រាជធានីភ្នំពេញ ៖ ការប្រដាល់នៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩ កីឡាករវ័យទើបតែ១៤ឆ្នាំ ខាំ កូនខ្លាទទួលបានការចាប់អារម្មណ៍មិនធម្មតា ក្នុងពេលដែលគេឡើងប្រកួតនៅប៉ុស្តិ៍លេខ៥។ បង្គោលក្រហម មកពីក្លិបរ៉ាហាប់ស្វាយប៉ាករូបនេះ បានវាយបំបាក់កីឡាករ ឡុង សុខលីម មកពីក្លិបសាលវ័ន្តកីឡា បានយ៉ាងជោគជ័យ ត្រឹមតែប្រើសមត្ថភាពមិនដល់២ទឹក។

ការបង្ហាញខ្លួនរបស់គេ នៅក្នុងថ្ងៃនោះ គឺជាការប្រកួតមិត្តភាពនៅក្នុងព្រឹត្តិការណ៍កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ដើម្បីជ្រើសរើសជើងឯងខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមរដូវកាលទី៥ ដោយការឡើងប្រកួតរបស់គេ ក៏ស្ថិតក្នុងពេលកីឡាករ៤រូបដែលត្រៀមខ្លួនប្រកួតគ្នាចុងក្រោយ ត្រូវប៉ុស្តិ៍លេខ៥ ឱ្យសម្រាក ត្រៀមទៅប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
អវត្តមានកីឡាករឡើងប្រកួតជ្រើសរើសជើងឯក ទើបកីឡាករទាំង២នាក់ខាងលើត្រូវគេឱ្យប្រកួតប៉ះគ្នា ដើម្បីឱ្យកញ្ជ្រោលសង្វៀននៅប៉ុស្តិ៍លេខ៥។ បើកឆាកការប្រកួតរបស់មួយគូនេះ គេឃើញអ្នកទាំងពីរបញ្ចេញផ្លែល្អ គួរឲ្យទាក់ទាញ ដោយម្នាក់ៗវាយគ្នាលាន់ឭពេញសង្វ្រៀន។

កីឡាករ កូនខ្លា រំលេចបច្ចេកទេសវាយចេញបានល្អយ៉ាងខ្លាំង ពោលគឺប្លែក ហើយវាយត្រូវចូលចំទិសដៅតែម្ដង ដោយវាយកីឡាករ សុខលីម ដួលលើសង្វៀនជាច្រើនអន្លើ រហូតធ្វើឱ្យអាជ្ញាកណ្តាលរាប់ម្តងក្នុងទឹកទី១។
កីឡាករ កូនខ្លា ធ្លាប់មានប្រវត្តិធ្វើឲ្យកីឡករវ័យក្មេងថៃចាញ់លើរេញលេខ៥រួចមកហើយ នាពេលកន្លងមក។ ចូលដល់ទឹកទី២ កីឡាករ កូនខ្លា វាយតែមួយប្រាវ ធ្វើឲ្យ សុខលីម សន្លប់រហូតត្រូវគេបញ្ឈប់លែងឲ្យប្រកួត ញ្ចប់ការប្រកួត។ នៅចុងបញ្ចប់ កូនខ្លា ក្លាយជាតួឯកឈ្នះការប្រកួតសាជាថ្មី សូម្បីអ្នកមើលទះដៃកោតសរសើរថា ជាក្មេងខ្លាំងកម្ររកបានលើវិស័យកីឡា។

អ្នកទស្សនាលាន់មាត់ថា កីឡាករបង្គោលក្រហមក្មេងមែន ប៉ុន្តែគេមានឆន្ទៈ និងមានសមត្ថភាពអាចបណ្ដុះឲ្យក្លាយជាជើងខ្លាំងបាន ដោយយោងលើសមត្ថភាពរបស់គេតាមរយៈការប្រកួតនៅក្នុងថ្ងៃនោះ។ ប៉ុស្តិ៍លេខ៥ ក៏ប្រកាសនឹងដាក់ឲ្យគេឡើងប្រកួតឱ្យបានញឹកញាប់ផងដែរ ដើម្បីលើកកម្ពស់កីឡាករក្មេងៗ៕ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ