អ្នកភូមិព្រៃទា កាន់តែក្តៅក្រហាយខ្លាំង​និងចោទ​កងការពារអាកាសថា…


រាជធានី​ភ្នំពេញ ៖ មក​ដល់​ពេល​នេះ​ កាន់តែ​ក្ដៅ​គគុក​ហើយ ដែល​អ្នក​ភូមិ​ព្រៃ​ទា សង្កាត់ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យចំនួន​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារ បាន​សម្ដែង​ការក្ដៅក្រហាយ​យ៉ាង​ខ្លាំង និង​បន្ត​ការ​តវ៉ា​របស់ខ្លួន​ទៀត កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ។ ពួក​គាត់​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ជា​ពិសេស​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ផង ព្រោះ​សម្ដេច​ធ្លាប់​បាន​ចេញ​ចំណារ​ប្រគល់​ដី​ទំនាស់​ជូន​ពួក​គាត់ តាំងពី​ឆ្នាំ​២០១៧​មក ប៉ុន្តែ​យោធា​នៅ​តែ​មិន​ព្រម​ប្រគល់​ដី​នោះ​មក​ឲ្យ​ពួក​គាត់​តាម​ចំណារ​ឡើយ ។

ម្យ៉ាងទៀត គណៈកម្មការ​ដោះស្រាយ​ទំនាស់ កាល​ណោះ​ឈប់​ដោះស្រាយ មិន​ព្រម​អនុវត្ត​តាម​ចំណារ​សម្រេច​របស់​សម្ដេច ទើប​រឿង​ទំនាស់​មួយ​នេះ​បាន​អូស​បន្លាយពេល​ដ៏​រ៉ាំរ៉ៃ រហូត​មក​ដល់​បច្ចុប្បន្ន​ជិត​២០​ឆ្នាំ​ហើយ ។ ក្រុម​អ្នក​ភូមិ​និយាយ​ថា ពេល​នេះ​ពួក​គាត់​បន្ត​ការ​តវ៉ា​ទៀត បន្ទាប់​ពី​បានដឹង​ថា យោធា​ខាងលើ​មិន​ត្រឹមតែ​រំលោភ​យក​ដី​ពួក​គាត់ និង​មិន​ព្រម​ប្រគល់​ដី​ជូន​ពួក​គាត់ តាម​ចំណារ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​និយាយ​បំផ្លើស​ទៅ​កាន់​សារព័ត៌មាន​ក្នុងស្រុក​មួយ ដោយ​ប្រើ​សម្ដី​អសុរោះ​ខ្លះ​ៗ​ផង​ថា «​អ្នក​ភូមិ​ខាងលើ​តវ៉ា​៣០​ទៅ​៤០​ដង​មក​ហើយ ប៉ុន្តែ​ខាង​អធិការកិច្ច​បាន​ដោះស្រាយ​ប្រគល់​ដី​ឲ្យ​ពួក​គាត់​រួច​ហើយ​ដែរ តែ​អ្នក​ភូមិ​ទាំងនោះ​ចេះ​តែ​កើតកូន​កើត​ចៅ​បន្ត​ទៀត ចំណែក​អ្នក​ដែល​តវ៉ា​មិនមែន​ជា​អ្នក​នៅ​ក្នុង​បញ្ជី​ឡើយ ហើយ​មិនដឹង​យ៉ាងម៉េច​ពួក​វា​នៅ​តែ​ធ្វើការ​តវ៉ា​ទៀត​» ។

ការ​និយាយ​បំផ្លើស​នេះ គឺជា​ចេតនា​មួយ​ដើម្បីធ្វើ​ឲ្យ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នានា​យល់​ច្រឡំ​ថា រឿង​នោះ​ដោះស្រាយ​ចប់​ហើយ​តែ​អ្នក​ភូមិ​នៅ​តែ​តវ៉ា ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ផ្ទុះ​ការ​តវ៉ា​រាប់​ដង​មិន​អស់​មិន​ហើយ តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ដដែល​ជា​ដដែល​បែប​នេះ ។ ក្រោយ​ពី​ការ​និយាយ​បំផ្លើស​គ្មាន​ការ​ពិតដូច​ខាងលើ​នោះ​ហើយ ទើប​ពួក​គាត់​លើកគ្នា​ទៅ​កាន់​ដី​ទំនាស់ ស្ថិត​នៅ​ក្បែរ​បន្ទាយ​មូលដ្ឋាន​កងការពារ​អាកាស​វរៈ​៩១ នៅ​ក្នុងភូមិ​ពួក​គាត់​នោះ​ដែរ ។ ម្យ៉ាងទៀត ពួក​គាត់​តវ៉ា​ទាមទារ​យក​ដី​ទំហំ​៤៣.៧៥០​ម៉ែត្រការ៉េ ទៅ​តាម​ចំណារ​បែងចែក​របស់​សម្ដេច​តេ​ជៅ​នាយក​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ហើយ​ទំនាស់​ដី​នេះ​បាន​អូស​បន្លាយពេល​ជិត​២០​ឆ្នាំ​មក​ហើយ​ដែរ ។

ក្រុម​អ្នក​ភូមិ​បាន​រំឭក​ពី​ប្រវត្តិ​ដី​ទំនាស់​នេះ​ថា កាលពី​ឆ្នាំ​១៩៨៧ អង្គភាព​យោធា​ខាងលើ​ស្នើ​សុំខ្ចី​ដី​ពី​ពួក​គាត់​ទំហំ​សរុប​ជាង​៩​ហិ​កតា​៣០​អា ដើម្បីធ្វើ​ជា​មូលដ្ឋាន​កងទ័ព​ឈរជើង​ការពារ​ដែន​អាកាស​ជា​បណ្ដោះអាសន្ន ដោយ​សន្យា​ថា​នឹង​ប្រគល់​មក​ឲ្យ​វិញ​នៅ​ពេល​អ្នក​ភូមិ​ត្រូវការ ។ ដោយ សារ​តែ​មានការ​សន្យា​បែប​នេះទើប​​ពួក​គាត់​យល់ព្រម​ឲ្យ​ខ្ចី​ដោយ​មិន​បាន​គិត​ថា យោធា​មិន​គោរព​ពាក្យ​សន្យា​បែប​នេះ​ឡើយ ។ លុះដល់​ឆ្នាំ​២០០២ ពួក​គាត់​បាន​ទាមទារ​យក​ដី​មក​វិញដើម្បី​ចែក​កូនចៅ​ក្នុងភូមិ ដែល​មាន​ប្ដី​មាន​ប្រពន្ធ​ត្រូវ​បែក​គ្រួសារ​សម្រាប់​រស់នៅ ស្រាប់តែ​យោធា​មិន​ព្រម​ប្រគល់​ឲ្យ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ពួក​គាត់​បាន​លើកគ្នា​ធ្វើការ​តវ៉ា​តតាំង​ជាមួយ​យោធា ដែល​កាលណោះ​មាន​លោក​ឧត្តមសេនីយ៍ សុខ ប៉ា​ង ជា​មេបញ្ជាការ​កងទ័ព​វរៈ​៩១​នោះ ហើយ​ការ​តវ៉ា​នេះ ក៏​មាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ រួម​នឹង​ក្រសួង ការពារ​ជាតិ​ផង បាន​ចូលរួម​ដោះស្រាយ​ជា​បន្តបន្ទាប់ ។ ក្រោយមក​ដើម្បី​បញ្ចប់​ទំនាស់ នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​ចំណារ​បែងចែក​ដី​តាម​សំណើ​របស់​ក្រសួងការពារជាតិ ។

នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រសួងការពារជាតិ​បាន​ចេញ​សេច ក្ដី​​សម្រេច​លេខ​០៩៩​សណ ២០១៧ បង្កើត​ក្រុមការងារ​មួយ​ក្នុង​នោះ​រួម​មាន​៖ ១-​នាយកដ្ឋាន​អ​ធិការ​កិច្ច​ក្រសួងការពារជាតិ​ជា​ប្រធាន ២-​នាយកដ្ឋា​ន​វិស្វកម្ម​ក្រសួងការពារជាតិ​ជា​អនុ​ប្រធាន៣-​តំណាង​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេ​មរ​ភូមិន្ទ​ជា​សមាជិក ៤-​តំណាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ជា​សមាជិក ៥-​តំណាង​អាជ្ញាធរ​ដែនដី​រាជធានី​ភ្នំពេញ​ជា​សមាជិក ដើម្បី​ចុះ​វាស់ វែង​បែង​ចែក​ដី​នោះ​ជា​៣​ចំណែក​គឺ ៖ទី​១-​កាត់​ដី​ទំហំ​ជាង​៣៤.៣៧៣​ម៉ែត្រការ៉េ ជូន​ទៅ​គ្រួសារ​កងទ័ព​នៅ​ជុំវិញ​បន្ទាយ​ចំនួន​១២៤​គ្រួសារ ថែម​ទាំង​ផ្ដល់​ជូន​ប័ណ្ណកម្មសិទ្ធិ​ផង​ដែរ ។ ទី​២-​កាត់​ដី​ទំហំ​៤៣.៧៥០​ម៉ែត្រការ៉េ ប្រគល់​ជូន​ពួក​គាត់​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារ ទី​៣​-​រក្សា​ដី​ដែល​នៅ​សល់​ទំហំ​ជាង​១៤.២៦៣​ម៉ែត្រការ៉េ ប្រគល់​ជូន​ទៅ​កងទ័ព​រួម​ជាមួយ​ដី​២​ហិ​កតា​កន្លះ​ទៀត ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ។

ប្រភព​ព​ខាងលើ​បន្ត​ថា បន្ទាប់​ពី​មានការ​ឯក ភាព​គ្នា​ហើយ ពួក​គាត់​សង្ឃឹមថា​រឿង​ទំនាស់​នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង លែង​មានការ​អូស​បន្លាយពេល​ទៀត​ហើយ ។ ប៉ុន្តែ​ការ​គិត​គឺ​ខុសស្រឡះ ដោយសារ​តែ​នៅ​រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ពេល​ត្រូវ​ប្រគល់​ទៅ​តាម​ចំណែក​នីមួយ​ៗ​ទៅ​ហើយ ស្រាប់តែ​ក្រុមការងារ​ខាងលើ​ឈប់​ដោះស្រាយ និង​លែង​ប្រគល់​ទៅ​វិញ ។

ខណៈនោះ ពួក​គាត់​ម្នាក់​ៗ​មាន​ភាព​ស្រ​ឡាំង កាំ​ង ដោយ​មិន​បានដឹង​ពី​មូលហេតុ​អ្វី​ឡើយ ហើយ យោធា​បាន​កាត់​ដី​នោះ​លក់ និង​ចាក់​ដី​រំលោភ​ជា​បន្តបន្ទាប់ ។ លុះ​ពេល​ពួក​គាត់​តវ៉ា​ផ្អាក​សកម្មភាព ដល់​ពេល​ស្ងប់​ស្ងាត់​បន្តិច​ក៏​ចាប់ផ្ដើម​ចាក់​ដី​រុករាន​បោះ​បង្គោល​យក ដូច​ជា​ពេល​នេះ​ជាដើម បាន​ចាក់​ដី​លុប​ដើម្បី​ពុះ​ជា​ឡូត៍​លក់ ហើយ​ពេល​ឃើញ​បែប​នេះ​ទើប​ពួក​គាត់​លើកគ្នា​រារាំង​និង​តវ៉ា ។

នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អញ្ជើញ​ទៅ​សម្របសម្រួល​ថា នឹង​ដោះស្រាយ​នូវ​គោលនយោបាយ​ឲ្យ​សម​ស្របទៅ​តាម​តម្លៃ​ដី​នោះ ឬ​រក​ទីតាំង​ដី​ថ្មី​ប្រហាក់​ប្រហែល​នឹង​ដី​នោះ​ជូន​ពួក​គាត់​ជា​ការ​បញ្ចប់រឿង ហើយ​ពួក​គាត់​ក៏​បាន​យល់ព្រម​ដែរ ។ ប៉ុន្តែ​ស្រាប់តែ​ស្ងាត់​ទៅ​វិញ​ឈឹង ចំណែក​យោធា​ចេះ​តែ​រំលោភ​បំពាន​លើ​ដី​ទំនាស់ ទើប​ពួក​គាត់​បន្ត​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់​រហូត​មក​បែប​នេះ ។

ទាក់ទិន​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​យោធា​បាន​ឡើយ ។ ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​សម្របសម្រួល​ទប់​ស្កាត់ ក្រែង​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ជាយថាហេតុ ដោយ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ