ផ្តើមពី​​រឿងលុយ​…ទើប​បើកឡាន​មក​បាញ់​​ហាង​បោក​អ៊ុត​១១គ្រាប់ផ្អើល​


រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កាមេរ៉ា​សុ​វត្ថិភាព នគរបាល​ខណ្ឌសែន​សុខ កំណត់​មុខសញ្ញា​ហើយ​សហការ​ជាមួយនគរបាល​ប៉ុស្តិ៍​ទឹកថ្លា ឃាត់ខ្លួន​ជន​ដៃដល់ ព្រមទាំងយក​ហូត​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម លេខ​១៦២០៤៦១ បង់​១​មាន​គ្រាប់​១២​គ្រាប់ សម្បកគ្រាប់​១១ ក្បាល​គ្រាប់​២ រថយន្ត​១​គ្រឿង ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២AX-៩៥០៩ ហើយជនសង្ស័យត្រូវ​បាន​ឃាត់ខ្លួននៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​ច្បាប់។ តាម​ការ​សារភាព​ទាក់ទង​នឹង​ការ​ប៉ុន​ធ្វើឃាត​ ដោយ​ការ​បាញ់​រះ​នេះ ខ្មាន់កាំភ្លើង​ដែល​ត្រូវ​ចាប់ខ្លួន​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា ដោយសារ​តែ​គំនុំ​ខឹង​ស្ត្រី​ម្ចាស់ផ្ទះខាងលើ ជំពាក់​​ប្រាក់​ចំនួន​៤៤.៤៤០​ដុល្លារ ពុំ​ព្រម​សង។

គួរបញ្ជាក់ថា ជនដៃដល់ គឺជានាយ​រង​ការិយាល័យ​នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចាប់​ដាក់​ខ្នោះ​ភ្លាម​ៗ បន្ទាប់ពី​ផឹកស្រា​ស្រវឹង ​រួច​បើករថយន្ត​មួយ​គ្រឿង​ មក​ឈប់​មុខ​ផ្ទះ​បោក​​អ៊ុត​មួយ រួច​ទាញ​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់​រះ​ទម្លុះ​ចូល​ផ្ទះ​បោក​អ៊ុត​នោះ​ចំនួន​១១​គ្រាប់​លាន់​កក្រើក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ។ ហេតុ ការណ៍​​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​២៤ ​មិថុនា នៅ​ចំណុច​ផ្ទះ​លេខ​១០ ផ្លូវលំ ភូមិ​​ផ្សារ​ទឹកថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹងថា គេ​ឃើញ​បុរស​ជា​ខ្មាន់កាំភ្លើង​ខាងលើ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្តា​រិច ពណ៌.ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AX-៩៥០៩ មក​ឈប់​នៅ​ខាង​មុខ​ផ្ទះ​បោក​អ៊ុត​ខាងលើ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទៅ​ហើយ និង​កំពុង​អង្គុយ​បត់​ខោអាវ​ជាមួយនឹង​កូន​ៗ​នៅ​ខាងក្នុង ។ បុរស​ជា​ខ្មាន់ កាំភ្លើង​នេះ​បាន​ចុះ​ពីលើ​រថយន្ត រួច​យក​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម​ចេញពី​ក្នុង​រថយន្ត ហើយ​បាញ់​រះ​សំដៅ​ចូល​ទៅ​ក្នុងផ្ទះ​បោក​អ៊ុតតែ​ម្តង បណ្តាល​ឲ្យ​បែក​កញ្ចក់​ទ្វារ​ចំនួន​២​ផ្ទាំង និង​បង្ក​ឲ្យ​ម្ចាស់ផ្ទះ​និង​កូន​ៗ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ពួន​សំងំ​មិន​ហ៊ាន​ចេញ​ក្រៅ​ឡើយ ។បន្ទាប់​ពី​បាញ់​រះ​រួច​មក ខ្មាន់កាំភ្លើង​រូប​នេះ ​ក៏​ឡើង​បើករថយន្ត​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​​ទៅ ឯ​ម្ចាស់ផ្ទះ​រង​គ្រោះ​ក៏​បានរាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើ​អន្តរាគម​ន៍​ភ្លាម​ៗ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា បន្តិច​ក្រោយមក សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់ ដោយ​មាន​វត្តមាន​លោក​អ​ធិការ​​នគរបាល​ខណ្ឌ​សែន​សុខ លោក ហួរ ម៉េ​ងវ៉ាង ដឹកនាំ​ស្រាវជ្រាវ និង​សួរនាំ​រហូត​កំណត់​មុខសញ្ញា​បាន​ភ្លាម​ៗ​ដែរ ។ បន្ទាប់​មក លោក​អធិការ​ក៏​បាន​ដឹកនាំ​កងកម្លាំង​ទៅ​ចាប់​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើ នៅ​ចំណុច​ផ្ទះ​អត់​លេខ ខាងក្រោយ​ផ្សារ​ទឹកថ្លា ផ្លូវលំ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា តាម​កាមេរ៉ា​សុវត្ថិភាព​ បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ហើយ​ត្រូវ​បាន​ចាប់ខ្លួន ​គឺ​ឈ្មោះ ហេង សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​នាយ​រង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​(​គ​៤) ស្នាក់​នៅផ្ទះ​អត់លេខ​ខាងលើ ។ ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​វាស់​ជាតិ​អាល់កុលឃើញ​ថា​ មាន​ផ្ទុក​ជាតិ​អាកុល​ចំនួន​០.៧១​ក្នុង​មួយ​លី​ត្រ​ខ្យល់ ។

តាម​ការ​សាកសួរ​សមត្ថកិច្ច​ក៏​បាន​បង្ហើប​ថា ករណី​នេះ​ គឺ​បណ្ដាល​មក​ពី​គំនុំ ព្រោះ​ជន​រង​គ្រោះ​និង​ជនល្មើស​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ពី​មុន​មក ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា​ ជា​ទំនាស់​រឿង​អ្វី​នោះ​ទេ ។ ជនល្មើស​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ។

តាម​នគរបាល​ឱ្យ​ដឹង​ទៀត​ថា ខ្មាន់កាំភ្លើង​រូប​នេះ​និង​ប្តី​ស្ត្រី​ម្ចាស់ផ្ទះ បាន​រកស៊ី​ហ៊ុន​ជាមួយ​គ្នា​នាំ​អីវ៉ាន់​ពី​ប្រទេស​ថៃ ។ នៅ​ពេល​រកស៊ី​នោះ បុរស​ជា​ប្តី​រកស៊ី​មិន​ស្មោះ ពេល​លក់​អីវ៉ាន់​បាន​យក​ប្រាក់​គេចខ្លួន ហើយ​ខ្លួន​ដែល​ជា​មន្ត្រី​នគរបាលក៏​បាន​ប្តឹង​ឱ្យ​ឃាត់ខ្លួន​ភាគហ៊ុន​ជា​ប្តី ​ដែល​ពេល​នេះ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ តែ​ប្រាក់​ដែល​ជំពាក់​នៅ​តែ​មិន​សង ។

អ្នក​ច្បាប់​ម្នាក់​និយាយ​ថា បើ​តាម​ការ​សារភាព​នេះ ​ក៏​មិនដឹង​ថា តើ​បញ្ហា​គំនុំ​រហូត​យក​កាំភ្លើង​ទៅ​បាញ់​រះ​បែប​នេះ ជា​ភាព​ត្រឹមត្រូវ​ឬ​បែបណា ។ ការ​ចាប់ខ្លួន​ឃុំ​ឱ្យ​សង​ប្រាក់ គួរតែ​រង់ចាំសាលក្រម​ពី​តុលាការ​សិន ទើប​ដឹង​ថា​ ការ​កំណត់​ឱ្យ​សង​នោះ​តាម​របៀប​ណា ?

បើ​ដូច​ការ​អះអាង​របស់​ខ្មាន់កាំភ្លើង​បែប​នោះ គឺជា​ការ​អនុវត្ត​ពី​ត្រូវមក​ខុស​វិញ ហើយ​នេះ​សំណាងល្អ​ហើយ​ដែល​មិន​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ