ល្មុតគឺជាផ្លែឈើធម្មជាតិមានរសជាតិផ្អែមឆ្ងាញ់ ដែលមនុស្សជាច្រើននិយមចូលចិត្តទទួលទាន មិនត្រឹមតែប៉ុណ្ណោះគេនិយមប្រើប្រាស់ផ្លែល្មុតនេះក្នុងពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗផងដែរ ។ ហើយផ្លែល្មុតនេះ អាចប្រមូលផល៤ទៅ៥ដងក្នុងមួយឆ្នាំផងដែរ នេះបើយោងតាមគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

តើអ្នកដឹងទេថា ផ្លែល្មុតនេះ គេដាំបែបណា? ហើយចែកជាប៉ុណ្ណោះដំណាក់កាលដែរ? តោះមកដឹងពីវិធីដាំផ្លែល្មុត និងការថែទាំងដូចខាងក្រោម ៖
១-ការរៀបចំដី និងរណ្តៅ ៖ ដំបូងឡើយមុននឹងដាំល្មុត យើងត្រូវភ្ជួរហាលដីទុកចោលពី១ខែទៅ១ខែកន្លះសិនដើម្បីឱ្យងាប់សត្វល្អិត និងរលួយស្មៅ បន្ទាប់មកយើងត្រូវភ្ជួរដីមួយលើកទៀតនៅពេលជិតដាំកូនល្មុត មិនតែប៉ុណ្ណោះចន្លោះពីដើមមួយទៅមួយត្រូវមានប្រវែង៥ម៉ែត្រ ។ ក្រោយមកត្រូវកាប់រណ្ដៅដីទំហំ៤តឹកបួនជ្រុង និងជម្រៅ៤តឹក រួចកាប់អាចម៌ដីចេញពាក់កណ្តាលរណ្តៅ ទើបកាប់បំផុសអាចម៌ដីឱ្យម៉ដ្ឋ បន្ទាប់មកដាក់លាយជាមួយជីអាចម៌គោពុកផុយ រួចហាលរណ្តៅនោះទុកចោល២ទៅ៣ថ្ងៃសិនមុនដាំល្មុត។

២-ការដាំ ៖ យើងត្រូវយកមែកល្មុត (មែកសាក) មកទុកក្បែររណ្តៅនោះជាមុនសិន រួចយកមែកល្មុតមកត្រាំទឹកឱ្យសើមបន្តិច បន្ទាប់មកស្រាយកញ្ចប់ប្លាស្ទិចចេញយឺតៗកុំឱ្យបែកអាចម៌ដី និងដាច់ឫសវាដែលអាចធ្វើឱ្យវាងាប់បាន ។ ក្រោយមកយកមែកល្មុតដាក់ចូលក្នុងរណ្តៅដីដោយថ្មមៗ ដៃម្ខាងទៀតត្រូវប្រមូលអាចម៌ដីលុបរណ្ដៅដោយច្របាច់ដីឱ្យតូចៗរោយបំពេញកប់ឫសកំរាស់២ធ្នាប់ដៃ ហើយសល់ប្រហែល២ធ្នាប់ដៃទៀតទើបដាក់អាចម៌ដីស្មើនឹងមាត់រណ្ដៅតែម្តង ។

ត្រូវចាំណា៎ យើងមិនត្រូវជាន់បង្ហាប់ដីរណ្ដៅនោះទេ ប៉ុន្តែយើងត្រូវបោះបង្គោល២ ឬ៣ដើមចងភ្ជាប់នឹងមែកល្មុត ដើម្បីឱ្យវាត្រង់ និងរឹងមាំ ។ បន្ទាប់ពីនោះយើងត្រូវស្រោចទឹកឱ្យសើមល្មមដោយយកដៃទទះទឹក ដូចយើងស្រោចទឹកលើកូនស្ពៃចឹង។ ចំណាំ ៖ បើល្មុតអាយុតិចជាង១ខែ ត្រូវស្រោចទឹកពេលល្ងាចរាល់ថ្ងៃ, ១ខែដល់២ខែ ត្រូវស្រោច២ថ្ងៃម្តង, ២ខែដល់៥ខែ ស្រោច៣ថ្ងៃម្តង, ៥ខែដល់១ឆ្នាំ ស្រោច១សប្តាហ៍ម្តង និង១ឆ្នាំដល់៣ឆ្នាំនោះ ត្រូវស្រោច២សប្តាហ៍ម្តង ។ 

៣-ការថែទាំ ៖ ដើមល្មុតទើបដាំរួចមិនត្រូវប៉ះពាល់ បេះត្រួយស្លឹក កាច់មែក ឬឱ្យសត្វផ្សេងមកញ៉ាំញីនោះទេ ដែលអាចធ្វើឱ្យដើមល្មុតងាប់បានព្រោះឬសរបស់វាងាយនឹងដាច់ណាស់ ដូច្នេះត្រួវតែប្រយ័ត្ន។ ហើយត្រូវតាមដានទៀត គឺត្រូវកំចាត់ដង្កូវស៊ីដើមចេញ ព្រោះវាស៊ីតែមែក និងដើមល្មុតទេ ដោយវាតែងតែងរស់នៅក្នុងមែកល្មុត ដូច្នេះយើងអាចសង្កេតមើលអាចម៌ដង្កូវតាមមែកល្មុត ហើយត្រូវឆ្កឹះសំបកមែករហូតដល់ឃើញដង្កូវនោះ រួចញិចសម្លាប់វាចោលទៅ ។

ចុងក្រោយនេះគឺប្រមូលផលតែម្តង យើងអាចប្រមូលផលបានខ្លះៗចាប់ពី៣ឆ្នាំឡើងទៅ ហើយបើសិនចាប់ពី៥ឆ្នាំឡើងទៅ យើងអាចប្រមូលផលបានដល់១០០គីឡូក្រាមក្នុងមួយឆ្នាំឯណោះ។ បើល្មុតចាស់វិញយើងអាចបេះយកទៅបន្ទុំបានដោយសង្កេតឃើញសំបកផ្លែរលោង ឬយើងអាចកោសលើផ្លែវាឃើញមានពណ៌លឿនត្នោត ដូច្នេះមានន័យថា ល្មុតនោះចាស់ហើយ យើងអាចបេះយកមកបន្ទុំ បន្ទាប់យកទៅលក់ជាការស្រេច ៕ (កែសម្រួលដោយ ៖ បុប្ផា)







                        
			         
				
ចែករំលែកព័តមាននេះ