រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នារីម្នាក់បានលោតពីលើស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង២នាក់ឈប់ម៉ូតូលើស្ពានកម្ពស់៣ម៉ែត្រដោយឈ្លោះប្រកែកគ្នាជាមួយគូសង្សារ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សេចក្តីរាយការណ៍បានបន្ត តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញគូសង្សារទាំង២នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខឌុបគ្នាតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិចឡើងលើស្ពានអាកាសស្ទឹងមានជ័យបានបន្ទិចក៏ឈប់ម៉ូតូ ហើយក៏លឺសូរសំឡេងឈ្លោះប្រកែកគ្នា ខណៈពេលនោះក៏ស្រាប់តែខាងស្រីហក់លោតពីលើស្ពានចុះមកក្រោមកម្ពស់៣ម៉ែត្រ បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ។
ចំណែកឯខាងប្រុសក៏ជិះម៉ូតូចុះមកក្រោម ហើយក៏លើកសង្សារឲ្យអង្គុយ និងទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចក៏មកដល់ហើយក៏ទាក់ទង់ទៅរថយន្តសង្គ្រោះឲ្យមកដឹកនារីរងគ្រោះទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះជីវិត ។ ក្រោយពីកើតហេតុបុរសជាសង្សារបានជិះម៉ូតូតាមពីក្រោយរថយន្តពេទ្យបាត់ទៅ បន្សល់ទុកតែស្បែកមួយគូនៅកន្លែងកើតហេតុ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ