រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័តឥណទានសម្បទានចំនួន៦០លានដុល្លារ ដើម្បីជួយបង្កើនជំនាញ និងការប្រកួតប្រជែងនៃកម្លាំងការងាររបស់កម្ពុជាដែលកំពុងមានការកើនឡើង ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំផ្លាស់ប្តូរផែនការសេដ្ឋកិច្ចរបស់ខ្លួនពីកំណើនសេដ្ឋកិច្ចដែលមានកម្រិតជំនាញទាប និងប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាកំណើនសេដ្ឋកិច្ចមួយដែលមានការរុញច្រានពីជំនាញខ្ពស់វិញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយថ្ងៃទី២៥ មិថុនា ២០១៩ ឥណទានសម្បទាននេះមានគោលបំណងជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្ម និង ទំនើបកម្មវិស័យឧស្សាហកម្មរបស់ប្រទេស តាមរយៈការកែលម្អបរិក្ខា និង ឧបករណ៍សម្ភារៈរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា (TTIs) មួយចំនួនដែលត្រូវបានជ្រើសរើសទូទាំងប្រទេសកែលម្អកម្មវិធីសិក្សា និងជំនាញរបស់គ្រូបណ្តុះបណ្តាលរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា និងជម្រុញឱ្យមានទំនាក់ទំនងកាន់តែរឹងមាំជាមួយរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចសំដៅសម្រេចឱ្យបាននូវសេចក្តីត្រូវការរបស់ទីផ្សារការងារ ។
នៅក្នុងសេចក្តីប្រកាសនោះថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១១០ ក្នុងចំណោមសេដ្ឋកិច្ចចំនួន ១៤០ នៅក្នុងរបាយការណ៍ស្តីពីការប្រកួតប្រជែងសកលឆ្នាំ២០១៨ នេះបើយោងតាមការផ្តល់សេចក្តីរាយការណ៍ធុរកិច្ចស្តីពីការលំបាកក្នុងការស្វែងរក និយោជិតដែលមានជំនាញខ្ពស់សម្រាប់បំពេញតួនាទីបច្ចេកទេស ។ កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជាមិនទាន់អាចផ្តល់ជូនទៅតាមសេចក្តីត្រូវការរបស់ទីផ្សារការងារនាពេលបច្ចុប្បន្នឡើយ ដោយកម្មវិធីអប់រំបណ្តុះបណ្តាលជាន់ខ្ពស់ភាគច្រើនផ្តោតលើការងារនៅក្នុងវិស័យសេវាកម្ម ។
លោកស្រី យូមីកុ យ៉ាម៉ាកាវ៉ា មន្ត្រីឯកទេសផ្នែកអប់រំរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ឱ្យដឹងថា ការមានកម្លាំងការងារដែលមានជំនាញខ្ពស់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងកម្លាំងការងារកើនឡើងដូចជាកម្ពុជា” ។ លោកស្រីថា « ឥណទានសម្បទានរបស់ ADB នឹងផ្តោតលើការកែលម្អជំនាញរបស់និយោជិតដែលបម្រើការងារនៅក្នុងវិស័យដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីជួយជម្រុញដល់ការអភិវឌ្ឍន៍របស់ប្រទេស ។ យើងនឹងធ្វើឱ្យប្រាកដថា រាល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសរដ្ឋាភិបាល និងវិស័យឯកជននឹងធ្វើការងាររួមគ្នា ដើម្បីបង្កើនជំនាញរបស់និយោជិត» ។ លោកស្រីបន្តថា គម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែងនេះនឹងជួយផលិតបាននូវអ្នកបច្ចេកទេសប្រកបដោយគុណវុឌ្ឍិការងារចំនួន១៨.០០០នាក់ រួមមាន២៨% ជាស្ត្រី ដែលមានលទ្ធភាពខ្ពស់ជាងក្នុងការទទួលបានការងារធ្វើ និងជំនាញបច្ចេកទេសនៅក្នុងវិស័យអាទិភាពចំនួន៤ រួមមានកម្មន្តសាល សំណង់ អគ្គិសនី និងអេឡិកត្រូនិក ។
ការអភិវឌ្ឍន៍ជំនាញនឹងត្រូវបានធ្វើឡើងតាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាចំនួន៥ ទូទាំងប្រទេសកម្ពុជា រាប់បញ្ចូលទាំងការកែលម្អបរិក្ខា នៅសាលបណ្តុះបណ្តាលថ្មីចំនួន១៦ ដែលមានការគិតគូរពីបញ្ហាយេនឌ័រ មានបរិយាប័ន្ន និងសន្សំសំចៃថាមពលដូចជា ជាន់អន្តេវាសកដ្ឋាន និង បន្ទប់ទឹកដោយឡែកពីគ្នាសម្រាប់ស្ត្រី ការផ្តល់ឧបករណ៍បណ្តុះបណ្តាលកម្រិតខ្ពស់ និងកម្រិតឧស្សាហកម្ម ការបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបណ្តុះបណ្តាល និងការផ្តល់ប្រាក់ឧបត្ថម្ភជូនសិស្សមួយចំនួនក្រោមមូលដ្ឋានផ្អែកលើគុណសម្បត្តិ ។
គួរបញ្ជាក់ថា ADB ប្តេជ្ញាសម្រេចឱ្យបាននូវតំបន់អាស៊ី និងប៉ាស៊ីហ្វិកមួយប្រកបដោយវិបុលភាព បរិយាប័ន្ន មានភាពធន់ និងមាននិរន្តរភាព ហើយស្របពេលជាមួយគ្នានេះក៏ធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចខិតខំរបស់ខ្លួនក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ ។ ក្នុងឆ្នាំ២០១៨ ADB បានសន្យាផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មីដែលមានចំនួនទឹកប្រាក់ ២១,៦ ពាន់លានដុល្លារ ។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ADB គឺជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៨ ប្រទេស ក្នុងនោះមានប្រទេសចំនួន៤៩នៅក្នុងតំបន់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ