សក្តានុពលទេសចរណ៍ថ្មីនៅតំបន់ភូមិភាគឦសានតាមដងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ខេត្តមណ្ឌលគិរី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនរួចរាល់ជាស្ថាពរ មិនត្រឹមតែបម្រើឱ្យវិស័យការពារជាតិ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានក្លាយជា «ឆ្អឹងខ្នងទេសចរណ៍ថ្មី» ដ៏មានសារសំខាន់បំផុតសម្រាប់ខេត្តមណ្ឌលគិរី ។

ជួបសម្ភាសន៍ជាមួយកោះសន្តិភាព កាលពីថ្មីៗនេះ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា ខ្សែផ្លូវក្រវ៉ាត់ព្រំដែន មានទីតាំងស្រស់ស្អាតលាក់ខ្លួនជាច្រើន ជាពិសេស វាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក និងជួរភ្នំសម្បូរព្រៃឈើវែងអន្លាយ ដែលផ្ដល់ឱកាសសម្រាប់ការរៀបចំកម្សាន្តបែបផ្សងព្រេង (Adventure Tourism) ដូចជាការជិះកង់ភ្នំ ការធ្វើដំណើរកម្សាន្តតាមម៉ូតូធំ និងការបោះតង់តាមកំពូលភ្នំ ដែលសុទ្ធសឹងជាផលិតផលទេសចរណ៍ថ្មីបន្ថែមលើតំបន់ទឹកធ្លាក់ និងវប្បធម៌ជនជាតិដើមភាគតិចដែលមានស្រាប់ ។

លោកប្រធានមន្ទីរបន្ថែមថា តាមរយៈខ្សែផ្លូវដ៏មានសារសំខាន់នេះ វានឹងតភ្ជាប់ពីតំបន់ទេសចរណ៍សំខាន់ៗ ទៅកាន់ភូមិកររបស់បងប្អូនជនជាតិដើមភាគតិចតាមព្រំដែន ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌រស់នៅបានយ៉ាងជិតស្និទ្ធ ។ ការកើនឡើងនៃចរន្តភ្ញៀវទេសចរតាមតំបន់ព្រំដែននឹងជំរុញឱ្យមានការបង្កើតសេវាកម្មស្នាក់នៅ អាហារដ្ឋាន និងការលក់ដូរផលិតផលកសិកម្មក្នុងស្រុក ដែលជាការបង្កើតការងារ និងចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ។

ទន្ទឹមនឹងសក្តានុពលតាមព្រំដែន វិស័យទេសចរណ៍រួមនៃខេត្តមណ្ឌលគិរី ក៏កំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ។ ដែលការរីកចម្រើននេះ គឺកើតចេញពីការរួមបញ្ចូលគ្នារវាងសម្បត្តិធម្មជាតិ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្មីៗ ទាំងផ្លូវបេតុងក្នុងក្រុងសែនមនោរម្យ និងផ្លូវជាតិដែលតភ្ជាប់ទៅកាន់រមណីយដ្ឋានល្បីៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជាច្រើនទៀតក្នុងខេត្ត ។

បន្ថែមលើសពីនេះ ការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ច បានផ្ដល់នូវភាពកក់ក្ដៅយ៉ាងខ្លាំងដល់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ យន្តការការពារបរិស្ថាន តាមរយៈគម្រោងរេដបូក (REDD+) ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាធនធានធម្មជាតិ ដែលជាឆ្អឹងខ្នងនៃវិស័យទេសចរណ៍។ ការជំរុញផលិតផលក្នុងស្រុក ដូចជាការដាំដុះស្វាយចន្ទី និងកាហ្វេ ក៏បានក្លាយជាផ្នែកមួយនៃការទាក់ទាញទេសចរណ៍ឱ្យមកសាកល្បងរសជាតិកសិផលគុណភាពខ្ពស់ដែលផលិតដោយកសិករក្នុងស្រុកផ្ទាល់ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលឆ្នាំ២០២៥ មានភ្ញៀវទេសចរសរុបជាង៤០ម៉ឺននាក់កើនឡើងជាមធ្យម១៦% ក្នុងនោះ មានទេសចរណ៍បរទេសប្រមាណ១២,៥០០នាក់ កើនឡើងប្រហែល២០% ។ ខេត្តមណ្ឌលគិរី មិនត្រឹមតែជាតំបន់សម្រាប់សម្រាកកាយប៉ុណ្ណោះទេ ប៉ុន្តែជាខេត្តគំរូដែលបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ច ដើរទន្ទឹមគ្នានឹងការអភិរក្ស ។
ការប្ដេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការថែរក្សាផ្លូវថ្នល់ និងការការពារធនធានធម្មជាតិទាំងនៅក្នុងតំបន់ស្នូល និងតាមបណ្ដោយព្រំដែន នឹងធ្វើឱ្យខេត្តនេះ បន្តក្លាយជាដង្ហើមសេដ្ឋកិច្ចទេសចរណ៍ដ៏រឹងមាំ និងមានភាពទាក់ទាញបំផុតសម្រាប់កម្ពុជានាពេលអនាគត ៕










ចែករំលែកព័តមាននេះ