ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ប្រណាំង​ម៉ូតូ​ដល់​ណា​ហើយ​នៅ​ក្នុង​ពេល​​នេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បង្ហាញខ្លួន កាលពី​ឆ្នាំ​២០១៦ កីឡា​ប្រណាំង​ម៉ូតូ​ដែល​ត្រូវ បាន​អ្នកជំនាញ​អះអាង​ថា នឹង​ខ្លាំង​មិន​ចាញ់ ប្រទេស​ក្នុង​តំបន់​នោះ​មក​ដល់​ពេល​នេះ​បែរជា​ស្ងាត់​សកម្មភាព ។ ក្នុង​នោះ​សូ​ម្បី​តែ​ទីលាន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បង្ហាញខ្លួន កាលពី​ឆ្នាំ​២០១៦ កីឡា​ប្រណាំង​ម៉ូតូ​ដែល​ត្រូវ បាន​អ្នកជំនាញ​អះអាង​ថា នឹង​ខ្លាំង​មិន​ចាញ់ ប្រទេស​ក្នុង​តំបន់​នោះ​មក​ដល់​ពេល​នេះ​បែរជា​ស្ងាត់​សកម្មភាព ។ ក្នុង​នោះ​សូ​ម្បី​តែ​ទីលាន ប្រណាំង​ម៉ូតូ King Track Circuit ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ក៏​ពុំ​មាន​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ណាមួយ​ធំដុំ​ដូច​មុន​ឡើយ​។

លោក គង់ ធា​រ៉ា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ និង​ជា​អ្នកគ្រប់គ្រង​ទីលាន King Track Circuit បាន​សារភាព​សកម្មភាព​ទីលាន​របស់​លោក និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ជ្រើសរើស​ជើងឯក ឬ បញ្ជូន​ឱ្យ​ចេញ​ប្រកួត​ក្រៅប្រទេស គឺ​មិនសូវ​មាន​ទេ ដោយសារ​តែ​ខ្វះ​ហិរញ្ញវត្ថុ​គាំទ្រ ឬ និយាយ​​យ៉ាង​ខ្លី​ថា មិនសូវ​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ ដើម្បី​ឱ្យ​មាន​លទ្ធភាព ។

ម្យ៉ាង​មក​ពី​កីឡា​មួយ​នេះ ទាមទារ​ឱ្យ​អ្នកលេង​ត្រូវ​តែ​មាន​ជីវភាព​ល្អ​ផង ទើប​ជា​ឧបសគ្គ​ក្នុង​ការ​ពង្រឹង ។ លោក​បញ្ជាក់​ថា ការ​ប្រណាំង​ម៉ូតូ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​ទៅ ត្រឹមតែ​ជួយ​ឱ្យ​វិស័យ​មួយ​នេះ​របស់​កម្ពុជា​រក​ឃើញ​អ្នកជំនាញ​ជិះ​ម៉ូតូ​ប៉ុណ្ណោះ តែ​ក៏​ជា​ការ​ជំរុញ​សម្រាប់​អ្នក​ចង់​ប្រឡូក​កីឡា​ប្រណាំង​ម៉ូតូ​ផង​ដែរ ។ យ៉ាងណាមិញ លោក​នៅ​តែ​អះអាង​ថា វិស័យ​មួយ​នេះ មិន​ពិបាក​ក្នុង​ការ​ជំរុញ​នោះ​ទេ ចាប់តាំងពី​ទីលានប្រណាំង​ម៉ូតូ​ស្ដង់ដារ​មួយ​នៅ​ម្ដុំ​វត្ត​ឃ្មួ​ញ​ត្រូវ​បាន​ដំណើរការ ។

លោក​ថា អ្នកជំនាញ​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​ភាគច្រើន​ប្រើ​កម្លាំង​ម៉ូតូ​ប្រភេទ​១១០cc, ១២៥cc,១៥០cc និង​កម្លាំង​ធំ​ជាង​១៥០cc ដែល​ជា​ប្រភេទ​ម៉ូតូ​កែ​ច្នៃ ។ លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​ប្រណាំង​ម៉ូតូ​តែ​៤​កម្រិត​ដែល​បាន​រៀបរាប់​ខាងលើ​ប៉ុណ្ណោះ ចំណែក​ប្រភេទ​ផ្សេង​គឺ​មិនសូវ​មាន​ទេ ទើប​ក្នុង​ពេល​បើក​​ប្រកួត​ទីលាន​របស់​លោក​សម្រេច​យក​តែ​៤​ប្រភេទ​នោះ ដោយ​សូ​ម្បី​តែ​អ្នក​មក​ជួល​ទីលាន​របស់​លោក​​ប្រណាំង​ម៉ូតូ ឬ​ហ្វឹកហាត់​ជិះ​ម៉ូតូ ក៏​ច្រើន​តែ​ក្នុង​ប្រភេទ​កម្លាំង​ម៉ូតូ​ដែល​បាន​កំណត់​នោះ​ដែរ ។

លោក​ថា តាំងពី​បើក​ដំណើរការ​ទីលាន លោក និង​សហព័ន្ធ​ប្រណាំង​ម៉ូតូ​កម្ពុជា​ទើបតែ​បាន​រួម​គ្នា​បើក​ការ​ប្រកួត​ផ្លូវការ​បាន​មួយ​លើក​ប៉ុណ្ណោះ ដោយ​លោក​ប្រកាស​ថា​នឹង​រៀប​គម្រោង​ប្រកួត​ជា​លើក​ទី​២ និង​ជា​លើក​បន្តបន្ទាប់​ទៀត ដើម្បី​លើក​ស្ទួយ​វិស័យ​ប្រណាំង​ម៉ូតូ​ដែល​មិនសូវ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ មាន​សន្ទុះ​ឈាន​ឡើង ។ លោក​បាន​ទាំង​ប្រកាស​ថា នឹង​ធ្វើ​អោយ​ទីលាន King Track Circuit ក្លាយជា​ទីលានប្រណាំង​ម៉ូតូ​លំដាប់​អន្តរជាតិ ដោយ​គម្រោង​ពង្រីក​អោយ​មានការ​ប្រណាំង​ម៉ូតូ​ជា​ទ្រង់​ទ្រាយ​ធំ​កាលពី​ឆ្នាំ​២០១៨​ក៏​ត្រូវ​ពន្យារពេល ដោយសារ​តែ​ខ្វះ​ធនធាន​ឧបត្ថម្ភ និង​ខ្វះ​កំណើន​កីឡាករ ។

មក​ទល់​ពេល​នេះ ទីលាន​របស់​លោក​បាន​ទទួល​អ្នក​ជួល​ហ្វឹកហាត់​មិន​ច្រើន​នោះ​ទេ ខណៈ​ដែល​លោក​ចំណាយ​ការ​រៀបចំ​ប្រកួត ដើម្បី​ទាក់ទាញ​ក៏​អស់​ទុន​ច្រើន តែ​កំណើន​អ្នក​មក​ហ្វឹកហាត់​ប្រណាំង​ម៉ូតូ​មិន​ដូច​ការ​រំពឹង​ទុក ។ យ៉ាងណាមិញ ក្រោយ​ការ​ប្រកាស​ដែល​ត្រូវ​បាន​គេ​ឮ​យ៉ាង​បើកចំហ​របស់​លោក គេ​បែរជា​កត់សម្គាល់​ឃើញ​ទីលាន​របស់​លោក​មិនសូវ​មាន​សកម្មភាព​ដូច​មុន ។ ធៀប​នឹង​រយៈពេល​នៃ​ការ​បើក​សម្ពោធ​ភ្លាម​ៗ មក​ទល់​ពេល​នេះ គឺ​សកម្មភាព​មានការ​ប្រែប្រួល​មិន​ដូច​គ្នា​ទេ សូ​ម្បី​តែ​អ្នកចូលរួម​ហ្វឹកហាត់ និង​ចូលរួម​ប្រណាំងប្រជែង​ក៏​មិនសូវ​សស្រាក់សស្រាំ​ដែរ ។

លោក គង់ ធា​រ៉ា បាន​អះអាង​ថា ហេតុផល​ដែល​សកម្មភាព​នៅ​ក្នុង​ទីលាន​របស់​លោក​មិនសូវ​មាន​ភាព​គគ្រឹកគគ្រេង​ដូច​ការ​ប្រកាស​ឡើង គឺ​ដោយសារ​តែ​លោក​ខ្វះ​ដៃគូ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង ហើយ​ខ្វះ​ព្រឹត្តិការណ៍​ប្រកួតប្រជែង គឺ​អ្នក​ចង់​ហ្វឹកហាត់ និង​អ្នក​ចង់​ក្លាយជា​កីឡាករ​អាជីព​ក៏​មានការ​កាត់​បន្ថយ ។

លោក​ទទួលស្គាល់​ថា ទីលាន​របស់​ខ្លួន ចាប់ផ្ដើម​ស្ងប់ស្ងាត់​ជាង​មុន ដោយសារ​តែ​ខ្វះ​ដៃគូ​រៀបចំ​ការ​ប្រកួត ក្នុង​ពេល​ដែល​លោក​ក៏​ចាប់ផ្ដើម​ទម្លាក់​ដៃ ក្នុង​ការ​ស្វះស្វែង​ធ្វើ​អោយ​ដើរ​លើ​វិស័យ​នេះ ដូច​អ្វី​ដែល​ធ្លាប់​អះអាង​នោះ​ផង​។ លោក​ថា ដើម្បី​ទាក់ទាញ​អ្នក​ចូល​ហ្វឹកហាត់​អោយ​បាន​ច្រើន ទី​១​លុះត្រាតែ​មាន​កញ្ចប់​ហ្វ្រី​ដល់​អ្នក​ចង់​ហ្វឹកហាត់ និង​ត្រូវ​មានការ​លើកទឹកចិត្ត​ផ្សេង​ទៀត​សម្រាប់​អ្នកមាន​ទេព​កោសល្យ ប៉ុន្តែ​មក​ពី​កញ្ចប់​ទាំងនេះ​មិន​មាន ទើប​លោក​យល់​ថា​គឺជា​រឿង​លំបាក​មួយ ដោយសារ​តែ​លោក​ក៏​មិន​អាច​ចំណាយ​លុយ​រៀបចំ​ទីលាន​អស់ប្រាក់​ខ្ទង់លាន​ហើយ​ឱ្យ​ហ្វឹកហាត់​ដោយ​មិន​គិតថ្លៃ ខណៈ​ដែល​កីឡាករ​ដែល​មាន​លុយ​មក​ហ្វឹកហាត់ ក៏​ហ្វឹកហាត់​តាម​គ្នា និង​មិនសូវ​យូរអង្វែង ព្រោះតែ​គ្មាន​ការ​ជ្រោមជ្រែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ