មនុស្សមានតម្លៃស្ថិតនៅលើ សីលធម៌ ចរិយាធម៌ និងសុជីវធម៌ តែបុគ្គលពួកខ្លះព្រោះតែមិនស្គាល់ពីតម្លៃរបស់ខ្លួនចេះតែដើរបង្កបញ្ហា ប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងធ្វើឱ្យរង្កៀសចិត្តអ្នកផងទាំងពួង ។
នៅក្នុងគម្ពីរធម្មបទដ្ឋកថាមាននិយាយអំពីដំណើររឿងរបស់ព្រះសម្ពុទ្ធដែលលោកនិមន្តទៅចរចាយ៉ាងពិសេសជាមួយញាតិរបស់ព្រះអង្គ រឿងចែកទឹកធ្វើស្រែមិនត្រូវគ្នា។ ខណៈនោះបើ ព្រះអង្គទៅយឺតពេលតែបន្តិចសង្គ្រាមរវាងញាតិទាំងពីរពួកនឹងត្រូវផ្ទុះឡើងកាប់ប្រហារបង្ហូរឈាមគ្នាក្លាយជាស្ទឹងឈាមបាត់ទៅហើយ ដោយសារតែភ្លើងទោសៈឆេះឡើង ។
នៅពេលនិមន្តទៅដល់ ព្រះអង្គគង់នៅចំកណ្តាលនៃញាតិទាំងពីរពួក ហើយទេសនាអប់រំ បង្ហាញពីទោសនៃការប្រើហិង្សា បង្ហាញពីផលនៃអហិង្សា រួមនឹងតម្លៃនៃមនុស្សជាតិដូចត្រង់ឃ្លាមួយព្រះអង្គសួរថា តើតម្លៃទឹកដែលអ្នកទាំងឡាយកំពុងឈ្លោះដណ្តើមគ្នានេះ និងតម្លៃក្សត្រ មួយណាថ្លៃជាង? អ្នកទាំងនោះឆ្លើយថា តម្លៃក្សត្រថ្លៃមហាសាល រហូតដល់មនុស្សទាំងពីរពួកស្តាប់បាន ហើយបោះអាវុធចោល រួចក៏ឈប់ធ្វើសង្គ្រាម បំបែកគ្នាចេញអស់ទៅ ។
ព្រះបរមសាស្តាក៏បានសម្តែងអំពីការឈ្នះចាញ់ជាការឥតប្រយោជន៍ បើគេក្រោធដោយការមិនក្រោធតបតវិញ បើគេនិយាយអាក្រក់ ពោលពាក្យអសុរោះមករក ត្រូវនិយាយពាក្យល្អ ពីរោះទៅគេវិញ ឬពៀររមែងរម្ងាប់ដោយការមិនចងពៀរជាដើម។ ទាំងអស់នេះសុទ្ធតែជាទ្រឹស្តីដែលនាំឱ្យបានសុខ មានសន្តិភាពនៅក្នុងសង្គមមនុស្ស ។
ចែករំលែកព័តមាននេះ