ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោសសម្អាត​មីន​មនុស្សធម៌​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​បន្តសកម្មភាព​ជា​ប្រចាំ តាម​គោលដៅ​ជា​អាទិភាព​ក្រោម​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​សម្តេច​បវរ​ធិ​បតី

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​គូសបញ្ជាក់​ប្រាប់ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​គូសបញ្ជាក់​ប្រាប់ ឯកឧត្តម Igor Driesmans ប្រធាន​គណៈប្រតិភូ​សហគមន៍​អ៊ឺ​រ៉ុ​ប ប្រចាំ​កម្ពុជា ថា កិច្ចការ​បោសសម្អាត​មីន​មនុស្សធម៌ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តែ​បន្តសកម្មភាព​ជា​ប្រចាំ ស្រប​តាម​កម្មវិធី​បាន​កំណត់ និង​ស្រប​តាម​គោលដៅ​ជា​អាទិភាព ក្រោម​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​លើក​ឡើង​បែប​នេះ​របស់​ឯកឧត្តម​បណ្ឌិត លី ធុ​ជ ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Igor Driesmans ប្រធាន​គណៈប្រតិភូ​សហគមន៍​អ៊ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ស្តី​ពី​ការងារ​បោសសម្អាត​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ លើក​ឡើង​ទៀត​ថា ការងារ​បោសសម្អាត​មីន​មនុស្សធម៌ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មិនមែន​ចោទ​ជា​បញ្ហា​ចម្បង​នោះ​ទេ បញ្ហា​សំខាន់​គឺ​តំបន់​តាម​បណ្តោយ​ព្រំដែន មិន​ទាន់​ទទួល​បានការ​ឯកភាព​គ្នា និង​កំណត់​ខណ្ឌសីមា​ច្បាស់លាស់​នៅឡើយ​រវាង​កម្ពុជា​-​ថៃ​។ ទោះបី​យ៉ាងណា កម្ពុជា នៅ​តែ​បន្តសកម្មភាព​បោសសម្អាត​មីន​ជា​ធម្មតា ស្រប​តាម​គោលការណ៍​ច្បាប់ និង​គោលការណ៍​មនុស្សធម៌ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​ការ​បោសសម្អាត​មីន ត្រូវ​ផ្តោត​សំខាន់​ជា​អាទិភាព​លើ​តំបន់​មានការ​ខណ្ឌសីមា​ច្បាស់លាស់ ទីកន្លែង ដែល​មាន​ប្រជាជន​រស់នៅ និង​ទីកន្លែង​បម្រើ​ដល់​សេដ្ឋកិច្ច​សង្គម ។

ឯកឧត្តម​បណ្ឌិត បន្ត​ទៀត​ថា ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​-​ថៃ រយៈពេល ៥​ថ្ងៃ​កន្លង​ទៅ​នេះ យោធា​ថៃ បាន​បន្សល់​ទុក​នូវ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​យ៉ាងច្រើន និង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​រយៈពេល​យូរ ជា​ពិសេស​បង្កើន​បន្ទុក​បន្ថែម​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ទាំងនោះ បន្ថែម​លើ​បញ្ហា​មីន ដែល​នៅ​សេសសល់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់ និង​ធ្វើការ​បោសសម្អាត​មីន​ឱ្យ​អស់ ដើម្បី​សម្រេច​បាន នូវ​គោលដៅ​កម្ពុជា​គ្មាន​មីន ។

ឆ្លៀ​ង​ក្នុង​ឱកាស​នោះ​ផង​ដែរ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហភាព​អ៊ឺ​រ៉ុ​ប ដែល​បាន​ចូលរួម​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា តាំងពី​ឆ្នាំ​១៩៩២ ក្នុង​ការ​រួមចំណែក​ផ្តល់​ដី​មាន​សុវត្ថិភាព ការ​បន្ថយ​អត្រា​គ្រោះថ្នាក់ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ជាមួយ​គ្នា​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អ៊ឺ​រ៉ុ​ប ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​សកម្មភាព​មីន​សកល ក្នុង​នោះ​បាន​ចូលរួម​គាំទ្រ​ដល់​ភាព​ជា​ម្ចាស់ផ្ទះ នៃ​សន្និសីទ​សកល​លើក​ទី​៣ ស្តី​ពី​កិច្ចសង្គ្រោះ​ជន​រង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឆ្នាំ​២០២៣ និង​ភាព​ជា​ប្រធាន​និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ឆ្នាំ​២០២៤ នៃ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ចាត់​ទុក​សហភាព​អ៊ឺ​រ៉ុ​ប គឺជា​ដៃគូ​យូរអង្វែង និង​មិត្ត​ភ័​ក្ត​យ៉ាង​ជិត​ស្និទ្ធ​របស់​កម្ពុជា ក្នុង​នោះ​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​ដំណើរការ​នៃ​វឌ្ឍនភាព​កម្ពុជា​រហូត​ដល់​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​គាំទ្រ​ដល់​កិច្ចការ​មនុស្សធម៌ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ