ម្ខាង​ទារ​២០០​ដុល្លារ ម្ខាង​ទៀត​សុំ​សង​ត្រឹម​៨០​ដុល្លារ ក្រោយ​គ្រោះថ្នាក់ផ្អើល​សង្កាត់អូឡាំពិក


រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​អោយ​ម៉ូតូ​វេច​ខ្នងកង់​ខាង​មុខ ចំណែក​ខាង​រថយន្ត​រង​ការ​ខូច​ខាយ​​ទ្វារ​ខាងក្រោយ​ចំហៀង​ខាងឆ្វេង ប៉ុន្តែ​ករណី​នេះ​មិន​មាន​អ្នក​រង​របួស​ទេ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ផ្លូវ​៣៦០ កែង​ផ្លូវ​១៤៣ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង (​អតីត​ខណ្ឌចំការមន​) រាជធានី​ភ្នំពេញ​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GG-៥៧៤៦ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-២១៧១ បើកបរ​ដោយ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​សង្ស័យ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រឿង​ៗ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ទើប​ចេញពី​ជួបជុំ​គ្នា​នៅ​កន្លែងធ្វើការ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៦០ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​កែង​ផ្លូវ​១៤៣ ដែល​ជា​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​នារី​រូប​ស្រស់​ម្នាក់ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ព​ណ៌​ស ធ្វើ​ដំណើរ​តាម​ផ្លូវ​១៤៣ ទិស​ដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន និង​មិន​គោរព​​ស្លាក​​សញ្ញា​ចរាចរណ៍ (​ឈប់​) ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​របស់​នារី​រូប​ស្រស់​នោះ​ពេញទំហឹង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ បណ្ដាល​ឱ្យ​រថយន្ត​និង​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​ដោះស្រាយ​គ្នា​មិន​ត្រូវ​គ្នា ព្រោះ​ភាគី​ខាង​រថយន្ត​បាន​ហៅ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុម Never Care និង​បុរស​ម្នាក់​ផ្សេង​ទៀត​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ និង​ទារ​សំណង​ពី​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ចំនួន​២០០​ដុល្លារ តែ​ខាង​អ្នកបើកបរ​ម៉ូតូ​មាន​លទ្ធភាព​ត្រឹមតែ​៨០​ដុល្លារ​ប៉ុណ្ណោះ ទើប​ភាគី​ម្ចាស់​រថយន្ត​ដែល​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុម Never Care ប្រកែក​មិន​ទទួលយក​សំណង​៨០​ដុល្លារ​នោះ​ទេ ព្រោះ​យក​ទៅ​ជួសជុល​រថយន្ត​ក៏​មិន​គ្រប់​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​ការ​ដោះស្រាយ​មិន​ត្រូវគ្នា​​បែប​នេះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ជួយ​សម្របសម្រួល តែ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​មិន​ត្រូវ​គ្នា​ទៀត ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ផ្នែក​វាស់វែង​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​មក​វាស់វែង​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​អូរ​ឡាំ​ពិ​កបាន​ទាក់ទង​ហៅ​ផ្នែក​វាស់វែង​នៃ​អធិការ​នគរបាល​ខណ្ឌចំការមន ចុះ​មក​ពិនិត្យ​មើល និង​វាស់វែង រួច​យក​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​តាម​ផ្លូវច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ