ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិរឿងរ៉ាវ​ឈ្មោះ«ភ្នំបំណន់»ប្រែមក​ក្លាយ​ជា«ភ្នំបាណន់»មកទល់សព្វថ្ងៃ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​«ភ្នំ​បាណ​ន់» ​​​ដែល​សព្វថ្ងៃគឺ​មាន​ប្រាសាទ​ស្ថិត​​នៅលើ​​កំពូលភ្នំ​​ នៅ​ក្នុងស្រុក​បាណ​ន់ ខេត្ត បាត់​ដំបង ​ហើយមាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ ពី​ក្រុង​បាត់ដំបង ប្រប​តាម​មាត់​ស្ទឹង​សង្កែ​ឡើង​ទៅ​ប៉ែក​ខាងលើ​វិញ…

ខេត្តបាត់ដំបង ៖ ​«ភ្នំ​បាណ​ន់» ​​​ដែល​សព្វថ្ងៃគឺ​មាន​ប្រាសាទ​ស្ថិត​​នៅលើ​​កំពូលភ្នំ​​ នៅ​ក្នុងស្រុក​បាណ​ន់ ខេត្ត បាត់​ដំបង ​ហើយមាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ ពី​ក្រុង​បាត់ដំបង ប្រប​តាម​មាត់​ស្ទឹង​សង្កែ​ឡើង​ទៅ​ប៉ែក​ខាងលើ​វិញ ដែលទីនោះ​ជា​តំបន់​ដីចំការ​ក្រូច និង​ផលដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ ហើយក៏​​កំពុង​ទាក់​ទាញ​​​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ​ទៅលេង​​កម្សាន្ត​ជា​ប្រចាំដែរ​ ហើយ​តាម​កំណត់​ត្រា​ ទីនោះ​គឺ​ជា​ប្រវត្តិ​សាស្ត្រ​របស់​ខេត្តបាត់ដំបង​​ ។

តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ឈ្មោះ​បាណ​ន់​​នេះ ​មិនដឹង​ថា​បាន​ហៅ​តាំងពី​ពេល​ណា​មក​នោះ​ទេ តែ​ឈ្មោះ​បាណ​ន់​នេះ​មានទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និត​ជាមួយ «ប្រជុំរឿងព្រេង​ខ្មែរ» ​រៀបរៀង​ចងក្រង​ឡើង​ដោយ​លោកស្រី អ៊ុ​ច សុខ កាល​នៅ​ជា​លេខាធិការ​នៃ​ពុទ្ធ​សាសន​បណ្ឌិត​ឯកសារ​ក្រុម​ជំនុំ​ទំនៀមទំលាប់​លេខ​២៥៤១​ ដែលរឿង​«​បាណ​ន់»នេះ ​មាន​​ប្រវត្តដូច​​ខាងក្រោមនេះ ៖

តាម​ចាស់​ៗ​តំណាល​មក​ថា ​កាលពីព្រេងនាយ​មាន​សេដ្ឋី​ម្នាក់​មានកូន​ស្រី​ឈ្មោះ​នាង​រំសាយសក់ នាង​នោះ​ចេះ​តែ​ឈឺ​​ដោយ​ជំងឺ​រាំងរដូវ​ជា​ច្រើន​ឆ្នាំ ហើយ​ក្រោយមក​​ មាន​តាបស​ម្នាក់​ឈ្មោះ​តា​គ្រាម​ បាន​ទួល​មើល ជំងឺ​នាង​នោះ​ លុះត្រាតែ​ជា ។ លុះ​កាល​បើជា​សះស្បើយ​ហើយ​ មហាសេដ្ឋី​ជា​ឪពុក​បាន​ផ្សំផ្គុំ​នាង​​ឱ្យទៅ​ជា​ភរិយា​រស់នៅ​ក្នុង​រូងភ្នំ​មួយ​ហៅ​ថា​ ព្រះ​ទឹក ឬ​រូប​ទឹក (​តាម​សំដី​អ្នកស្រុក​) ។

រូងភ្នំ​នេះ ​នៅ​ខាងជើង​ភ្នំបាណ​ន់​​សព្វថ្ងៃ​ តែ​កាលនោះ​ភ្នំ​បាណ​ន់​នេះ ​គេ​ហៅ​ថា ភ្នំ​ប្រាសាទ ។ ជំ​រេ​ក្រោយមក​មាន​រាជបុត្រ​ស្ដេច​១​អង្គ​ព្រះ​នាម​ចៅ​រាជ​កុ​ល​បាន​មក​សុំ​រៀន​មន្ត​វិជ្ជាការ​ផ្សេង​ៗ​ពី​តា​គ្រាម​។ តា​គ្រាម​សុខចិត្ត​បង្ហាត់បង្រៀន​ព្រះរាជបុត្រ​នោះ​លុះត្រា​ចេះ ប៉ុន្តែ​ហាម​ព្រះរាជបុត្រ​មិន​ឲ្យ​មើល​ប្រពន្ធ​គាត់​ជា​ដាច់ខាត​ដោយ​គាត់​ខ្លាច​ចៅ​រាជ​កុ​ល​ស្រឡាញ់​ប្រពន្ធ​គាត់ ​ព្រោះ​នាង​រំសាយសក់​មាន​រូបឆោម​លោម​ពណ៌​ល្អ​ណាស់​។

ជា​យូរ​ខែ​កន្លង​មក ​ពេល​មួយ​ជួន​ជា​តាបស​មិន​នៅ ​ចៅ​រាជ​កុ​ល​បាន​ទៅ​លួច​មើល​ប្រពន្ធ​តា​គ្រាម​ឃើញ​រូប​នាង​ល្អឆើត​ក៏​កើត​សេចក្ដី​ប្រតិព័ទ្ធ​ ហើយ​លួច​សាកសួរ​ចិត្ត​នាង រីឯ​នាង​រំសាយសក់​វិញ​ក៏​ស្រលាញ់​ចៅ​រាជ
​កុ​ល​ដែរ​។ ថ្ងៃមួយ​តាបស​ចូល​ក្នុង​ព្រៃ​ដើម្បី​រក​វត្ថុ​ផ្សេង​ៗ បានឱកាសល្អ​អ្នក​ទាំង​ពីរ ក៏​នាំ​គ្នា​ជិះ​សំពៅ រត់​ចោល​តាបស​ទៅ ​។

កាលដែល​តាបស​ត្រលប់​មក​វិញ​ ពុំ​ឃើញ​អ្នក​ទាំង​ពីរគាត់​បានដឹង​ថា ​ចៅ​រាជ​កុ​ល និង​នាង​រំសាយសក់​ពង្រត់​​គ្នា ​។ ភ្លាម​ៗ​នោះ ​គាត់​តាម​ទៅ​ដល់​មាត់សមុទ្រ​សំពៅ​របស់​អ្នក​ទាំង​ពីរ​បាន​ចាកចេញ​ដល់​កណ្ដាល​មហាសាគរ​ទៅ​ហើយ​ ។ តាបស​ខឹង​ណាស់ ​ក៏​សេ​ប​មន្ត​គាថា​ ហៅ​ខ្យល់ ហៅ​ព្យុះ​ ដើម្បី​ពន្លិច​នៅ​កណ្ដាល​សាគរ​ ។ ប៉ុន្តែ​ដោយ​នាង​រំសាយសក់​ចេះ​មន្ត​វិជ្ជា ​ដែល​នាង​បានអោយ​ខ្យល់​បក់​ផាត់​ខ្យល់​កំណាច​នោះ​ផុត​ទៅ តាបស​ឈឺចិត្ត​ក៏​ដួល​ស្លាប់​នៅ​ឆ្នេរសមុទ្រ​នោះ​បាត់​ទៅ ។ អ្នក​ទាំង​ពីរ​ឃើញ​ហេតុ​ដូច្នេះ ​ក៏​ត្រលប់​សំពៅ​មក​កាន់​រូងភ្នំ​ប្រ​ទឹក​វិញ​ ហើយ​រួមរស់​យ៉ាង​សុខសាន្ត​ ។

រយៈ​កន្លង​មក​ ចៅ​រាជ​កុ​ល​នឹក​ចង់ទៅ​លេង​ស្រុក​កំណើតជា​ពន់ពេក ដោយ​សុំ​នាង​រំសាយសក់​ ហើយ​សន្យា​ថា​នឹងត្រលប់​មក​វិញ​កុំ​ខាន ​។ ប៉ុន្តែ​ដល់​វេលា​ដែល​ចៅ​រាជ​កុ​ល​ត្រលប់​មក​រក​នាង​រំសាយសក់​ នាង​ដែល​ជា​ប្រពន្ធដើម​ខឹង​ណាស់​ ក៏​ប្រើ​ក្រពើ​របស់​នាង​ឈ្មោះ​អា​ធន់​ ឱ្យទៅ​រារាំង​ផ្លូវ​ កុំ​ឱ្យប្ដី​របស់​នាង​ទៅ​រក​នាង​ប្រពន្ធចុង​បាន​ ។

ឯ​នាង​រំសាយសក់​ លុះ​ក្រលេក​ឃើញ​សំពៅ​ប្ដី​ទាប​លិច ​ក៏​បន់​ទៅ​ដល់​ទេវតា​ថែរក្សា​ប្រាសាទភ្នំ​ថា«​សូម​ឲ្យ​តែ​ជួយ​ប្ដី​ខ្ញុំ​អោយ​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​ផង​ចុះ​ ខ្ញុំ​និង​ថ្វាយ​ភ្នំ»​។ ដោយ​អំណាច​នៃ​ការ​បន់ស្រន់​នេះ​ នាង​និង​ប្ដី​ក៏​បាន​សុខ​សប្បាយ​ហើយ​ថ្វាយ​ភ្នំ​នេះ​លាបំណន់​ ។ តាំងពី​នាង​បន់​នោះ​មក ​គេ​ហៅ​ភ្នំ​ប្រាសាទ​នេះ​ថា «ភ្នំ​បំណន់» តែ​សព្វថ្ងៃ​គេ​ហៅ​ថា​ «ភ្នំ​បាណ​ន់» វិញ​ ។

​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​ភ្នំ​ជា​ច្រើន​កំពុង​មាននៅ​ក្នុង​ខេត្តបាត់ដំបង ដូច​ជា​ភ្នំ​តា​គ្រាម ភ្នំ​នាង​រំសាយសក់ ភ្នំ​សំពៅ ភ្នំ​ក្រពើ និង​ភ្នំ​បាណ​ន់ ដែល​មាន​ប្រាសាទ​បាណ​ន់​នៅ​ពីលើ​នេះ​ស្រាប់ ។ (សម្រួល​ដោយ​៖ ស្រីណា)

អត្ថបទសរសេរ ដោយ