ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រឺ​ម៉ក់​ម៉ូតូ​ខ្មែរ​នឹង​ត្រូវ​បាត់បង់​ដោយសារ​ការ​កើនឡើង​យ៉ាង​គំហុក​នៃ​ម៉ូតូ​កង់​បី​ឥណ្ឌា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​បរិមាណ​កង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​កត់សម្គាល់​ឃើញ​ថា​ចំនួន​រឺ​ម៉ក់​ម៉ូតូ​ខ្មែរ​ក៏​បាន​តែ​ធ្លាក់​ចុះ និង​លែង​សូវ​មាន​វត្ត​មាននៅ​លើ​ដងផ្លូវ​ដូច​មុន​ដែរ ។ ​ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ បរិមាណ​កង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក៏​បាន​រួមចំណែក​មួយ​ផ្នែក​ក្នុង​ការ​កកស្ទះ​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ ខណៈ​បរិមាណ​កង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​កត់សម្គាល់​ឃើញ​ថា​ចំនួន​រឺ​ម៉ក់​ម៉ូតូ​ខ្មែរ​ក៏​បាន​តែ​ធ្លាក់​ចុះ និង​លែង​សូវ​មាន​វត្ត​មាននៅ​លើ​ដងផ្លូវ​ដូច​មុន​ដែរ ។ ​ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ បរិមាណ​កង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក៏​បាន​រួមចំណែក​មួយ​ផ្នែក​ក្នុង​ការ​កកស្ទះ​ចរាចរណ៍ ដោយសារ​តែ​អ្នកបើកបរ​មួយ​ចំនួន​មិន​បាន​គោរព​ច្បាប់​ត្រឹមត្រូវ ។ ម្យ៉ាងទៀត​កំណើន​កង់​បី​កាន់តែ​ច្រើន តែ​អ្នក​ជិះ​មិន​បាន​កើនឡើង​ប៉ុន្មាន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​បណ្ឌិត​ស្រុក​ខ្មែរ​មួយ​រូប ដែល​ល្បីល្បាញ​ខាង​វិភាគ​ព្រឹត្តិការណ៍​សង្គម បាន​ស្នើ​អោយ​មានការ​កំណត់​ចំនួន​កង់​បី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ អ្នកវិភាគ​សង្គម​។ ​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​របស់​ខ្លួន​ថា ចំនួន​អ្នក​ជិះ​កង់​បី​ដែល​ភ្ជាប់ Apps មិន​មាន​កំណើន​ប៉ុន្មាន​នោះ​ទេ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្នក​ប្រកប​អាជីវកម្ម​នេះ បែរជា​មាន​កំណើន​ខ្ពស់​ខ្លាំង ដែល​ធ្វើ​អោយ​ការ​កកស្ទះ​ចរាចរណ៍ ដោយសារ​តែ​បរិមាណ​កង់​បី ក៏​កាន់តែ​ច្រើន​ដែរ ។ លោក​បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កក​ចំនួន​តាក់ស៊ី​កង់​បី មាន​បំពាក់ App ដោយ​បញ្ឈប់​បញ្ចូល​មក​ភ្នំពេញ​ទៀត ។ ​

លោក​បាន​បញ្ជាក់​ថា «​បញ្ចូល​មក​កាន់តែ​ច្រើន កាន់តែ​ស្ទះចរាចរណ៍ ព្រោះ​រាល់​ថ្ងៃនេះ អ្នក​ជិះ​មិន​កើន​ទេ កើន​តែ​អ្នកបើកបរ និង​ចំនួន​កង់​បី​ប៉ុណ្ណោះ » ។ លោក​បណ្ឌិត​បាន​បន្ថែម​នៅ​ក្នុង​សំ​ណេ​រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​ថា ចំនួន​អ្នក​រត់​កង់​បី​កាន់តែ​ច្រើន ខណៈ​អ្នក​ជិះ​មិន​កើន​បែប​នេះ វា​មិន​បាន​ជួយ​អ្វី​ដល់​សង្គម​នោះ​ទេ ហើយ​វា​នឹង​ធ្វើ​អោយ​ខាត​ដល់​សេដ្ឋកិច្ច​ទៀត​ផង ជាក់ស្ដែង​កម្ពុជា​ត្រូវ​បន្ត​នាំ​ចូល​កង់​បី​ពី​ប្រទេស​ក្រៅ ដើម្បី​មក​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក ដែល​លុយ​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ​ក្រុមហ៊ុន​ផលិត ហើយ​អ្នក​ដែល​ទិញ​កង់​បី​មក​ធ្វើ​អាជីវកម្ម​ក៏​កាន់តែ​រក​លុយ​បាន​តិច​ទៅ​ៗ ។ ​លោក​បាន​បន្ថែម​ថា « សព្វ​ថ្ងៃនេះ គេ​ឃើញ​កង់​បី​ឥណ្ឌា មាន Apps បាន​ចត​ទំនេរ​ចោល និង​មាន​អ្នកបើកបរ​ខ្លះ នៅ​លើ​ដងផ្លូវ តែ​មិន​មាន​មនុស្ស​ជិះ​ទេ ។ ពី​មុន​អ្នក​ជិះ​ជា​អ្នករក​ឬ​ហៅ​កង់​បី​នេះ​ជិះ តែ​ពេល​នេះ​កង់​បី​ទាំងនោះ ជា​អ្នក​ដើរ​រក​ភ្ញៀវ​វិញ​ម្ដង ។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​អ្នក​ប្រកប​អាជីវកម្ម​នេះ កាន់តែ​ទំនេរ នឹង​អាច​ធ្វើ​អោយ​ពួក​គេ​ប្រព្រឹត្តិ​អំពើ អបាយមុខ​ផ្សេង​ៗ ដែល​ជា​ការ​មិនល្អ​ដល់​សង្គម » ។

​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​អោយ​ដឹងផង​ដែរ បច្ចុប្បន្ន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​កំពុង​ធ្វើ​កិច្ចការ​នេះ​ហើយ ពោល​គឺ​នឹង​កំណត់​ចំនួន​កង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ កុំអោយ​កើនឡើង​ហួស​ពី​តម្រូវការ​អ្នក​ជិះ​ខ្លាំង​ពេក ។ ​លោក ម៉េ​ត មាស​ភក្ដី មាន​ប្រសាសន៍​បញ្ជាក់​ថា « ដោយឡែក​បញ្ហា​ដែល​មតិ​ភាគច្រើន​ចោទ​ថា​ចរាចរណ៍​ស្ទះ​ដោយសារ​កង់​បី​នោះ ខ្ញុំ​មិន​ឯកភាព​នោះ​ទេ ។ បញ្ហា​នោះ​គឺជា​បញ្ហា​រួម ដែល​ត្រូវ​ដោះស្រាយ​ទាំងអស់​គ្នា​ទាំង​អ្នកបើកបរ​រថយន្ត​ម៉ូតូ និង​កង់​បី​ជាដើម បើ​ដោះស្រាយ​មួយ​ហើយ​មួយទៀត​មិន​គោរព ក៏​វា​នៅ​តែ​ចោទ​ជា​បញ្ហា​ដដែល » ។ ​

ដោយឡែក​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​បាន​ថ្លែង​នៅ​ក្នុង​វិទ្យុ​អន្តរជាតិ​ជា​ភាសា​ខ្មែរ​មួយ​ថា លោក​ចង់អោយ​សាលាក្រុង​ត្រួតពិនិត្យ​មើល​ចំនួន​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា ដែល​កំពុង​ហូរ​ចូល​កាន់តែ​ច្រើន​នៅ​ក្នុង​រាជធានីភ្នំពេញ ។ ហើយ​លោក​ក៏​គាំទ្រ​ផង​ដែរ បើសិនជា​សាលាក្រុង​មាន​ចំណាត់​លើ​រឿង​នេះ ។

លោក​បាន​និយាយ​ថា «​ចាប់តាំងពី​មានការ​នាំ​ចូល​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​មក​កាន់​ប្រទេស
កម្ពុជា​មក​យើង​កត់សម្គាល់​ឃើញ​ថា រ៉ឺ​ម៉ក​កង់​បី​ខ្មែរ​បាន​បាត់បង់​បន្តិច​ម្ដង​ៗ ដែល​ជា​គុណវិបត្តិ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ផលិត​រ៉ឺ​ម៉ក​នេះ សម្រាប់​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ ។ ម្យ៉ាងទៀត សម្រាប់​អ្នក​ដែល​មិន​មាន​លុយ​ទិញ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​រត់​ក៏​ប្រឈម​នឹង​បាត់បង់​អាជីវកម្ម​ដូច​គ្នា​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ