រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យលោកសុខ ឥសានបានប្រកាសស្វាគមន៍ចំពោះអ្នកវិភាគល្បីៗនៅកម្ពុជា ក្នុងការប្រមូលផ្តុំគ្នាបង្កើតគណបក្សនយោបាយថ្មីមួយ ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ។ ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនេះ បន្ទាប់ក្រុមសង្គមស៊ីវិល និងអ្នកវិភាគល្បីៗនយោបាយ សង្គមនៅកម្ពុជាបានប្រមូលផ្តុំចង់ឲ្យមានវប្បធម៌នយោបាយថ្មីនៅកម្ពុជា ហើយអាចនឹងបង្កើតគណបក្សនយោបាយថ្មីនៅពេលខាងមុខ ។
លោក សុខ ឥសាន បានផ្តល់បទសម្ភាសន៍ជាមួយកោះសន្តិភាពតាមទូរស័ព្ទនាថ្ងៃទី២៦ ខែមិថុនាយ៉ាងដូច្នេះថា កាលពីពេលប៉ុន្មានថ្ងៃមុនមានសារព័ត៌មានមួយបានចុះផ្សាយថា បងប្អូនដែលធ្វើការនៅសង្គមស៊ីវិលមួយចំនួនចង់បង្កើតគណបក្សនយោបាយថ្មីមួយ ។ លោកបញ្ជាក់ថា ៖«អីញ្ចឹងទេ បានគេបង្កើតវប្បធម៌នយោបាយថ្មី ដើម្បីចង់បង្កើតគណបក្សនយោបាយថ្មី ក៏ប៉ុន្តែលោក ព្រាប កុល បដិសេធន៍ថា មិនចង់បង្កើតនោះទេ» ។ ជាមួយគ្នានោះដែរលោកសុខ ឥសាន ក៏បានឲ្យដឹងថា តាមព័ត៌មានដែលលោកទទួលបានពីសហរដ្ឋអាមេរិកមាន អតីតអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួននៅអាមេរិកបានចូលទៅជួបអង្កការ IRI អង្កការ NDI និងលោកស្រីរ៉ូ ណាស្មីត ដោយអ្នកទាំងនោះបានឲ្យយោបល់ទៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង ។
ដូច្នេះអ្នកទាំងនេះចង់យកនិន្នាការយកសេះថ្មី ដូចសេះចាស់ ដែលប្រើលែងកើតពោល គឺចង់ឈប់ប្រើអតីមេបក្សប្រឆាំងក្នុងការធ្វើនយោបាយ ។ លោកបញ្ជាក់ថា ៖«ប្រហែលចង់យកសេះថ្មី ដូចសេះចាស់ (ដូរមេបក្សប្រឆាំង) មានតែរឿងនេះ ព្រោះឥឡូវនេះកំពុងតែឆ្លេឆ្លារ ហើយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ក្រោយពីមានការផ្តល់យោបល់ពីអង្កការ IRI និងអង្កការNDI និងលោក ស្រី រ៉ុ ណាស្មីតមក» ។
ជាមួយគ្នានោះដែរលោក សុខ ឥសាន ក៏បានលើកឡើងថា ដោយសារមេដឹកនាំគណបក្ស ប្រឆាំង ឬសេះចាស់កន្លងមកនេះអត់បានការ ទទួលបរាជ័យ ដូច្នេះត្រូវរកសេះថ្មីដូរ ។ សេះ ចាស់នេះមិនមែនតែចាស់ទាំងនយោបាយទេ គឺចាស់ទាំងអាយុទៀតជាង៧០ឆ្នាំហើយដូច្នេះគេត្រូវយកក្មេងៗអាយុ៥០ ឬជាង៥០មកជំនួសហើយ ។ អ្នកនាំពាក្យដដែលក៏បានលើកឡើងថា អង្កការ IRI និង NDI បានគាំទ្រមនោគមវិជ្ជាសេរី ក្នុងការប្រកួតប្រែងជាមួយគណបក្សប្រជាជនកម្ពុជាដែលគេចោទថា កុម្មុយនីស ។
លោកគូសបញ្ជាក់ថា ៖«អីញ្ចឹងឥឡូវនេះ (អតីតមេបក្សប្រឆាំង) សេះចាស់អាយុក៏ច្រើននយោបាយក៏អត់បានការ ហើយបរាជ័យរហូតអីញ្ចឹងប្រហែលចង់ទាត់សេះចាស់ចោលដាក់ សេះថ្មីហើយ» ។ នៅពេលដែលសួរថា ក្នុងករណីដែលក្រុមសង្គមចង់បង្កើតនយោបាយថ្មីនៅកម្ពុជាចង់បង្កើតគណបក្សនយោបាយមួយថ្មីនៅកម្ពុជាយើងបក្សកាន់អំណាចស្វាគមន៍ដែរឬទេ0x017d7 ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រកាសស្វាគមន៍ ក៏ប៉ុន្តែត្រូវធ្វើបែបបទត្រឹមត្រូវក្នុងការបង្កើតគណបក្សនយោបាយឲ្យតាមច្បាប់ស្តីពីគណបក្សនយោបាយ ។
លោកគូសបញ្ជាក់ថា ៖«យើងស្វាគមន៍ យើងអត់មានថា អ្វីទេ មានតែលើកទឹកចិត្តឲ្យគាត់បង្កើត ហើយត្រូវបញ្ចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ហើយមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនទៅតាមគោលការណ៍ច្បាប់នោះគ្មានបញ្ហាអ្វីនោះទេ» ។ យ៉ាងណាក្តីអ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានបង្ហាញសណ្តានចិត្តថា ទោះបីជាអតីតសមាជិកបក្សប្រឆាំងដែលទទួលបានសុំសិទ្ធិនយោបាយរួចហើយចូលជាមួយក្រុមសង្គមស៊ីវិលក៏មិនហាមឃាត់នោះ គឺមិនបិទសិទ្ធិក្នុងការធ្វើនយោបាយនោះទេ ។ ប៉ុន្តែប្រសិនអតីតមន្ត្រីគណបក្សប្រឆាំងដែលត្រូវត្រូវច្បាប់ព្យួរក្នុងការធ្វើនយោបាយ ហើយមិនទាន់ផុតនៃថេរវេលានៃកំណត់នោះមិនអាចធ្វើសកម្មភាពនយោបាយបាននោះទេ ។ ប៉ុន្តែអ្នកដែលមានសិទ្ធពេញលេញហើយអាចចូលគណបក្នយោបាយណាក៏បានដែរ ព្រោះជាសិទ្ធិរបស់គាត់ ។
ទោះបីជាមានក្រុមសង្គមស៊ីវិលសុទ្ធតែអ្នកល្បីៗខាងវិភាគនយោបាយ និងសង្គមប្រមូលផ្តុំគ្នាយ៉ាងណាក្តី ក៏លោកសុខ ឥសាន បានអះអាងថា មិនព្រួយបារម្ភនោះទេ ។ លោកបញ្ជាក់យ៉ាងដូច្នេះថា ៖«យើងរកជើងខ្លាំងឲ្យជើងខ្លាំងដែលអួតយូរហើយមកប្រមូលផ្តុំគ្នាមកប្រកួតប្រជែងមក ហើយបើឈ្នះឆ្នោតកាន់អំណាចទៅគ្មានអ្នកណាថា អ្វីនោះទេ» ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ