ខេត្តបាត់ដំបង ៖ «ព្រែកទាល់» ជាតំបន់ជីវៈចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ទៅព្រែកទាល់ត្រូវធ្វើដំណើរតាមកាណូតចេញពីស្ទឹងសង្កែ ក្រុងបាត់ដំបង ចំណាយពេលជិត៤ម៉ោង ក្នុងចម្ងាយផ្លូវទឹកជាង៥០គីឡូម៉ែត្រ ឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រជាច្រើនតាមផ្ទៃទឹក ដូចជាវត្តឈើខ្មៅជាដើម ។ វត្តនេះប្រជាជនមានជំនឿថា តួវិហារមិនចេះលិចទឹកឡើយ គឺអណ្តែតតាមទឹកឡើង ទោះបីមានទឹកឡើងខ្លាំងលិចតំបន់ផ្សេងៗអស់ក៏ដោយ ហើយក៏ជាព្រំប្រទល់ក្នុងបឹងទន្លេសាបជាមួយខេត្តសៀមរាប និងពោធិ៍សាត់ ។
បើទៅដល់ព្រែកទាល់ហើយ ចង់ទៅសៀមរាបជាការងាយបំផុត ដោយត្រូវប្រើពេលជិត២ម៉ោង អាចទៅឡើងនៅចំណុចភ្នំក្រោមក្នុងខេត្តសៀមរាប ។
តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់ថា ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ។ វាជាកន្លែងមួយប្រមូលផ្ដុំសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅច្រើនច្រើន និងបង្កើតជាសំបុករស់នៅគួរឲ្យចង់ទស្សនា ។ សត្វស្លាបទាំងនោះមានច្រើននៅក្នុងចន្លោះខែធ្នូ ដល់ខែកុម្ភៈ ។ ភ្ញៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងរូបភាពវីឌីអូឯកសារសត្វនោះផងដែរ ។
នៅពេលដែលទឹកនាតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីពីគ្រប់ទិសទីបានទៅជួបជុំគ្នានៅទីនោះ ហើយបក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែកុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មានទេ ។ លោកអ្នកក៏អាចឃើញសត្វស្លាបទាំងនោះផងដែរនៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មានដូចខែទឹកស្រកទេ ។
អ្នកជំនាញបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅព្រែកទាល់គឺពេលព្រឹកព្រលឹម និងពេលរសៀល ដូច្នេះបើអស់លោកអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ ត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញ ប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ១៥ទៅ២០ដុល្លារប៉ុណ្ណោះ ។
សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយពេលច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកលើផ្លូវទឹក មិនបានលឿនដូចផ្លូវគោកបានឡើយ ហើយវាក៏ត្រូវការចំណាយផ្សេងៗជាច្រើនទៀត ព្រោះមុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី៤៥ទៅ៥០ដុល្លារសម្រាប់ទូកមួយ (អាចជិះបានពី៣ទៅ៤នាក់) ។ ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតសម្រាប់ចល័តដែលមានតម្លៃចន្លោះពី៣៥ ទៅ៤៥ដុល្លារ សម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង)។
សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថា លោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំ និងអភិរក្សស្រឡាញ់ទីនោះសប្បាយជាមួយសត្វបក្សីនៅតំបន់នោះយ៉ាងប្លែកភ្នែក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ