ក្រោយ​នារី​ជា​សង្សារ​ទូរស័ព្ទ​ប្រាប់ ម្តាយ​ស្ទុះ​ទៅ​បើក​បន្ទប់ «​ពុទ្ធោ​! កូនប្រុស​ជាទី​ស្រឡាញ់ ដាច់​ចិត្ត​ធ្វើ​បែប​នេះ​»


រាជធានី​ភ្នំពេញ ៖ យុវជន​ជា​និស្សិត​បញ្ចប់​បរិញ្ញាប័ត្រ​នៅ​ក្រៅប្រទេស​ម្នាក់​សង្ស័យ​ប្រច័ណ្ឌ​នារី​ជា​សង្សារ ទើប​ចងក​សម្លាប់​ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ផ្ទះ​លេខ​៤០៨ ផ្លូវលំ ក្រុម​៥ ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

យុវជន​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ម៉​ម ភក្ត្រា អាយុ​២៤​ឆ្នាំ ជា​និស្សិត​បញ្ចប់​បរិញ្ញាប័ត្រ​នៅ​ប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន ផ្នែក​​ប្លង់ និង​ដេ​គ័​រ មាន​បងប្អូន​ប្រុស​ចំនួន​២​នាក់ (​យុវជន​រង​គ្រោះជា​កូន​ទី​២) រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ជ័យ សុខ​ស្រី​នាថ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ដដែលបាន​​បន្ត​ថា អស់​រយៈពេល​៦​ខែ​មក​ហើយ ក្រោយ​ពី​ពួក​គេ​ទាំង​២​នាក់​ស្រឡាញ់​គ្នា តែ​សម្ព័ន្ធភាព​ស្នេហ៍​នោះ​ហាក់ដូចជា​មិន​ចុះសម្រុង​នឹ​ងគ្នាសោះ​ ដោយសារតែ​​ភាគី​ខាង​យុវជន​រង​គ្រោះ​មានចិត្ត​ប្រច័ណ្ឌ​ច្រើន ទើប​ឈ្លោះ​គ្នា​ជា​ញឹកញាប់ រហូត​ដល់​វេលា​យប់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​ មុន​កើតហេតុ ពួក​គេ​ទាំង​២​នាក់​លេង​ឆាត ដោយ​ប្រើ​វី​ដេ​អូ​ខ​ល​ជាមួយ​គ្នា ។ ដោយសារតែ​​ភ្លើង​ប្រច័ណ្ឌ ទើប​កើត​ទៅ​ជា​រឿង​ឈ្លោះ​គ្នា​តាម​ទូរស័ព្ទ ហើយ​យុវជន​រង​គ្រោះ​បាន​ប្រាប់​ទៅ​នារី​ជា​សង្សារ​ថា «​នឹង​ចងក​សម្លាប់​ខ្លួន​» ហើយ​ក៏​បិទ​ទូរស័ព្ទ​ស្ងាត់បាត់​ទៅ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​មិន​អស់ចិត្ត នារី​ជា​សង្សារ​បាន​ទូរស័ព្ទ​មក​រក​យុវជន​រង​គ្រោះ​ចូល​តែ​មិន​មាន​អ្នក​លើក ធ្វើ​ឱ្យ​នារី​ជា​សង្សារ​មិន​អស់ចិត្ត​ទៀត ដោយ​មានការ​សង្ស័យ ក្រោយ​ពី​នាង​ឮ​យុវជន​រង​គ្រោះ​និយាយ​ថា «​ចងក​សម្លាប់​ខ្លួន​» ហើយ​នាង​ក៏​ទូរស័ព្ទ​ទៅ​ម្តាយ​របស់​យុវជន​រង​គ្រោះ​វិញ ខណៈ​ម្តាយ​របស់​យុវជន​រង​គ្រោះ​កំពុង​លង់លក់​ក្នុង​ដំណេក​នៅ​បន្ទប់​ផ្សេង​គ្នា ។

តាមប្រភពដដែលបានបន្តទៀត​ថា បន្ទាប់​ពី​នារី​ជា​សង្សារ​ប្រាប់​ដំណើររឿង​ចប់​សព្វគ្រប់ ធ្វើ​ឱ្យ​ម្តាយ​ស្ទុះ​ងើប​ទៅ​មើល​កូនប្រុស​ដែល​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង គ្រាន់តែ​បើកទ្វារ​បន្ទប់ភ្លាម​ «​ពុទ្ធោ​! កូនប្រុស​ជាទី​ស្រឡាញ់ ដាច់​ចិត្ត​ធ្វើ​បែប​នេះ​» ដោយ​ឃើញ​យុវជន​រង​គ្រោះ​យក​ខ្សែ​មីក្រូហ្វូន​មក​ចងក​ភ្ជាប់​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ទើប​ផ្អើល​ឆោឡោ​ទាំង​ក្រុម​គ្រួសារ​នាំ​គ្នា​កាត់​ខ្សែចំណង​ដាក់​សព​ចុះ​មក​ក្រោយ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​អាជ្ញាធរ​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ជាក់ស្តែងតែម្តង ។

តាម​ការ​បំភ្លឺ​ពី​នារី​ជា​សង្សារ​របស់​យុវជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ខាងលើ​​មាន​ការ​ប្រច័ណ្ឌ​ច្រើន ដោយ​ចោទប្រកាន់​នាង​ថា​បែកចិត្ត​ទៅ​មាន​អ្នក​ផ្សេង ទោះបីជា​នាង​ព្យាយាម​បញ្ចុះបញ្ចូល ប្រាប់​ហេតុផល​យ៉ាងណា​ក្តី តែ​យុវជន​រង​គ្រោះ​នៅ​មិន​ជឿ ហើយ​នៅ​មុន​កើតហេតុ យុវជន​រង​គ្រោះ​ខឹង​នាង​ខ្លាំង​ពេក ដោយ​ប្រាប់​នាង​តាម​ទូរស័ព្ទ​ថា «​ចងក​សម្លាប់​ខ្លួន​ហើយ​» រួច​ក៏​បិទ​ទូរស័ព្ទ លុះ​នាង​ទូរស័ព្ទ​ចូល​ហើយ​តែ​មិន​លើក ទើប​នាង​ទូរស័ព្ទ​ទៅ​ប្រាប់​ម្តាយ​របស់​យុវជន​រង​គ្រោះ​ឲ្យ​ទៅ​ជួយ​មើល​ក្នុង​បន្ទប់ ទើប​ឃើញ​យុវជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​ជាក់ស្តែង ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។

​លុះ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា​ នៅផ្ទះ​កើតហេតុ គេ​ឃើញ​នារី​ជា​សង្សារ​រន្ធត់​ចិត្ត ស្រែក​ទ្រហោយំ មិន​គួរ​ណា បុរស​ជា​សង្សារ​គិត​ខ្លី​បែប​នេះ​សោះ ហើយ​នាង​បាន​ដុត​ធូប​៣​សរសៃ​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​យុវជន​ជា​សង្សារ​ទៅ​ឲ្យ​ស្ងប់ចិត្ត ។

ជុំវិញ​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​របស់​យុវជន​រង​គ្រោះ​ខាងលើ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​រន្ធត់​ចិត្ត ព្រោះ​ខំ​ជម្រុញ និង​បណ្តុះបណ្តាល​ឲ្យ​យុវជន​រង​គ្រោះ​បាន​ទៅ​រៀនសូត្រ​រហូត​ដល់​ក្រៅប្រទេស​ប៉ុណ្ណឹង​ហើយ មិន​គួរ​ណា​គិត​ខ្លី​យ៉ាងនេះ​ទៅ​វិញ ហើយ​ម្តាយ​របស់​យុវជន​រង​គ្រោះ​ស្រែក​ទ្រហោយំ​ឱប​សព​កូនប្រុស​ទាំង​ក្តី​មិន​អស់ចិត្ត ។

ក្រោយ​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​លើ​សព​យុវជន​រង​គ្រោះរួច​ ទើប​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ បាន​រក​ឃើញ​ថា យុវជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​និង​សាច់ញាតិ​ដើម្បី​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ