រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញទីផ្សាដីឡើងថ្លៃ មួយរយៈពេលនេះសម្តេច ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទម្លាយឲ្យដឹងថា ទីផ្សារដីឡើងថ្លៃក៏មកពីមនុស្សមួយក្រុមដែលយកលុយខៅ្ម ឬប្រផេះមកចាយវាយ ឬទិញដីនៅកម្ពុជា ។

សម្តេចបានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ថា តាមព័ត៌មានខ្ញុំបានដឹងទីផ្សារដីឡើងថ្លៃក៏ដោយសារមនុស្សមួយក្រុមដែលយកលុយខៅ្ម ឬប្រផេះមកចាយវាយនៅកម្ពុជា ទើបធ្វើឲ្យទីផ្សារដីឡើងថ្លៃផងដែរ ។

សម្តេចបន្តថា យកលុយបែបនេះ ហើយគ្មានប្រភពច្បាស់លាស់នឹងធ្វើឲ្យកើតបញ្ហាចំពោះប្រទេសជាតិផងដែរ ។ ករណីនេះប្រទេសក៏ត្រូវបានកំពុងតែហៅប្រទេសកម្ពុជាយើង ជា ប្រទេសប្រផះផងដែរ ។ សម្តេចក៏បានស្នើដល់សមត្ថកិច្ចធ្វើការចាត់វិធានការឲ្យបានម៉ឹងម៉ាត់ចំពោះអ្នកដែលនាំលុយបែបនេះចូលមកក្នុងប្រទេស ដោយមិនត្រូវលើកលែងនោះទេ ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង នេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនអ្នកនាំថវិកាជាច្រើនរាប់រយលានដុល្លារ កាលពេលថ្មីៗនេះនៅច្រកព្រលានយន្តហោះអន្តរជាតិ ដែលអ្នកដែលនាំចូលនោះជាជនជាតិចិន ។ សូមបញ្ជាក់ផងដែរថា ការលើកឡើងរបស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃនេះ ស្របពេលដែលដីនៅតាមបណ្តាខេត្តមួយចំនួនបានហក់ឡើងថ្លៃយ៉ាងខ្លាំងក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ស្ពឺជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ