ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​បាន​ផលប្រយោជន៍​២​ក្នុង​ពេល​តែ​មួយ

4 ឆ្នាំ មុន

ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ពិតជា​ពិសេស ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ផល​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​មិន​ត្រឹម តែ​ទទួល​បាន​ផល​អង្ករ​នោះ​ទេ ថែម​ទាំង​បាន​ត្រី​យក​មក​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ និង​អាច​យក​ទៅ​លក់ បាន​ទៀត​ផង ។ ប្រមាណ​៦០​ភាគរយ​នៃ​អាហារ សាច់​ដែល​ប្រជាជន​បរិភោគ​ប្រចាំ​ថ្ងៃ​នោះ…

ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​ពិតជា​ពិសេស ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ផល​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​មិន​ត្រឹម តែ​ទទួល​បាន​ផល​អង្ករ​នោះ​ទេ ថែម​ទាំង​បាន​ត្រី​យក​មក​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ និង​អាច​យក​ទៅ​លក់ បាន​ទៀត​ផង ។

ប្រមាណ​៦០​ភាគរយ​នៃ​អាហារ សាច់​ដែល​ប្រជាជន​បរិភោគ​ប្រចាំ​ថ្ងៃ​នោះ គឺ​សាច់​ត្រី​តែ​ម្តង​។ នេះ​​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

តើ​អ្នកដឹង​ទេ​ថា ត្រី​ប្រភេទ​ណាខ្លះ​ដែល​អាច​ចិញ្ចឹម​ក្នុង​ស្រែ​បាន? ត្រី​ដែល​អាច​ចិញ្ចឹម​ក្នុង​ស្រែ​បាន គឺ​មាន​ដូច​ជា ត្រី​កាប​សាមញ្ញ ត្រី​ទី​ឡា​ព្យា ត្រី​កាប​ឥណ្ឌា ត្រី​កន្ធរ និង​ត្រី​អណ្តែង​ជាដើម​។

យើង​ត្រូវ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​បែប​ណា? ខាងក្រោម​នេះ នឹង​ប្រាប់​អ្នក​អំពី​របៀប​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ ៖

១-​ការ​រៀបចំ​ស្រែក​ចិញ្ចឹម​ត្រី ៖ ដំបូង​ត្រូវ​ជីក​ជម្រក ហើយ​ជម្រក​គឺជា​ជង្ហុក ឬ​ទី​ដែល​ជ្រៅ​នៅ​ក្នុង​ស្រែ​ដែល​អាច​ឱ្យ​ត្រី​រត់​មក​ជ្រក​ពេល​ទឹក​ស្រែ​រាក់ ឬ​ក្តៅ​ពេក ហើយ​គេ​អាច​ប្រើ​ជម្រក​នេះ​សម្រាប់​បង្ខាំង​ត្រី​បណ្តោះអាសន្ន​នៅ​ពេល​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​ដំណាំ​ស្រូវ​ផង​ដែរ ។ ជម្រក​អាច​មាន​រាង​ច្រើន​សណ្ឋាន​ទៅ​តាម​ភូមិសាស្ត្រ​នៃ​ដីស្រែ​របស់​អ្នក ឬ​តាម​ចំណង់​ចំណូលចិត្ត​អ្នក​ចិញ្ចឹម​ក៏​បាន ។

២-​ការ​ជ្រើសរើស​ពូជ​ត្រី ៖ ប្រភេទ​ត្រី​ដែល​អាច​ចិញ្ចឹម​ក្នុង​ស្រែ​បាន គឺ​ដូច​ការ​រៀបរាប់​ខាងលើ​នេះ​។ អាស្រ័យ​ដោយ​ការ​ចិញ្ចឹម​ត្រី​អណ្តែង​មាន​រយៈពេល​លើស​ពី​៣​ខែ ដូច្នេះ​គួរ​ជ្រើសរើស​ពូជស្រូវ​ធ្ងន់ មក​ធ្វើការ​ដាំ​ដុះ​។ ដោយឡែក​ត្រី​កាប​សាមញ្ញ ទី​ឡា​ព្យា និង​ត្រី​កាប​ឥណ្ឌា​វិញ អាច​ធ្វើ​ដាំ​ដុះ​ជាមួយ​ពូជស្រូវ​កណ្តាល​បាន ។

៣-​ការ​លែង​កូន​ត្រី ៖ យើង​ត្រូវ​ដឹក​ជញ្ជូន​កូន​ត្រី​មក​ពេល​ព្រឹក និង​លែង​កូន​ត្រី​ចូល​ស្រែ​ចិញ្ចឹម​ក្នុង​ចន្លោះ​ពី​ម៉ោង​៩​ដល់​១០​ព្រឹក ។ កូន​ត្រី​ត្រូវ​ដឹក​ដោយ​ប្រើ​ថង់​ប្លា​ស្ទិ​ច ពេល​ដឹក​មក​ដល់​ស្រែ​ត្រូវ​យក​ថង់​នោះ​ត្រាំ​ទឹក​ស្រែ​ប្រមាណ​១០​ទៅ​១៥​នាទី​សិន រួច​ស្រាយ​មាត់​ថង់​ឱ្យ​ត្រី​ហែល​ចេញ​ដោយ​សន្សឹម​ៗ​ចូល​ស្រែ​តែ​ម្តង ។

៤-​ផ្តល់​ចំណី ៖ ថ្វី​ដ្បិតតែ​ត្រី​អណ្តែង​ជា​ប្រភេទ​ត្រី​ស៊ីសាច់​ជា​អាហារ តែ​យើង​អាច​យក​កន្ទក់​មក​លាយ​នឹង​សាច់​បាន​ដោយ​កន្ទក់​២០% លាយ​ត្រី​ហាល​៤០% ឬ​លាយ​ត្រី​ហាល​៦០%​ក៏​បាន​។ ពេល​ផ្តល់​ចំណី​ត្រូវ​ដាក់​ក្នុង​កញ្ច្រែង​ក្រាល​ស្បៃ​រួច​ជ្រមុជ​ក្នុង​ទឹក ដើម្បី​ងាយ​តាមដាន​មើល​ការ​ស៊ី​ចំណី​របស់​វា​។ ការ​ផ្តល់​ចំ​ណិ​ចនេះ គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៩​ដល់​ម៉ោង​១០ និង​ល្ងាច​ពី​ម៉ោង​៣​ទៅ​ម៉ោង​៥ ដោយ​ផ្តល់​១​ថ្ងៃ​១​ដង ឬ​២​ដង​ក៏​បាន តាម​កំរិត​ប្រមាណ​១០%​នៃ​ទម្ងន់​ត្រី​សរុប គឺ​ទម្ងន់​កូន​ត្រី​ប្រមាណ​១០​គីឡូ​នោះ​ចំណី​ត្រូវ​ផ្តល់​១​គីឡូ​ក្នុង​១​ថ្ងៃ ព្រឹក​កន្លះ​គីឡូ និង​ល្ងាច​កន្លះ​គីឡូ ។

៥-​ការ​ប្រមូល​ផល ៖ បើ​ប្រមូល​ផល​គឺ​ធ្វើ​ឡើង​នៅ​ពេល​ស្រូវ​ទុំ​ល្អ ពេល​នោះ​ត្រី​នៅ​ប្រមូលផ្តុំ​គ្នា​ក្នុង​ជម្រក ហើយ​ការ​ប្រមូល​ផល​នេះ ធ្វើ​ដំណាលគ្នា​ជាមួយ​ការ​ច្រូ​កកាត់​ផល​ស្រូវ​តែ​ម្តង ។ ប្រសិនបើ​ទំហំ​ត្រី​ធំ​ល្មម​អាចយ​កមក​ហូប​ក៏​បាន លក់​ក៏​បាន ប៉ុន្តែ​បើ​ទំហំ​វា​ពុំ​ទាន់​សម​ស្រប​ទេ គេ​អាច​បន្ត​ការ​បង្ខាំង​ចិញ្ចឹម​ក្នុង​ជម្រក​ជា​បណ្តោះអាសន្ន​សិន​។ ក្រោយ​ពី​ស្ទូង​បាន​១០​ទៅ​១៥​ថ្ងៃ​គេ​អាច​បើក​លែង​ត្រី​ឱ្យ​ចេញពី​ជម្រក​ចូល​ក្នុង​ស្រែ​បាន ហើយ​ចិញ្ចឹម និង​ការ​ផ្តល់​ចំណី ដូច​ការ​ចិញ្ចឹម​ខាងលើ​អ៊ីចឹង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ