សព​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​ដោយ​បាក់​អគារ បាន​ដឹក​មក​ដល់​ស្រុក​កំណើត​ហើយ


ខេត្តកំពង់ឆ្នាំង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០១៩ សព​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​២៨​នាក់ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ដឹក​មក​ដល់​លំនៅ​ឋាន​ស្ថិត​ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ​ហើយ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​រៀបចំ​បុណ្យសព​ពី​សំណាក់​លោក​ជំទាវ​អ្នកតំណាង​រាស្ត្រ និង​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​ផង​ដែរ ។

ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ឈ្មោះ ប៉ា​ង វិ​ជ្ជ​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​មេ​គ្រួសារ មាន​ប្រពន្ធ​ឈ្មោះ​អឿ​ន ហាក់ អាយុ​៤១​ឆ្នាំ ។ គ្រួសារ​ខាងលើ​មានកូន​ក្នុង​បន្ទុក​ចំនួន​៤​នាក់ ។ ដោយឡែក​កូនប្រុស​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ វិ​ជ្ជ​រ៉ា បញ្ញា អាយុ​១៨​ឆ្នាំ ក៏​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​អគារ​៧​ជាន់​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ពិធី​រៀបចំ​ទទួល​សព​ជន​រង​គ្រោះ​ខាងលើ​នេះ​ដែរ គេ​សង្កេត​ឃើញ​វត្តមាន​លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រម​កម្ពុជា លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ព្រមទាំង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ការ​ចូល​រូ​ម​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន ដែល​ជួប​គ្រោះថ្នាក់ និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ដោយ​ពុំដែល​ភ្លេច​ឡើយ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា ក៏​បាន​ផ្ដាំផ្ញើ​ដល់​គ្រួសារ​សូម​យកចិត្តទុកដាក់​ថែទាំ​សុខភាព និង​គិតគូរ​រៀបចំ​បុណ្យសព​ទៅ​តាម​ប្រពៃណី ។

ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​របស់​សព​ជន​រង​គ្រោះ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​ក្រុមការងារ​ដែល​បាន​យកចិត្តទុកដាក់ ប្រតិបត្តិការ​ជួយ​សង្គ្រោះ និង កាយ​យក​សព​ជន​រង​គ្រោះជា​ប្តី និង​ជា​ឪពុក រួច​ដឹក​បញ្ជូន​មក​ដល់​ស្រុក​កំណើត​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ថា ថវិកា​ដែល​បាន​ផ្ដល់​ជូន​គ្រួសារ​សព​ខាងលើ​នៅ​ក្នុង​នោះ​រួម​មាន​កាកបាទក្រហមកម្ពុជា​ចំនួន​៥​លាន​រៀល​, ថវិកា​សាលាខេត្ត​ចំនួន​៤​លាន រៀល​, ថវិកា​សមាគមនារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ចំនួន​១​លាន​៤០​ម៉ឺន​រៀល ព្រមទាំង​សម្ភារៈ​ជា​ច្រើន​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ