ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ​គេចពី​​គេ​​បែរជា​ខ្លួនឯងកៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​យ៉ាងរន្ធត់ទៅវិញ​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ចំណែក​បុរស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​រថយន្ត​គេច​ពី​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ក្រឡាប់​រថយន្ត​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី…

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ចំណែក​បុរស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​រថយន្ត​គេច​ពី​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ក្រឡាប់​រថយន្ត​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​។

រថយន្ត​កូរ៉េ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៣​នាក់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៥៤០២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ​២​នាក់ ក្នុង​នោះ​បុរស​ម្នាក់​ជា​ព្រូ មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន់ ដា អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ឃេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង បាន​ស្លាប់​កៀប​ជាប់​ក្នុងប៊ីន​​រថយន្ត ។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ មិន​ស្គាល់​ម៉ាក ហើយ​អ្នកបើកបរ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤​ក៏​វាក់​នឹង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ពី​ទិស​ខា​ជើង​បត់​ស្តាំ​ចេញ​មក​ទិស​ខាងលិច ក្នុង​ល្បឿន​លឿន​ដូច​គ្នា ទើប​រថយន្ត​កូរ៉េ​កាច់ចង្កូត​គេច​ទៅ​ស្តាំ​ហើប​កង់​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​៣​នាក់ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។ រីឯ​អ្នកបើកបរ​ម៉ូតូ​បាន​បើក​គេចខ្លួន​បាត់​។

តាម​ប្រភព​ព័ត៌មាន​ដដែល​​បាន​បន្ត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​គឺ​សុទ្ធតែ​ជា​កម្មករ និង​អ្នកបើកបរ​រថយន្ត​របស់​ដេប៉ូ​លក់​គ្រឿងសំណង់​នៅ​ក្រុង​ស្ទឹង​ត្រែង​។

បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ដឹក​ជញ្ជូន​ឥដ្ឋ និង​ស៊ីម៉ង់ត៍​យក​ទៅ​ឱ្យ​គេ លុះ​រួចរាល់​ក៏​បើកបរ​រថយន្ត​ត្រឡប់​ទៅ​វិញ ស្រាប់តែ​វាក់​នឹង​ម៉ូតូ​១​គ្រឿង​បើក​ចេញពី​ផ្លូវកែង​បំបែក​ជា​៤ ដោយសារ​ភ័យ​ស្លន់ស្លោ​ពេក ទើប​បើករថយន្ត​គេច​ពី​ម៉ូតូ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ពីរ​បី​ត្រឡប់​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​បែប​នេះ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរ​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មាន​ចំនួន​៣​នាក់ ក្នុង​នោះ​ស្លាប់​បុរស​ម្នាក់ ចំណែក​បុរស​២​នាក់​ទៀត​ដែល​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ដែល​ក្រឡាប់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក ។ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ភូមិកំណើត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ