ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ! មន្ត្រីយោធា​បើកបុក​២នាក់​ប្តី​ប្រពន្ធយ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ក្រឡាញ់​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ ខ​.​ម បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ក្រឡាញ់​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ ខ​.​ម បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​​ឱ្យ​បុរស​ជា​ប្តី​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​បាន​រង​របួសធ្ងន់​។ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​ស្រុក​ក្រឡាញ់​ដើម្បី​សួរនាំ​បន្ត​ទៅ​តាម​នីតិវិធី ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មុខ​ផ្លូវ​ចូល​ភូមិ​ទម្លាប់ ស្ថិត​នៅ​ក្នុងភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បានឱ្យ​ដឹង ថា ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ណា​វ៉ា​រ៉ា ពណ៌​ត្រេ​អុី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០២.២-១០៣៧ បើកបរ​ដោយ ឈ្មោះ លី ចិន្តា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​មួយ ឃុំ​ព្រះ​ពន្លា ស្រុក​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១A-៦៥៨៩ បើកបរ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ ឆប សា​វ៉​ត អាយុ​៤៩​ឆ្នាំ បាន​ស្លាប់ និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​ឈ្មោះ ក្លាយ ប៉យ អាយុ​៤៨​ឆ្នាំ បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោក​អធិការ​នគរបាល​ស្រុក​ក្រឡាញ់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ ខ​.​ម បើកបរ​ដោយ​បុរស​ជា​មន្ត្រី​យោធា​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លំ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​២​នាក់​ប្តី​ប្រពន្ធ កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​បាន​រង​របួសធ្ងន់ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ និង​រថយន្ត​រង​ការ​ខូចខាត​ស្រាល​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត និង​រថយន្ត នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សព​បុរស​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ