ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចុះ MOU ជាមួយ​សម​ភាគី​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ចប្រជុំ​ទ្វេភាគី រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ចប្រជុំ​ទ្វេភាគី រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក និង រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក Hu Wei អនុរដ្ឋមន្ត្រី​នៃ រដ្ឋបាល​គយ​ចិន ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ស្រប​តាម​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ ដែល​បាន​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Li Keqiang នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។

លោក​បណ្ឌិត គុណ ញឹ​ម បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​គយ​ចិន និង​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជា​ប្រវត្តិសាស្ត្រ​ទាំង​ផ្នែក នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ បច្ចុប្បន្ន ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា ហើយ​ក៏​ជា​ប្រភព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​ជាងគេ​នៅ​កម្ពុជា​ផង​ដែរ​។ លើស​ពី​នេះ​ទៀត ប្រទេស​ចិន​ក៏​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​កម្ពុជា ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ប្រតិភូ​រាជរដ្ឋាភិបាល ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ​ចំនួន ០៨ គ្រឿង ហើយ​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​នៅ​តាម​មាត់ច្រក​សំខាន់​ៗ និង​បាន​ក្លាយជា​ឧបករណ៍​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ក៏​ដូច​ជា​ចូលរួម​ជំរុញ​បន្ថែម​ទៀត​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ផង​ដែរ ។

លោក Hu Wei បាន​លើក​ឡើង​អំពី​ទំនាក់ទំនង និង ដៃគូ​ជា​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​តែង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​ទំនាក់ទំនង​នេះ ។ លោក​បាន​បញ្ជាក់​ថា ដើម្បី​បង្កើន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​លើ​គ្រប់​វិស័យ ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​២ ត្រូវ​ជម្រុញ​កិច្ច​សហ​ប្រ​តិ​បត្ត​ិការ​ឲ្យ​កាន់តែ​ជិត​ស្និ​ទ​ថែម​ទៀត ហើយ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ គឺជា​សក្ខីភាព​នៃ​ជំហាន​ថ្មី​នៃ​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​រវាង​រដ្ឋបាល​គយ​ទាំង​២ ។ លោក​ក៏​បាន​ចែករំលែក​បទ​ពិសោធ​នៃ​ការ​កែទម្រង់​រចនាសម្ព័ន្ធ និង​ស្ថាប័ន ក៏​ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​គយ​ផង​ដែរ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋបាល​គយ​កម្ពុជា និង រដ្ឋបាល​គយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ពិភាក្សា​និង​ផ្លាស់​ប្តូរ​មតិយោបល់​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​គយ​ទ្វេភាគី តំបន់ និង​ពិភពលោក (​ក្រោម​ក្រប​ខណ្ឌ​អង្គការ​គយ​ពិភពលោក​) ហើយ​ចែករំលែក​លទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​និង​ទំនើប​កម្ម​នៅ​ក្នុង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​៖

•​ ​រួម​គ្នា​រៀបចំ​កាលវិភាគ​ការងារ​អនុវត្ត​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ស្រប​តាម​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ ។
•​ ​បង្កើត​ចំណុច​ទំនាក់ទំនង​សម្រាប់​ផ្លាស់​ប្តូរ​ទិន្នន័យ​ស្ថិតិ និង​ព​័ត៌​មាន​សម្ងាត់ ។
•​ ​បង្កើត​យន្តការ​រួម​គ្នា​លើ​ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​និង​បទល្មើស​ឆ្លង​ដែន ។
•​ ​សហការ​ផ្លាស់​ប្តូរ​ព័ត៌មាន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនៃ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ ។
•​ ​រដ្ឋបាល​គយ​ចិន​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​គយ​កម្ពុជា ។

•​ ​គយ​កម្ពុជា​ត្រៀមខ្លួន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ា​ត់​មួយ (BRI) ។
•​ ​ដើម្បី​បង្កើត​យន្តការ​សហ​ប្រ​តិ​បត្ត​ការ​គយ​ក្រោម​ក្របខ័ណ្ឌ ឡា​ង​ឆាង​-​មេគង្គ រដ្ឋបាល​គយ​ចិន​នឹង​ ។ រៀបចំសេចក្ដី​ព្រាង TOR ហើយ​រដ្ឋបាល​គយ​កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ និង​ត្រៀមខ្លួន​ផ្ដល់​ធាតុ​ចូល​លើ TOR នោះ ។
•​ ​រដ្ឋបាល​គយ​ទាំង​២​នឹង​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ក្នុង​គម្រោង “​ប្រតិបត្តិការ​រួម​គ្នា​” (Joint Operations) ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​គយ​ពិភពលោក (WCO) ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន និង​ការ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក​ជាដើម ។

ជា​កិច្ចបញ្ចប់ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់ និង​សារៈសំខាន់​នៃ​កិច្ចប្រជុំ​ទ្វេភាគី​នេះ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​កំណើន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​ពីរ​មាន​តួនាទី និង​ភារកិច្ច​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​និង​កិច្ចព្រមព្រៀង​សហ​ប្រ​តិ​បត្ត​ការ​នានា ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ