មនុស្សជាច្រើនដែលចូលចិត្តដើរលេងលំហែកាយតែងតែដឹងច្បាស់ថា ការចំណាយលើការស្នាក់នៅពេលខ្លះខ្ពស់ជាងការទទួលទានអាហារ និងធ្វើដំណើរជាច្រើនដង ជាពិសេសប្រសិនបើអ្នកធ្វើដំណើរទៅកាន់បរទេស ។ ប៉ុន្តែវាមិនមែនជារឿងមិនអាចទៅរួចទេ សម្រាប់អ្នកដំណើរក្នុងការកាត់បន្ថយការចំណាយក្នុងការស្នាក់នៅពេលដែលទៅលំហែកាយ ។ ខាងក្រោមនេះ គឺជាវិធីងាយៗដែលអ្នកអាចអនុវត្តតាម ដើម្បីកាត់បន្ថយការចំណាយទាំងនេះ៖
១. ជ្រើសថ្ងៃទៅលំហែកាយដោយប្រុងប្រយ័ត្ន
សណ្ឋាគារផ្តល់បន្ទប់ក្នុងតម្លៃទាបនៅពាក់កណ្តាលសប្តាហ៍ ។ ប្រសិនបើអ្នកមិនចង់បង់ថ្លៃបន្ទប់ខ្ពស់ទេ អ្នកគួរតែព្យាយាមជៀសវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ លើសពីនេះទៅទៀត សំបុត្រយន្តហោះក៏មានតម្លៃខ្ពស់ជាងគេនៅថ្ងៃចុងសប្តាហ៍ដែរ ។
២. ជៀសវាងរដូវកាលវិស្សមកាល
ប្រសិនបើអ្នកមានកូនៗ ឬអ្នកមិនអាចឈប់សម្រាកពីកន្លែងការងារបាន អ្នកមិនមានជម្រើសច្រើនក្រៅពីទៅលំហែកាយនៅថ្ងៃបុណ្យជាតិ ឬវិស្សមកាលឡើយ ។ ប៉ុន្តែអ្នកគួរដឹងថា វាជាពេលដែលសណ្ឋាគារ និងកន្លែងផ្តល់សេវាកម្មស្នាក់នៅផ្សេងៗបង្កើនតម្លៃរបស់ខ្លួនដល់ទៅពាក់កណ្តាល ឬទ្វេដងឯណោះ ។
ដូច្នេះប្រសិនបើអ្នកអាចជៀសវាងបាន អ្នកគួរតែជៀសវាងរដូវកាលទាំងនេះ ។ ប្រសិនបើអ្នកធ្វើដំណើរទៅបរទេសវិញ អ្នកក៏ត្រូវពិនិត្យមើលថា វាប៉ះនឹងបុណ្យជាតិនៅក្នុងប្រទេសនោះឬទេ ព្រោះវាក៏ជាពេលដែលតម្លៃកើនឡើងដែរ ។
៣. ជៀសវាងស្នាក់នៅកណ្តាលក្រុង
វាជារឿងធម្មតាដែលមនុស្សភាគច្រើនចូលចិត្តស្នាក់នៅទីប្រជុំជន ព្រោះវាស្ថិតជិតទីតាំងទេសចរណ៍ផ្សេងៗ និងមានហាងទំនិញ ឬផ្សារទំនើបច្រើន ។ ប៉ុន្តែប្រសិនបើអ្នកធ្វើដំណើរទៅកាន់ទីក្រុងធំៗ អ្នកមិនគួរព្រួយបារម្ភទេ ព្រោះទីក្រុងទាំងនេះមានប្រព័ន្ធដឹកជញ្ជូន និងធ្វើដំណើរយ៉ាងងាយស្រួល និងលឿនថែមទៀតផង ។
ឧទាហរណ៍ដូចជា ប្រទេសសិង្ហបុរីដែលមានប្រព័ន្ធរថភ្លើងយ៉ាងងាយស្រួល ។ ដូច្នេះអ្នកអាចស្នាក់នៅជាយក្រុងបាន ដើម្បីកាត់បន្ថយការចំណាយក្នុងការស្នាក់នៅ ៕
ចែករំលែកព័តមាននេះ