ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជួសជុល​ផ្លូវលំ​…ពលរដ្ឋ​កំពុង​ចោទ​ថា «​គ្មាន​គុណភាពសោះ»

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​ពី​មូលដ្ឋាន​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ បានឱ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​មួយ​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​មន្ទិល​ពី​ការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​មួយ ដែល​ទទួល​ម៉ៅ​ការ ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣១៧ ត្រង់​ចំណុច​ខាងកើត​វត្ត​ឃ្លាំង​ឆ្ពោះទៅ​ភូមិ​ត្នោត…

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​ពី​មូលដ្ឋាន​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ បានឱ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​មួយ​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​មន្ទិល​ពី​ការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​មួយ ដែល​ទទួល​ម៉ៅ​ការ ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣១៧ ត្រង់​ចំណុច​ខាងកើត​វត្ត​ឃ្លាំង​ឆ្ពោះទៅ​ភូមិ​ត្នោត និង​ភូមិ​កណ្តាល ដោយ សារ​ការ​ធ្វើ​ផ្លូវ​នោះ​គ្មាន​គុណភាព ។

ការ​ចោទប្រកាន់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គេ​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន ឃឹម ភឿន ដែល​ជា​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​ធ្វើ​ផ្លូវ​នេះ កំពុងធ្វើការ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ពុំ​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស ។ ចំណែកឯ​អាជ្ញាធរ​ឃុំ​ដែល​ជា​ម្ចាស់​គម្រោង និង​មាន​តួនាទី​ត្រួតពិនិត្យ​លើ​ការងារ​នេះ បែរជា​សម្ងំ​ស្ងាត់ឈឹង មិន​ខ្ចី​ទៅ​ពិនិត្យ​មើល​ទាល់តែ​សោះ បណ្តោយ​ឲ្យ​គេ​ធ្វើ​ផ្លូវ​តាម​របៀប​លំ​ៗ​កិបកេង​គុណភាព ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ទីតាំង​ដែល​គេ​កំពុង​ធ្វើ​ផ្លូវ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦​ខែមិថុនា ក្រុម
ហ៊ុន ឃឹម ភឿន បាន​ដឹក​ដីខ្សាច់​ភ្នំ​ពណ៌​ខ្មៅ​ដែល​ជា​ប្រភេទ​ដី​ស្អុយ មក​ចាក់​លើ​ផ្លូវ​នេះ​រួច​ឈូស​ពង្រាប​ពី
លើ​ស្តើង​ៗ កម្រាស់​មិន​បាន​កន្លះ​តឹក​ទេ ។ រីឯ​កន្លែង​ខ្លះ​ដី​ខ្ពស់​ស្រាប់​គេ​កៀរ​យក​តែ​ម្តង រួច​ហើយ​ក៏​ដក​គ្រឿង ចក្រ​ទៅ​វិញ​បាត់​អស់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ដោយ​មិន​បាន​កិន​បង្ហាប់​ឡើយ ហើយ​ក៏​មិនដឹង​ថា
គេ​ឈប់​ធ្វើ​ត្រឹមហ្នឹង ឬ​ក៏​យ៉ាងណា​នោះ​ទេ ?

ប្រភព​ព័ត៌មាន​ពី​ឃុំ​ឈើ​កាច់ បាន​ឲ្យ​ដឹង​ថា ផ្លូវ​១​ខ្សែ​នេះ​គឺជា​ប្រភេទ​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ នៅក្នុង​គម្រោង​មូលនិធិ​ឃុំ ដែល​ថ្នាក់​ជាតិ​បាន​ទម្លាក់​កញ្ចប់​ថវិកា​មក​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន ។ តម្លៃ​ប៉ាន់​ប្រមាណ​សម្រាប់​ធ្វើ​ផ្លូវ​នេះ​គឺ​៩៤​លាន​រៀល ហើយ​ក្រោយពី​ដេញថ្លៃ​រួច តម្លៃ​បាន​ធ្លាក់​មក​នៅ​ត្រឹម​៦៤​លាន​រៀល ដែល​ទទួល​ម៉ៅ​ការ​ដោយ​ក្រុមហ៊ុន ឃឹម ភឿន ។ ចំណែក​លុយ​ដែល​នៅ​សល់​៣០​លាន រៀល អាជ្ញាធរ​ឃុំ​ឈើ​កាច់ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ធ្វើ​ផ្លូវ​បន្ត​ពីលើ​គម្រោង​នេះ​តែ​ម្តង គឺ​ធ្វើ​បង្ហើយ​លុយ ។ ដូច្នេះ ការ​ជួសជុល​ផ្លូវ​១​ខ្សែ​នេះ មាន​តម្លៃ​សរុប​៩៤​លាន​រៀល​។

ពាក់​ព​ន្ធ័​ទៅ​នឹង​បច្ចេកទេស​នៃ​ការ​ធ្វើ​ផ្លូវ​នេះដែរ មន្ត្រី​ជំនាញ​បាន​បង្ហើប​ប្រាប់​ថា តាម​គម្រោងផ្លូវ​នេះ ​មាន​ទទឹង​៤​ម៉ែត្រ បណ្តោយ​៥​គីឡូម៉ែត្រ នៅ​លើ​ដងផ្លូវ​គេ​ត្រូវ​ចាក់​ខ្សាច់​ភ្នំ​ហើយ​កិន​បង្ហាប់កម្រាស់​៣​តឹក និង​ត្រូវ​ដាំ​ស្មៅ​នៅ​តាម​ជើងទេរអម​សងខាង​ផ្លូវ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​ឃើញ​ជាក់ស្តែង គឺ​ខាង​ក្រុមហ៊ុន​បែរជា​យក​ខ្សាច់​ស្អុយ​ពណ៌​ខ្មៅ​មក​ចាក់ ហើយ​ឈូស​ពង្រាប​ស្តើង​ៗ​នៅ​លើ​ដងផ្លូវ ដោយ​ពុំ​មានការ​កិន​បង្ហាប់​នោះ​ទេ ។

ការធ្វើ​ផ្លូវ​បែប​នេះ គឺ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងស្រុង ហើយ​ផ្លូវ​ក៏​ពុំ​មានគុណ​ភាព​ដែរ ។ ចំពោះ​ករណី​នេះ លោក យឹ​ម សា​ភាន់ មេឃុំ​ឈើ​កាច់ បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា​ថា ដី​ដែល​គេ​ដឹក​យក​ទៅ​ចាក់​ធ្វើ​ផ្លូវ​នេះ គឺជា​ដី​ដែល​គេ​ជីក​ធ្វើ​ស្រះ​នៅ​ក្បែ​សាលាស្រុក​បាភ្នំ ហើយ​ដី​នោះ​ខ្មៅ​ឬ​មានគុណ​ភាព​ឬ​អត់​នោះ លោក​មិន​បានដឹង​ទេ ព្រោះ​លោក​មិន​បាន​ទៅ​ពិនិត្យ​មើល ហើយ​គេ​ធ្វើ​ផ្លូវ​យ៉ាងម៉េច​នោះ​ក៏​លោក​មិន​ទាន់​បាន​ទៅ​មើល​ដែរ ព្រោះ​រវល់​ពេក ។

ចំណែក​លោក ប៉ោ ពី​ឡុ​ត ប្រធាន​កម្មវិធី​សិលា​ខេត្ត បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង​ដី​មានគុណភាព​ឬ​អត់​នោះ យើង​មិន​អាច​មើល​ត្រឹម​ភ្នែក​ទទេ​នោះ​ទេ គឺ​ទាល់តែ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​សិន ។ ឯ​រឿង​ដី​ដែល​ត្រូវ​យក​ទៅ​ធ្វើ​ផ្លូវ​ខាងលើ​នោះ គឺជា​តួនាទី​របស់​លោក​មេឃុំ ដែល​ត្រូវ​រក​ឲ្យ​ក្រុមហ៊ុន​គេ​យក​ទៅ​ធ្វើ ។ ដូច្នេះ​សូម​សួរ​ទៅ​ខាង​ឃុំ​ទៅ​ទើប​ដឹង​ច្បាស់ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​ទៅ​ពិនិត្យ​មើល​សិន ។

ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​មួយ​ចំនួន​បានបង្ហើប​ឲ្យ​ដឹង​ថា គម្រោង​ធ្វើ​ផ្លូវ​នេះ​អាជ្ញាធរ​ឃុំ​ជា​ម្ចាស់​គម្រោង ដែល​មាន​តួនាទី​ត្រួតពិនិត្យ​បច្ចេកទេស និង​គុណភាព​ផ្លូវ​ផង​ដែរ ។ លុះ​នៅ​ពេល​ធ្វើ​ផ្លូវ​រួច អាជ្ញា
ធរ​ឃុំ​ពិនិត្យ​ឃើញ​ផ្លូវ​គ្មាន​គុណភាព ឬ​មិន​អនុលោម​ទៅ​តាម​កម្រិតស្តង់ដារ អាជ្ញាធរ​ឃុំ​មិន​ចុះហត្ថលេខា​ទទួលយក ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​ក៏​មិន​អាច​បើកប្រាក់​បាន​ដែរ ។ ដូច្នេះ​គេ​អាច​រង់ចាំ​មើល នៅ​ពេល​ក្រុម ហ៊ុន ឃឹម ភឿន បញ្ចប់​ការ​ស្ថាបនា​ផ្លូវ​នេះ បើ​ផ្លូវ​គ្មាន​គុណភាព ហើយ​អាជ្ញាធរ​ឃុំ​ឈើ​កាច់ នៅ​តែ​ចុះហត្ថ លេខា​ទទួលយក​ទៀត​នោះ ពិតជា​ឃុ​បឃិ​ត​គ្នា ដូច​ការ​ចោទប្រកាន់​មែនហើយ ៕

អត្ថបទសរសេរ ដោយ