វប្បធម៌ខ្មែរបច្ចុប្បន្នបានបន្តពីសម័យអង្គរយ៉ាងពិតប្រាកដ ទោះបីជាជនជាតិខ្មែរយើង និងសង្គមរបស់ខ្លួន ត្រូវបានទទួលរងនូវការវិនាសកម្ម គ្រប់យ៉ាងក្រោយពីសម័យអង្គរក៏ដោយ ។ តែទោះបីជាយ៉ាងណាក្តីក៏មធ្យោបាយតែមួយគត់ដែលអាចបង្ហាញពីនិរន្តរភាពនៃលក្ខណៈវប្បធម៌ខ្មែរបាននោះ គឺប្រពៃណី និងវត្ថុវប្បធម៌បុរាណមួយចំនួនដែលជាកត្តាកំណត់ពីកាលបរច្ឆេទនៃសម័យកាល នីមួយៗ ។
យោងតាមឯកសាររបស់លោកមីសសែល ត្រាណេ ពណ៌នាថាអកកំបោរ គឺជាវត្ថុតំណាងមួយនៃវប្បធម៌ខ្មែរ ។ វត្ថុតាងនៃវប្បធម៌ខ្មែរ គឺអកកំបោរនេះ ត្រូវបានគេរកឃើញនៅក្នុងបរិវេណនៃប្រាង្គប្រាសាទខ្មែរនៅឯប្រទេសថៃ ដែលមានឈ្មោះថា ប្រាសាទពិមាឃ ។ វត្ថុបុរាណនេះត្រូវបានយកមកសិក្សាស្រាវជ្រាវ ប្រៀបធៀប ដើម្បីចង់ដឹងពីសម័យកាល ។ តាមការសិក្សា ស្រាវជ្រាវប្រៀបធៀប បានឲ្យដឹងថា ហឹបដាក់លំបោរនៃសម័យបច្ចុប្បន្ន និងប្រអប់ដាក់កំបោរ នាសម័យបុរាណមានទម្រង់ស្រដៀងគ្នា ។
ផ្អែកតាមការសិក្សា ប្រៀបធៀប ខាងលើធ្វើឲ្យមានសេចក្តីសន្និដ្ឋានយ៉ាងត្រឹមត្រូវថា អកកំបោរសព្វថ្ងៃដែលខ្មែរយើងពេញនិយមគឺពិតជាបានបន្តមកដោយយកគំរូចេញពី អកកំបោរ នាសម័យវប្បធម៌អង្គរ យ៉ាងពិតប្រាកដ ។ ទោះបីយ៉ាងណាក្តីក៏រហូតមកទល់បច្ចុប្បន្ន ការប្រើប្រាស់អកកំបោរតាមទម្រង់ខ្មែរបុរាណសម័យអង្គរនៅតែបន្តមានសម្រាប់តំបន់អតីតខែត្រមួយចំនួននៅប្រទេសថៃ ក៏ដូចជានៅកម្ពុជាក្រោម ។
អកកំបោរដែលមានការចាប់អារម្មណ៍នោះគឺ មានទម្រង់ជា រូបសត្វ ប្រើស អណ្តើក និងទន្សាយ ជាដើម ។ ការបង្ហាញវត្តមាន អកកំបោរនេះអាចបញ្ជាក់ថាជនជាតិខ្មែរបុរាណមានការនិយមពិសាស្លា ម្លូ ដែលបន្តមកតាំងពីសម័យមហានគរ ក៏ដូចជាបានបន្តពីសម័យនគរភ្នំ ផងដែរ ។
តាមរយ:ភស្តុតាងនៃវត្ថុបុរាណខ្មែរទាំងនេះបានបញ្ជាក់កាន់តែច្បាស់ថា អកកំបោរខ្មែរគឺមានភាពចំណាស់តាំងពីបរមបុរាណនៃ ប្រពៃណីស៊ី ស្លា ម្លូ របស់ខ្លួនដ៏យូរលង់ណាស់មកហើយ។ លើសពីនេះទៅទៀតការនិយម ស្លា ម្លូ គឺជាអាទិភាពសម្រាប់ធ្វើជាតង្វាយព្រះ អាទិទេព ដ៏មានបុណ្យដែលខ្មែរបុរាណនិយមធ្វើពិធីសាសនាក្នុងប្រាសាទ នានា ។
ដូច្នេះ អកកំបោរខ្មែរ និងថៃ សព្វថ្ងៃនេះពិតជាត្រូវបានបង្កើតចេញពីមរតកវប្បធម៌នាសម័យអង្គរ យ៉ាងជាក់ច្បាស់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ