ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋក្នុងឃុំដូនកែវ សប្បាយចិត្តក្រោយប្រឡាយបុរាណត្រូវបានស្ដារ ដើម្បីស្រោចស្រពដំណាំ

10 ម៉ោង មុន

ក្រុង​សៀមរាប ៖ គម្រោង​ស្ដារ​ប្រឡាយ​បុរាណ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឃុំ​ដូន​កែវ បាន​ផ្ដល់​ប្រយោជន៍​សំខាន់​លើ​ការ​អភិរក្ស​ប្រឡាយ​ទឹក​បុរាណ ទេសភាព​វប្បធម៌ និង​រក្សា​ទឹក​ទុក​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៤…

ក្រុង​សៀមរាប ៖ គម្រោង​ស្ដារ​ប្រឡាយ​បុរាណ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឃុំ​ដូន​កែវ បាន​ផ្ដល់​ប្រយោជន៍​សំខាន់​លើ​ការ​អភិរក្ស​ប្រឡាយ​ទឹក​បុរាណ ទេសភាព​វប្បធម៌ និង​រក្សា​ទឹក​ទុក​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីន​នេះ ។

រយៈពេល​២​ឆ្នាំ​មកនេះ គម្រោង​គ្រប់គ្រង​ទឹក​អង្គរ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ដើម្បី​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​សង្គម​សេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​កិច្ចសហការ​ជាមួយ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​(New Zealand) បាន​យកចិត្តទុកដាក់​ទៅ​លើ​ការងារ​ស្ដារ​ប្រឡាយ​ទឹក​បុរាណ​ចំនួន​២​ខ្សែ មាន​ប្រវែង​សរុប​៤៣៩០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ។

ប្រឡាយ​ទឹក​បុរាណ​ទាំង​ពីរ​ខ្សែ​នេះ បាន​បញ្ចប់​រួចរាល់​ជា​ស្ថាពរ និង​បាន​រួមចំណែក​ក្នុង​ការងារ​អភិរក្ស​ប្រឡាយ​ទឹក​បុរាណ ទេសភាព​វប្បធម៌ និង​ជា​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ចេញពី​តំបន់​អង្គរ និង​ក្រុង​សៀមរាប ព្រមទាំង​ជួយ​រំដោះ​ទឹកភ្លៀង​ចេញពី​ភូមិដ្ឋាន​របស់​ពលរដ្ឋ​ផង ។ ប្រឡាយ​២​ខ្សែ​នេះ​ក៏​មាន​តួនាទី​ជួយ​រក្សា​ទឹក​ទុក​សម្រាប់​ពលរដ្ឋ​ក្នុង​ឃុំ យក​ទៅ​ស្រោចស្រព​ស្រែ​ចម្ការ ដំណាំ និង​ផ្តល់​ផល​នេសាទ ព្រមទាំង​ធ្វើ​ជា​ផ្លូវ​ដី​តាម​ខ្នង​ទំនប់​សងខាង​ប្រឡាយ សម្រាប់​ពលរដ្ឋ​ក្នុងភូមិ​អាច​ធ្វើ​ចរាចរ និង​ដឹក​ជញ្ជូន​កសិផល​ជាដើម​។

បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​ក្នុងភូមិ​មួយ​ចំនួន កំពុង​ទទួល​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​គម្រោង​ស្ដារ​ប្រឡាយ​បុរាណ​២​ខ្សែ​នេះ ដូច​ជា ភូមិ​គោក​ត្នោត ភូមិ​ប្រាសាទ​ចា​រ្យ និង​ភូមិ​ល្បើក ។

ជាមួយ​គ្នា​នេះ មាន​ពលរដ្ឋ​នៅ​ភូមិ​ខ្លះ​ទៀត ក៏​ទទួលផល​ដោយ​ប្រយោល​ពី​ប្រឡាយ​បុរាណ​នេះ​ដែរ ដូច​ជា​ភូមិ​នគរ​ក្រៅ ភូមិ​គោក​បេង ភូមិ​គោក​ពោធិ៍ ភូមិ​រហាល ភូមិ​ពាម និង​ភូមិ​តា​ស្នែ ជាដើម ។
ដើម្បី​ជា​ការ​រួមចំណែក​ក្នុង​ការ​គ្រប់គ្រង​ទឹក​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ដូន​កែវ ស្រុក​ពួក​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព គម្រោង​AWR ក៏​បាន​ធ្វើការ​សាងសង់​សំណង់​ធារាសាស្ត្រ​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ប្រឡាយ​ទាំងនេះ​ថែម​ទៀត ដូច​ជា សំណង់​ទ្វារ​ទឹក​ថ្មី​ចំនួន​៤​កន្លែង សំណង់​បង្ហៀរ​១​កន្លែង និង​ជួសជុល​ទំនប់​សងខាង​ប្រឡាយ​ប្រវែង​១០០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ