង និងស្រុក ៕





ចែករំលែកព័តមាននេះ