ជាធម្មតាគភ៌ដែលមានអាយុគ្រប់ខែពេញលេញល្អគឺមានរយៈពេល៩ខែ ។ បុ៉ន្តែករណីខ្លះគភ៌អាចបញ្ឈប់ការលូតលាស់ និងអាចសម្រាលចាប់ពី៧ខែឡើងទៅ ។ ដូច្នេះការរលូតកូន ឬរំលូតកូនមុនពេលគភ៌មានអាយុ២៨សប្តាហ៍ ឬ៧ខែ គឺជាការបញ្ឈប់ការមានផ្ទៃពោះ ។
ស្ត្រីខ្លះធ្លាប់ជួបប្រទះនូវសញ្ញាដូចជា ៖
ធ្លាក់ទឹករំអិលលាយឈាម ឬធ្លាក់ឈាមតាមទ្វារមាសលើសពី៨ថ្ងៃ, មានអារម្មណ៍វិលមុខរកកល់ក្អួតចង្អោរ, មានអាការៈឈឺពោះតិចៗស្រដៀងគ្នានឹងពេលជិតមករដូវ, ស្ត្រីខ្លះឈឺពោះខ្លាំង ប៉ុន្តែខ្លះក៏មិនឈឺដែរ, មានចុករោយនៅត្រង់ចង្កេះ, មានធ្លាក់បំណែកកូនដោយឯកឯងតាមទ្វារមាស, ធ្លាក់ឈាម ធុំក្លិនតាមទ្វារមាស ។
រំលូតកូនខ្លួនឯងបង្កបញ្ហាដូចម្តេចខ្លះ ?
ការរំលូតកូនដោយខ្លួនឯង ៖ ស្ត្រីគ្រប់រូបមិនគួរព្យាយាមរំលូតកូនដោយខ្លួនឯងនោះទេ ព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដូចជា ធ្លាក់ឈាមមិនឈប់បណ្តាលឱ្យបាត់បង់ជីវិត, ធ្លាក់ឈាមបណ្តាលឱ្យស្លេកស្លាំង និងការរាក, ការរំលូតកូនដោយគ្មានអ្នកជំនាញអាចបណ្តាលឱ្យមានគ្រោះថ្នាក់មួយចំនួនដូចជា ៖ ធ្លាក់ឈាមដែលបណ្តាលមកពីធ្លាយស្បូន រហែកស្បូន (អាចមានគ្រោះថ្នាក់ដល់ជីវិត ឬគ្មានកូនរហូត) សល់បំណែកកូន, ការប៉ះទង្គិចមាត់ស្បូនបណ្តាលឱ្យរបួស ឬរហែកមាត់ស្បូន, មានការបង្ករោគក្នុងឈាម និងដំបៅរលួយក្នុងស្បូន ។
សុវត្ថិភាពពេលមានសញ្ញារលូតកូនត្រូវសម្រាកនៅលើគ្រែរហូត ខណៈធ្លាក់ឈាម, តមរួមភេទក្នុងអំឡុងពេលធ្លាក់ឈាម, បើមានធ្លាក់ឈាមតិចៗត្រូវទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យ , បើធ្លាក់ឈាមច្រើន ហើយនៅឆ្ងាយពីមន្ទីរពេទ្យ ត្រូវគេងដាក់ក្បាលឱ្យទាប ឯជើងកល់ឱ្យខ្ពស់ ហើយយកសំឡីអនាម័យ ឬក្រណាត់ស្អាតគ្មានមេរោគមកទ្រាប់ រួចបញ្ជូនទៅមន្ទីរពេទ្យភ្លាម ។
ការថែទាំក្រោយរលូត និងរំលូតកូន ៖
ផ្លាស់ប្តូរសំឡីអនាម័យ ឬក្រណាត់ស្អាតសម្រាប់ទ្រាប់ឱ្យបានញឹកញាប់, ត្រូវលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន ទោះជាធូរស្បើយហើយក៏ដោយ, សម្រាកឱ្យបានគ្រប់គ្រាន់, ញ៉ាំអាហារដែលមានជីវជាតិដូចជា ត្រី សាច់ ផ្លែឈើ និងបន្លែគ្រប់មុខ, ត្រូវតមរួមដំណេកយ៉ាងតិច៣ថ្ងៃក្រោយពីឈប់ធ្លាក់ឈាម ។
ដើម្បីការពារកុំឱ្យមានការរលូតកូននៅពេលស្ត្រីដឹងថាខ្លួនមានផ្ទៃពោះភ្លាម បុរសឬស្ត្រីត្រូវអនុវត្តតាមវិធីខាងក្រោម ៖
ស្វែងរកសេវាថែទាំផ្ទៃពោះមុនពេលសម្រាលដែលមានគុណភាព, ពិភាក្សាជាមួយគ្រូពេទ្យពីរបៀបថែទាំផ្ទៃពោះ, តាមដានការវិវឌ្ឍរបស់ផ្ទៃពោះតាមការណាត់ជួបរបស់គ្រូពេទ្យ, ស្វែងយល់បន្ថែមអំពីរបៀបថែទាំផ្ទៃពោះ, បុរសត្រូវគាំទ្រ និងជួយដល់ស្មារតីភរិយាដើម្បីឱ្យនាងមានភាពកក់ក្តៅក្នុងការថែទាំទារក ។
អ្នកអាចមានផ្ទៃពោះភ្លាមៗបន្ទាប់ពីរលូត ឬរំលូតកូន ទោះជាមិនទាន់មានរដូវក៏ដោយប្រសិនបើរួមភេទ ។ គ្រប់គូស្វាមីភរិយាត្រូវមានផែនការគ្រួសារឱ្យបានត្រឹមត្រូវថា តើត្រូវមានកូនប៉ុន្មាន ? ហើយគួរមាននៅពេលណា ? ជាការល្អស្ត្រីគួរមានកូនឃ្លាតគ្នាពីមួយទៅមួយចំនួន៣ឆ្នាំទើបជាការប្រសើរ ។
ស្ត្រីគ្រប់រូបត្រូវចងចាំថា ការរលូតកូនអាចកើតមានដោយឯកឯង ឬដោយការប៉ះទង្គិចដោយវត្ថុផ្សេងៗ ។ បើសិនជាមានផ្ទៃពោះក្រោម១២សប្តាហ៍ មានធ្លាក់ឈាម ឬរលូតកូនដោយឯកឯងនោះ សូមប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់ ។ មិនត្រូវធ្វេសប្រហែស ឬព្យាយាមព្យាបាលដោយខ្លួនឯងទេ ព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ៕
ចែករំលែកព័តមាននេះ