លោកយាយ​អំពាវនាវ​សុំ​ឱ្យ​សម្តេច​តេ​ជោ​ជួយ​រក​យុត្តិធម៌​សម្រាប់​គាត់​ផង


ខេត្តស្វាយរៀង ៖ លោកយាយ ប៉ា​ល់ ស៊ា​ន អាយុ​៧៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ចាស់ជរា រស់នៅ​ក្នុងភូមិ​ពពារ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ បាន​អំពាវ​សុំ​ឲ្យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​គាត់​ផង ព្រោះតែ​អ្នកស្រី វ័​រ ស៊ា​ន អាយុ​៦២​ឆ្នាំ ប្រពន្ធ​លោក ប៉ា​ល់ សាន្ត អតីត​អភិបាលរង​ខេត្ត​ព្រះ
វិហារ មាន​ទីលំនៅ​ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រំលោភ​យក​ដី​លំនៅ​ឋាន​របស់​គាត់​ទំហំ​២៤,៥​ម៉ែត្រ​x៦០​ម៉ែត្រ ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​អ​យុ​ត្តិ ធម៌ ។

លោកយាយ​រៀបរាប់​ថា អ្វី​ដែល​កាន់តែ​អយុត្តិធម៌​ទៀត​នោះ គឺ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ឲ្យ​លោកយាយ​ចាញ់ក្តី​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​៣ ខែមិថុនា​កន្លង​ទៅ លើ​សំណុំរឿង​រដ្ឋប្បវេណី​លេខ​៦១៨​ចុះ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​មាន​ភាគី​លោកយាយ​ជាដើម​ចោទ និង​ភាគី​ចុង​ចម្លើយ​ឈ្មោះ វ័​រ ស៊ា​ន ដោយ​មាន​លោក ធូ មណី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជុំ​រះ ។

ការ​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​នេះ គឺ​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា វេលា​ម៉ោង​៣​រសៀល នៅ​ភូមិ​ពពារ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ។ លោកយាយ ប៉ា​ល់ ស៊ា​ន បាន​និយាយ​ទាំង​ទឹកភ្នែក​ថា លោកយាយ​ជា​ស្ត្រី​មេម៉ាយ ប្តី​លោកយាយ​ត្រូវ​ខ្មែរក្រហម​យក​ទៅ​សម្លាប់ ដោយ​បន្សល់​ទុក​កូន​៦​នាក់ ។ លុះដល់​ឆ្នាំ
១៩៧៩ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា លោកយាយ​បាន​នាំ​កូនប្រុស​ស្រី​មក​រស់នៅ​ក្នុងភូមិ​ពពារ ឃុំ​ស្វាយ​​ធំ អាជ្ញាធរ​បាន​ចែក​ដី​លំនៅ​ឋាន​ទំហំ​៦០,៥​ម៉ែត្រ​x៥០​ម៉ែត្រ​ឲ្យ​សង់ផ្ទះ​រស់នៅ ។

រហូត​មក​ដល់​ឆ្នាំ​១៩៨៥ ឈ្មោះ ប៉ា​ល់ សាន្ត ជា​ប្អូន​ដែល​មាន​ប្រពន្ធ​ឈ្មោះ វ័​រ ស៊ា​ន បាន​មក​សុំ​ដូរ​ដី​លំនៅ​ឋាន​របស់​លោកយាយ​ដែល​កំពុង​រស់នៅ​អា​ស្រ​យ័​ផល​ទំហំ​៦០,៥​ម៉ែត្រ x៥០​ម៉ែត្រ​នោះ​ដោយ​បញ្ជាក់​ថា គ្រាន់តែ​សុំ​ដូរ​ដីស្រែ តែ​មិន​យក​ដី​នេះ​ទៅ​ណា​ទេ ទុក​ឲ្យបងស្រី​រស់នៅ​លើ​ដី​នេះ​ដដែល ហេតុនេះ
ហើយ​ទើប​លោកយាយ​យល់ព្រម ។

ក្រោយមក ឈ្មោះ​ប៉ា​ល់ សាន្ត បាន​ទិញ​ដី ស្រែ​មួយ​កន្លែង​ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ​ពី​ផ្ទះ​លោកយាយ ដែល​មាន​ទំហំ​ប្រមាណ​៤០​ម៉ែត្រ​x ១០០​ម៉ែត្រ ឲ្យ​លោកយាយ​ធ្វើស្រែ​ដោយ​ចែក​ផល​គ្នា ។ លោកយាយ​បាន​ធ្វើស្រែ​ហើយ​កិន​ជា​អង្ករ​ឲ្យ​រាល់​ឆ្នាំ ដូច្នេះ​ការ​ដូរ​ដី​គឺ​គ្រាន់តែ​និយាយ​ថា​ដូរ ដោយ​គ្មាន​ជា​លាយលក្ខណ៍អក្សរ​ទេ រីឯ​ថ្នូរ​ក៏​មិន​បាន​ឲ្យ​ដែរ​គឺ​ធ្វើស្រែ​ប្រវាស់ ។

ក្រោយមក​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៨៨ លោកយាយ​បាន​យក​ដីស្រែ​មួយ​កន្លែង​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ផ្ទះ ទៅ​សុំ​ដូរ​ដី​លំ​នៅ​ឋាន​របស់​ឈ្មោះ ណឹ​ប ជួន មាន​ទំហំ​២៤,៥​ម៉ែត្រ​x៦០​ម៉ែត្រ ដែល​មាន​ព្រំ​ជាប់​គ្នា​ដើម្បី​បាន​ជាប់​គ្នា ហើយ​ឈ្មោះ ណឹ​ប ជួន បាន​យល់​ព្រម​និង​បាន​ធ្វើ​កិច្ចសន្យា​ដូរ​ដី​គ្នា​កាន់កាប់​ដល់​សព្វថ្ងៃ ។

លោកយាយ​រៀបរាប់​ទៀត​ថា នៅ​ឆ្នាំ​២០១៣ ប្អូនប្រុស​លោកយាយ​ឈ្មោះ ប៉ា​ល់ សាន្ត បាន​និយាយ​ទិញ​ដី​គេ​ជូន​គាត់​ជា​បង ឯ​ដី​គាត់​នោះ​គេ​យក ឯ​លោកយាយ​ក៏​មិន​បាន​ឆ្លើយ​បែប​ណា​ទេ​គឺ​នៅ​ស្ងៀម ។ បន្ទាប់​មក ឈ្មោះ ប៉ា​ល់ សាន្ត ជា​ប្អូន​បាន​ទិញ​ដី​របស់​ឈ្មោះ សូរ ផុ​ន មាន​ទំហំ​១០​ម៉ែត្រ​X២៨​ម៉ែត្រ​ក្នុង​តម្លៃ​៣.០០០​ដុល្លារ​ដើម្បី​យក​មក​ដូរ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ឲ្យ​លុយ​ម្ចាស់​ដី​ទេ ឈ្មោះ ប៉ា​ល់ សាន្ត មាន​ជំងឺ​ក៏​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង ហើយ​ប្រពន្ធ ប៉ា​ល់ សាន្ត ឈ្មោះ វ័​រ ស៊ា​ន បាន​ហៅ​លោកយាយ​ឲ្យ​ទៅ​ភ្នំពេញ​យក​ប្រាក់​៥០០​ដុល្លារ​មក​កក់​ថ្លៃ​ដី​របស់​ឈ្មោះ សូរ ផុ​ន ។

នៅ​ថ្ងៃ​ទី​៨ ខែមេសា ២០១៣ ឈ្មោះ ប៉ា​ល់ សាន្ត បាន​ស្លាប់ ហើយ​ក្រោយ​ពី​ធ្វើ​បុណ្យសព​រួចរាល់ លោកយាយ​បាន​ទៅ​ភ្នំពេញ​ប្រាប់​ឈ្មោះ វ័​រ ស៊ា​ន ជា​ប្អូនថ្លៃ​ថា​យក​លុយ​ថ្លៃ​ដី​ទៅ​ឲ្យ​គេ​បង្គ្រប់ ស្រាប់តែ​ថា​គ្មាន​លុយ​ទេ ឯ​ប្រាក់​កក់​នោះ​ក៏​ដាច់​ទៅ ។ លុះ​ក្រោយមក ស្រាប់តែ​ឈ្មោះ វ័​រ ស៊ា​ន និង​កូនស្រី​ឈ្មោះ ប៉ា​ល់
សា​រិ​ន បាន​ទៅ​ផ្ទះ​លោកយាយ​ហើយ​ប្រាប់​ឱ្យ​គាត់​រើ​ផ្ទះ​ចេញពី​ដី​នេះ​ទៅ ព្រោះ​ដី​នេះ​ជា​ដីឪពុក​គេ​ទេ ។

ពេល​នោះ​លោកយាយ​ប្រាប់​ថា ដី​ដែល​ដូរ​គឺ​ដី​ខាងត្បូង​ទំហំ​៦០,៥​ម៉ែត្រ​x៥០​ម៉ែត្រ ចំណែក​ដី​របស់​គាត់​ទំហំ​២៤,៥​ម៉ែត្រ​x៦០​ម៉ែត្រ ខាងជើង​ដែល​សង់ផ្ទះ​នៅ​រាល់​ថ្ងៃនេះ​មិន​ទាន់​ដូរ​ទេ ។ ដូច្នេះ​គាត់​មិន​ចេញ​ទេ ពីព្រោះ​ដី​នេះ​គាត់​ដូរ​ជាមួយ​ឈ្មោះ ណឹ​ប ជួន ចំណែក​ដី​ឪពុក​ពួក​គេ​ទិញ​ពី​ឈ្មោះ​សូរ ផុ​ន យក​មក​ដូរ
នោះ ម្តាយ​ឯង​គ្មាន​លុយ​ឲ្យ​គេ​គ្រប់​គឺ​ដាច់​ប្រាក់​កក់ ហើយ​ម្ចាស់​គេ​ក៏​លែង​លក់​ដែរ ។ ស្រាប់តែ​ពេល​នោះ​ឈ្មោះ វ័​រ ស៊ា​ន ជា​ប្អូនថ្លៃ​និង​កូន​បង្ហាញ​ប្លង់​ស្លាបមាន់​(​ប័ណ្ណ​សម្គាល់​សិទ្ធិ​ប្រើ​ប្រាស់​​អចលនទ្រព្យ​) ទើប​លោកយាយ​ភ្ញាក់ព្រើត​មិន​នឹក​ស្មានថា ប្អូនប្រុស ប៉ា​ល់ សាន្ត លួច​ឃុបឃិត​ធ្វើ​ប្លង់​ដី​រំលោភ​យក​ដី​របស់​គាត់​ទាំង​២​ប្លង់​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​បែប​នេះ​ឡើយ ។

លោកយាយ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលា​ដំបូង​ខេត្ត សុំ​ឲ្យ​រក​យុត្តិធម៌ ហើយ​លោក​ចៅក្រម​សាលាដំបូង​ខេត្ត បាន​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ដល់ទី​តាំង​ដី​មាន​ទំនាស់ ។ ជា​លទ្ធផល​គឺ​មាន​សាក្សី​ជា​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ភូមិឃុំ​បញ្ជាក់​ថា ដី​ទំនាស់​នោះ​ពិតជា​ដី​របស់​លោក យាយ​ប្រាកដ​មែន ហើយ​លោក​ចៅក្រម​បាន​សម្រេច​សាលក្រម​ឲ្យ​លោកយាយ​ឈ្នះក្តី​នេះ ។ ប៉ុន្តែ​ឈ្មោះ វ័​រ ស៊ា​ន ចុង​ចម្លើយ​មិន​ព្រម​ក៏​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​លោក​ចៅក្រម​សាលាឧទ្ធរណ៍​ពិនិត្យ​សំណុំរឿង​ហើយ បាន​បើក​សវនាការ​សម្រេច សាលដីកា​ឲ្យ​លោកយាយ​ឈ្នះក្តី​ទៀត ។ ប៉ុន្តែ​ឈ្មោះ វ័​រ ស៊ា​ន មិន​ព្រម​បញ្ចប់​ក្តី​ទេ និង​បាន​ប្តឹង​សា​ទុក​ទៅ​តុលាការ​កំពូល ហើយ​តុលាការ​កំពូ​ល​បាន​បង្វិល​សំណុំរឿង​ឲ្យ​មក​សាលាឧទ្ធរណ៍​ពិនិត្យ​និង​បើក​សវនាការ​ឡើង​វិញ ។ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ លោក​ចៅ​ក្រម​ដែល​មាន​លោក ធូ មណី ជា​ប្រធាន
ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បើក​សវនាការ​កាត់ក្តី សម្រេច​ឲ្យ​លោកយាយ​ចាញ់ក្តី​ទៅ​វិញ ។

ហេតុនេះ​ហើយ ទើប​លោកយាយ​សំពះ​សុំ​ឲ្យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​​ឲ្យ​គាត់​ផង ពីព្រោះ​សព្វថ្ងៃ​លោក​យាយ​ជា​ស្ត្រី​មេម៉ាយ ហើយ​ចាស់ជរា​ចឹ​ញ្ចឹ​ម​ចៅ​ម្នាក់ រីឯ​កូន​ៗ​មាន​ប្តី​មាន​ប្រពន្ធ​ចេញ​ទៅ​រស់នៅ​រកស៊ី​រៀង​ៗ​ខ្លួន​អស់ហើយ ។ លោក​យាយ​នៅ​សល់​តែ​ដី​លំនៅ​ឋាន​ទំហំ​២៤,៥​ម៉ែត្រ​x៦០​ម៉ែត្រ សង់ផ្ទះ​តូច​មួយ​ខ្នង​រស់នៅ​ជាមួយ​ចៅប្រុស​កំពុង​សិក្សា​ដោ​យ​មាន​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច សូម​សម្តេច​មេត្តា​ជួយ​រក​យុត្តិធម៌​ដោយ​អនុគ្រោះ ។

ទាក់ទិន​ករណី​នេះ ប្រជាពលរដ្ឋ​ជាង​១០០ គ្រួសារ ព្រមទាំង​លោក​មេ​ភូមិ​ពពារ​និង​ក្រុម​ប្រឹក្សា​ឃុំ​ស្វាយ​ធំ បាន​អំពាវនាវ​សូម​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​លោកយាយ​ផង​ដែរ ដោយ​បញ្ជាក់​ថា​លោក​យាយ ប៉ា​ល់ ស៊ា​ន ពិតជា​មិន​ទាន់​បាន​ដូរ​ដី​ទំហំ​២៤,៥​ម៉ែត្រ​x៦០​ម៉ែត្រ​ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ