ខេត្តរតនគិរី ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជុំធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សាស្ទាក់កាប់បុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ដែលករណីអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។
តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រចំ គា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី មានមុខរបរចៀរជ័រកៅស៊ូ ។
ចំណែកជនសង្ស័យទាំង៥នាក់ខាងលើដែលត្រូវឃាត់ខ្លួន រួមមាន ១-ឈ្មោះ ផ្យើង ឈុំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) ២-ឈ្មោះ ហ្យា ផល្លា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជាអ្នករួមគំនិត) ៣-ឈ្មោះ កិន បិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាអ្នករួមគំនិត) ៤-ឈ្មោះ នឹក ស្តាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ (ជាអ្នករួមគំនិត) និង៥-ឈ្មោះ ថែល គ្នា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន (ជាអ្នករួមគំនិត)។ ជនសង្ស័យទាំង៥នាក់នេះមានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី។
តាមប្រភពពីសមត្ថកិច្ចដដែលបានបន្តថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញពីផ្លូវកែងទិញម្ហូប លុះពេលមកដល់ត្រង់ចំណុចចម្ការស្វាយចន្ទីខាងលិចភូមិការម៉ែន ស្រាប់តែជួបជនសង្ស័យនិងបក្ខពួកចំនួន៥នាក់ ចាំស្ទាក់ផ្លូវ ហើយធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវចំខាងក្រោមក្លៀកខាងឆ្វេងមួយកាំបិត ដេរចំនួន១០ថ្នេរ និងត្រូវកំភួនដៃខាងឆ្វេងមួយកាំបិតទៀតផង។
តាមប្រភពពីសមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មូលហេតុមកពីក្រុមជនសង្ស័យទាំង៥នាក់មានគំនុំជាមួយជនរងគ្រោះយូរមកហើយ ទើបមកចាំស្ទាក់កាប់បែបនេះតែម្ដង។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរជុំ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សាមគ្គី ចុះចាប់ជនសង្ស័យនៅតាមចម្ការស្វាយចន្ទីរហូតដល់ម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលនេះ ទើបនាំយកមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ