រឿងហេតុដំបូងដែលបង្ខំផឹកថ្នាំគ្រវី…នាងខារ៉ាអូខេម្នាក់ស្លាប់និង៣ចូលពេទ្យ
- កណ្តាល
ខេត្តកណ្តាល ៖ ប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍នេះបានឱ្យដឹងថា នៅព្រលប់ថ្ងៃទី១៦ មិថុនា ក្រុមជនទាំង៥នាក់ខាងលើ បានចូលទៅច្រៀងខារ៉ាអូខេនៅហាងម៉ីម៉ីបន្ទប់លេខ៧៧៧៧ ដែលមានទីតាំងក្នុងភូមិក្អមសំណក្រោម ដោយហៅស្រីកំដរចំនួន៤នាក់ ។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោង ឈ្មោះទឹម វឌ្ឍនៈ បានយកថ្នាំចំនួន២ដប ទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈគោជល់ដែលគេមិនទាន់ដឹងថា ជាថ្នាំអ្វីនោះ រួចហើយឱ្យគ្នីគ្នាចាក់ចូលកែវតូចៗឱ្យនារីបម្រើខារ៉ាអូខេដែលអង្គុយកំដររៀងៗខ្លួនផឹកជាបន្តបន្ទាប់ ។ តាមព័ត៌មានឱ្យដឹងទៀតថា លុះ៥ទៅ៦នាទីក្រោយមក ក៏មានអាការធ្វើទុក្ខ និងដឹងដល់អ្នកស្រី គឹម ប៉ោ អាយុ៤០ឆ្នាំ ដែលជាម្ចាស់ហាង ក៏បានរាយការណ៍ទៅសមត្ថកិច្ច ទើបមានការចុះទៅឃាត់ខ្លួនជនសង្ស័យបាន៤នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។ ឯនារីបម្រើខារ៉ាអូខេទាំង៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ តែក្រោយមកក៏បានស្លាប់ម្នាក់ ។

គួរំលឹកថា នារីខារ៉ាអូខេម្នាក់បានស្លាប់ និង៣នាក់ទៀតរបួស និងជនជាប់ចោទ៤នាក់ ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍លាយថ្នាំ និងប្រើហិង្សាបង្ខំឱ្យផឹក នាវេលារំលងអធ្រាត្រ ។ ទោះបីជាបែបណា រឿងរ៉ាវភ្ញាក់ ផ្អើលមួយនេះ ត្រូវបានធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោង ហើយទីបំផុត អាជ្ញាធរបានសម្រេចបិទអាជីវកម្មខារ៉ាអូខេនោះជាបណ្តោះអាសន្ន ដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង លោក ចាប ច័ន្ទវិទ្យា អភិ បាលស្រុកលើកដែក លោកអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ។

ជនសង្ស័យដែលជាមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិក្អមសំណ និងបក្សពួក ត្រូវបានរកឃើញថា ជាអ្នកដែលបានលាយថ្នាំប្រភេទអិុចស្តាស៊ី និងប្រភេទថ្នាំគ្រវី មានសារធាតុញៀនជាច្រើនមុខ ចូលទៅក្នុងស្រា រួចប្រើហិង្សាបង្ខំឱ្យនារីបម្រើខារ៉ាអូខេផឹកចំនួន៣កែវជាប់គ្នា រហូតបណ្តាលឱ្យនារីម្នាក់ស្លាប់ និងរបួស៣នាក់ ។ ការប្រកាសបិទទីតាំងខារ៉ាអូខេនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ក្រោយពេលកើតហេតុនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅក្នុងហាងការ៉ាអូខេម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលេីកដែក ។

នារីបម្រើខារ៉ាអូខេដែលស្លាប់ឈ្មោះ អុិច ចន្នី អាយុ១៩ឆ្នាំ ចំណែកអ្នកដែលរងរបួសទាំង៣នាក់មាន ១-ឈ្មោះ សន ស្រីនា អាយុ២៦ឆ្នាំ មានអាការធ្ងន់កំពុងសង្គ្រោះបន្ទាន់ ២-ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ មានអាការស្រាល និង៣-ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំ មានអាការស្រាល ។ ពួកនាងទាំង៤នាក់ បម្រើការងារនិងស្នាក់នៅក្នុងហាងខារ៉ាអូខេខាលើ ។ រីឯជនសង្ស័យមាន៥នាក់ក្នុងនោះម្នាក់កំពុងគេចខ្លួនដែលរួមមាន ១-ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ២-ឈ្មោះចន្ត្រា វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ៣-ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ។ ទាំង៣នាក់ ជាមន្ត្រីនគរបាលនៅច្រកទ្វារអន្តរជាតិក្អមសំណ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរខាងលើ ។ ៤-ឈ្មោះវ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ និង៥-ឈ្មោះ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់តាក់ស៊ី កំពុងគេចខ្លួន ។

ចំពោះវត្ថុតាងដែលបានរកឃើញមានថ្នាំម្សៅពណ៌សស្រអាប់១កញ្ចប់តូច ដែលពុំទាន់ដឹងថាជាថ្នាំអ្វី ដបទឹកបរិសុទ្ធមានបន្សល់ទឹកថ្នាំពណ៌លឿង ពុំទាន់ដឹងថ្នាំជាអ្វីដែរ និងសម្បកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង១ ។ (សម្រួលដោយ៖ ស្រីណា)












ចែករំលែកព័តមាននេះ