ខេត្តបន្ទាយមានជ័យ ៖ ដើម្បីលើកកំពស់ការយល់ដឹង និងកាត់បន្ថយអាត្រាការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៌ដែលតែងតែកើតមានឡើងជាយថាហេតុ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានសហការជាមួយនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩នេះ បានចុះធ្វើការណែនាំដល់អ្នកបើកបរយានយន្តដែលធ្វើអាជីវកម្មលើមធ្យោបាយទោចក្រយានយន្តកង់បី (តុក តុក), ត្រីចក្រយានយន្ត Pass App&Grab, ម៉ូតូសណ្តោងរ៉ឺម៉ក និងទោចក្រយានយន្តកម្លាំងចាប់ពី125CCឡើង ឬម៉ូតូដែលប្រើថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់ ត្រូវទៅចុះឈ្មោះចូលរៀនច្បាប់ចរាចរណ៍ផ្លូវគោក និងជំនាញបើកបរឲ្យបានគ្រប់គ្នា។

ការចុះណែនាំជាលើកដំបូងនៅក្រុងប៉ោយប៉ែតនេះ សមត្ថកិច្ចចម្រុះធ្វើឡើងចំណុចដងផ្លូវជាតិលេខ៥មុខធនាគារអេស៊ីលីដា ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត និងក្រុងប៉ោយប៉ែត ។ រាល់យានយន្តពាក់ព័ន្ធដូចមានក្នុងសេចក្តីណែនាំត្រូវបានសមត្ថកិច្ចចម្រុះហៅអ្នកបើកបរណែនាំដោយអានសេចក្តីជូនដំណឹងឲ្យស្តាប់ ហើយមុនឲ្យបន្តដំណើរ សមត្ថកិច្ចក៏បានប្រគល់សេចក្តីជូនដំណឹងម្នាក់១ច្បាប់ទៀតផង។

ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៌ផ្លូវគោកនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត លោកពុធ ញៀនដារិន្ទ បានប្រាប់ឱ្យដឹងថា កាចុះណែនាំបាថ្ងៃនេះ ធ្វើឡើងសម្រាប់តែម៉ូតូកង់បី, ម៉ូតូអូសរ៉ឺម៉ក, ម៉ូតូកង់បី Pass App ពិសេសម៉ូតូដែលមានទំហំស៊ីឡាំងលើសពី125ccឡើងទៅ ឬម៉ូតូដែលប្រើថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់ឡើងទៅ អ្នកបើកបរត្រូវទៅចុះឈ្មោះរៀនច្បាប់ចរាចរណ៍ដើម្បីសុំប្រឡងយកប័ណ្ណបើកបរប្រភេទ(ក)។

លោកបញ្ជាក់ថា រយៈពេលរៀននេះត្រឹមតែ១ថ្ងៃទេ រាល់ម៉ោងធ្វើការ ហើយថាបើប្រឡងមិនជាប់អាចចុះឈ្មោះរៀនជាថ្មីដើម្បីសុំប្រឡងម្តងទៀត។ លោកថា កាលពីចុងខែមេសា ឆ្នាំ២០១៩ ក៏បានជូនដំណឹងខាងលើតាមរយៈនគរបាលចរចរណ៍ និងមានកាផ្សព្វផ្សាយដែរ តែមកទល់ពេលនេះ គ្មានអ្នកបើកបរទៅចូលរួមតាមកាណែនាំឡើយ ហើយលោកបារម្ភថា លុះចុងខែកក្កដាខាងមុខនេះ នៅពេលសមត្ថកិច្ចចាប់ផ្តើមអនុវត្តច្បាប់ត្រួតពិនិត្យរកប័ណ្ណបើកបរប្រភេទ(ក) ក្រែងមានពលរដ្ឋថ្នាំងថ្នាក់ ទើបចុះមកណែនាំជាថ្មី។

យ៉ាងណាក៏ដោយ មន្ត្រីខាងលើអំពាវនាវយ៉ាងទទូច សូមឲ្យពលរដ្ឋដែលមានមធ្យោបាយដឹកជញ្ជូនដូចបានណែនាំខាងលើនេះ អញ្ជើញរួសរាន់ទៅចុះឈ្មោះចូលរៀនច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីដាក់ពាក្យសុំប្រឡងយកប័ណ្ណបើកបរឲ្យបានគ្រប់គ្នាៗ ចៀសវាងប្រឈមនឹងបញ្ហាផ្សេងៗកើតឡើង ពេលសមត្ថកិច្ចចាប់ផ្តើមអនុវត្តច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)









ចែករំលែកព័តមាននេះ