ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គម្រោង​វិនិយោគ​នានា​របស់​ចិន​ផ្ដល់​ប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ការ​វិនិយោគ​របស់​ចិន​មក​កាន់​ប្រទេស​កម្ពុជា​ប្រៀប​បាន​នឹង​ទឹកបាក់​ទំនប់ ក្នុង​នោះ​ជនជាតិ​បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​ទៅ​លើ​គម្រោង​នានា ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​គម្រោង​​វិនិយោគ​សំណង់ អចល​ទ្រព្យ និង​វិស័យ​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​អោយ​ចិន​កំពុង​ឈរ​លំដាប់​ទី​១ ជា​អ្នក​វិនិយោគ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

​រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ការ​វិនិយោគ​របស់​ចិន​មក​កាន់​ប្រទេស​កម្ពុជា​ប្រៀប​បាន​នឹង​ទឹកបាក់​ទំនប់ ក្នុង​នោះ​ជនជាតិ​បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​ទៅ​លើ​គម្រោង​នានា ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​គម្រោង​​វិនិយោគ​សំណង់ អចល​ទ្រព្យ និង​វិស័យ​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​អោយ​ចិន​កំពុង​ឈរ​លំដាប់​ទី​១ ជា​អ្នក​វិនិយោគ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក៏​ប៉ុន្តែ​រាល់​ការ​វិនិយោគ​របស់​ចិន​ក៏​បាន​នាំ​មក​នូវ​សម្ភារៈ​ធាតុ​ដើម ក៏​ដូច​ជា​កំលាំង​ពលកម្ម​ចិន​ពី​ប្រទេស​ចិន​ចាក់​ចូល​ទីផ្សារពលកម្ម​នៅ​កម្ពុជា​ផង​ដែរ ។ ដូច្នេះ​តើ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា បាន​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​ប្រទេស​និង​ប្រជាជន​កម្ពុជា​នោះ ?

បើ​តាម​អ្នក​គ្រឿងសំណង់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា បើ​ក្រលេក​មួយ​ភ្លេ​ត យើង​ឃើញ​ថា​វិស័យ​សំណង់​នៅ​កម្ពុជា ពិតជា​មាន​សកម្មភាព​កើនឡើង​ខ្ពស់​មែន ហើយ​ក៏​រំពឹង​ថា​អ្នក​រក​ស៊ី​វិស័យ​នៅ​កម្ពុជា​ប្រាកដជា​ទទួល​បាន​កំណើន​ខ្ពស់​ដែរ តែ​បើសិនជា​ចូល​អោយ​ជិត​និង​តាមដាន​ឲ្យ​បាន​ស៊ីជម្រៅ​ទើប​ដឹង​ច្បាស់​ថា វា​កើន​តែ​សំណង់​តែ​អ្នកលក់​សំណង់​មិនសូវ​មាន​កំណើន​ប៉ុន្មាន​នោះ​ទេ ។

​លោក​ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) និង​ជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា បាន​និយាយ​ថា ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​ទីផ្សារសេរី ដូច្នេះ​ហើយ​កម្ពុជា​មិន​អាច​ហាមឃាត់​រាល់​ការ​វិនិយោគ​ឬ​នាំ​ចូល​សម្ភារៈ​ពី​ប្រទេស​ចិន​ផ្គត់ផ្គង់​ក្នុងស្រុក​ដែរ។

​លោក​បាន​បន្ត​ថា «​បើ​ទោះបីជា​យើង​មិន​យក​សម្ភារៈ​ពី​ចិន ក៏​យើង​នៅ​តែ​យក​សម្ភារៈ​ពី​ថៃ ឬ​វៀតណាម​មក​ដដែល ដោយសារ​តែ​យើង​មិន​ទាន់​មាន​លទ្ធភាព​ផលិត​សម្ភារៈ​សំណង់​ទាំងនោះ ផ្គត់ផ្គង់​បាន​គ្រប់​គ្រាន់​នៅឡើយ ។ សម្រាប់​គម្រោង​របស់​ចិន ដែល​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ថ្វី​ត្បិត​តែ​មិន​បាន​យក​សម្ភារៈ​ក្នុងស្រុក ឬ​មិន​បាន​ទិញ​សម្ភារៈ​ពី​អាជីវករ​ខ្មែរ​ពិតមែន ហើយ​ទៅ​នាំ​ចូល​ពី​ប្រទេស​ចិន យើង​ជឿ​ថា​ពួក​គេ​នឹង​ត្រូវ​បង់ពន្ធ​នាំ​ចូល​រដ្ឋ ដូច្នេះ​មួយ​ចំណែក​ក៏​ទទួល​បាន​ប្រយោជន៍​ពី​នេះ​ដែរ ។

យ៉ាងណាមិញ​យើង​ក៏​ចង់ឱ្យ​អ្នក​វិនិយោគ​ទាំងនោះ យក​សម្ភារៈ​សំណង់​ទៅ​ប្រើប្រាស់​ពី​អាជីវករ​ខ្មែរ​ដែរ ក៏​ប៉ុន្តែ​ដូចដែល​បានដឹង​ហើយ​ថា ទីផ្សារសេរី​គេ​ចង់​យក​ពី​ណា​ក៏​បាន​ទិញ​ពី​អ្នក​ណា​ក៏​បាន គឺ​មិន​អាច​បង្ខិត​បង្ខំ​អោយ​ពួក​គេ​ត្រូវ​តែ​យក​ទំនិញ​ពី​អាជីវករ​ខ្មែរ​នោះ​ទេ » ។

ដោយឡែក​សម្រាប់​កម្មករ​ដែល​បាន​នាំ​យក​ពី​ប្រទេស​ចិន មក​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​នានា ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​មាត់សមុទ្រ​ព្រះ​សីហ​នុ​ជាដើម លោក​ង៉ែត ជូ ក៏​បាន​បង្ហាញ​នូវ​មតិ​ផ្ទាល់​ថា ពួក​គេ​គួរតែ​យក​កម្មករ​ក្នុងស្រុក​ដើម្បី​បំពេញការងារ​របស់​ពួក​គេ ដោយ​មិន​គួរ​យក​កម្មករ​ពី​ប្រទេស​ចិន​ទាំងអស់​ឡើយ តែ​សម្រាប់​កម្មករ​ជំនាញ គេ​អាច​យក​ពី​ចិន​មក​បាន តែ​យ៉ាងណា​ក៏​គួរតែ​បណ្ដុះបណ្ដាល​កម្មករ​ជំនាញ​ទាំងនោះ ដល់​ធនធានមនុស្ស​កម្ពុជា​ដែរ ហើយ​នៅ​ពេល​ពួក​គេ​ទៅ​វិញ កម្មករ​ជំនាញ​កម្ពុជា​នឹង​មាន​កាន់តែ​ច្រើន និង​លែង​ត្រូវការ​កម្មករ​ជំនាញ​ពី​បរទេស​ទៀត​ផង​ដែរ ។ បើ​ធ្វើ​បែប​នេះ​បាន​ទើប​ការ​វិនិយោគ​របស់​ពួក​គេ​ហុច​ផលប្រយោជន៍​ដល់​កម្ពុជា​ពិតមែន ។

​បើ​តាម​ប្រសាសន៍​ប្រធាន​ផ្នែក​លក់​គ្រឿងសំណង​ដ៏​ធំ​មួយ​នៅ​កម្ពុជា តែ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា វិស័យ​សំណង់​នៅ​កម្ពុជា នា​ពេល​នេះ​គឺ​បាន​កើនឡើង​ខ្ពស់​ណាស់ ជាក់ស្ដែង​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ គេ​មើលឃើញ​ថា​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​កំពុង​សាងសង់​និង​ចាប់ផ្ដើម​សាងសង់ ក៏​ប៉ុន្តែ​ការ​លក់​គ្រឿងសំណង់​បើ​និយាយ​ថា​កើនឡើង ក៏​មិន​ប្រាកដ​ថា​ឡើង​ខ្ពស់​ប៉ុន្មាន​ដែរ ពីព្រោះ​គម្រោង​វិនិ​យោគ​សំណង់​ទាំងនោះ​ភាគច្រើន​ជា​គម្រោង​របស់​ចិន ។

​លោក​បាន​បន្ត​ថា គម្រោង​វិនិយោគ​របស់​ចិន មិន​បាន​យក​សម្ភារៈ​គ្រឿងសំណង់​ដែល​លក់​ដោយ​អាជីវករ​ខ្មែរ​ទាំង​អស់នោះ​ទេ ពោល​គឺ​គេ​មាន​ក្រុមហ៊ុន​ចិន​របស់​ពួក​គេ​ដើម្បី​នាំ​ចូល​ពី​ចិន​មក​ផ្គត់ផ្គង់​លើ​ការ​សាង​សង់​សំណង់​នៅ​កម្ពុជា និង​មាន​ក្រុមហ៊ុន​ចិន​ខ្លះ​ក៏​បើក​ក្រុមហ៊ុន​ផលិត​គ្រឿងសំណង់​នៅ​កម្ពុជា​ដោយ​ផ្ទាល់ ហើយ​យក​ថវិកា​ទាំងនោះ​ត្រលប់​ទៅ​ស្រុក​ចិន​វិញ ទាំងនេះ​ហើយ​ដែល​ជា​ការ​ខាត​មួយ​សម្រាប់​អ្នក​រកស៊ី​លក់​គ្រឿងសំណង់​នៅ​ក្នុងស្រុក​ខ្មេរ ។

​ប្រភព​ដដែល​បាន​បន្ថែម​ថា «​បើសិនជា​អ្នក​អភិវឌ្ឍន៍​សំណង់​នៅ​កម្ពុជា ដែល​ជា​ជន​ចិន​ទាំងនោះ​មិន​យក​គ្រឿងសំណង់​ពី​ចិន​ផ្ទាល់ ហើយ​ងាក​មក​ទិញ​សម្ភារៈ​សំណង់​ពី​ក្រុមហ៊ុន​វិនិយោគិន​ខ្មែរ​វិញ នឹង​ធ្វើ​អោយ​ក្រុមហ៊ុន​ខ្មែរ​កាន់តែ​រីក​ចម្រើន ក្នុង​ពេល​វិស័យ​សំណង់​ស្ទុះ​ងើប​ដូច​បច្ចុប្បន្ន​នេះ » ។

​គួរ​បញ្ជាក់​ថា រយៈពេល​៥ ខែ ដំ​បូ​ន​នៃ​ឆ្នាំ ២០១៩ ទុន​វិនិយោគ​សំណង់​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា ២,៨៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ច្រើន​ជាង​ទុន​វិនិយោគ​ក្នុង​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ ដែល​មាន​ត្រឹម ជាង​១,៧៧​ពាន់​លាន ដុល្លារ​អា​មេ​រិ​ក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ